ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វូង​ដំរីព្រៃ​បង្ហាញ​វត្តមាន​កើនឡើង​ជាង​បណ្តា​ឆ្នាំ​មុន​ៗ​​តាម​តំបន់ការពារធម្មជាតិ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធាន​ភ្នំពេញ ​៖ អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បានបញ្ជាក់​ថា​ ថ្មី​ៗ​កន្លង​មកនេះ ហ្វូង​ដំរីព្រៃ​ ឬ​ដំរី​អាស៊ី បាន​បង្ហាញខ្លួន​នៅ​តាម​តំបន់ការពារធម្មជាតិ​ក្នុង​ខេត្តមណ្ឌលគិរី ដែល​មាន​ចំនួន​ច្រើន​ជាង​ការ​មើលឃើញ​ជាង​បណ្តា​ឆ្នាំ​កន្លង​ទៅ​។ លោក ខ្វៃ…

រាជធាន​ភ្នំពេញ ​៖ អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បានបញ្ជាក់​ថា​ ថ្មី​ៗ​កន្លង​មកនេះ ហ្វូង​ដំរីព្រៃ​ ឬ​ដំរី​អាស៊ី បាន​បង្ហាញខ្លួន​នៅ​តាម​តំបន់ការពារធម្មជាតិ​ក្នុង​ខេត្តមណ្ឌលគិរី ដែល​មាន​ចំនួន​ច្រើន​ជាង​ការ​មើលឃើញ​ជាង​បណ្តា​ឆ្នាំ​កន្លង​ទៅ​។

លោក ខ្វៃ អាទិ​ត្យា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ ២០២៤​ថាបើ​តាម​មន្ត្រី​ឧ​ទ្យា​នុ​រក្ស បាន​សង្កេត​លើ​វត្តមាន​ដំរីព្រៃ ដែល​ធ្វើ​ដំណើរ​ក្នុង​តំបន់​ព្រៃ ហើយ​ពេល​ខ្លះ​បាន​ចូល​មក​ក្នុង​សហគមន៍​តំបន់ការពារធម្មជាតិ ជា​ហ្វូង​ៗ​ចន្លោះ​ពី​២០​ទៅ​៣០​ក្បាល ដែល​ចំនួន​នេះ មានការ​កើនឡើង​ពី​ចំនួន​៣​ទៅ​៥ ក្បាល ដែល​បាន​បង្ហាញខ្លួន កាលពី​ពេល​កន្លង​ទៅ​ ។

អ្នកនាំពាក្យ​បាន​បញ្ជាក់​ថា​ ​«នេះ​ជា​សញ្ញា​បញ្ជាក់​ថា ពួក​វា​រស់នៅ​សុខសាន្ត និង​បង្កើត​កូនចៅ​ជា​បន្តបន្ទាប់ បាន​ធានា​ការ​គ្រប់គ្រង​ធនធានធម្មជាតិ ការ​អភិរក្ស​ជីវៈចម្រុះ​បាន​ល្អ ធានា​បាន​នូវ​ប្រព័ន្ធ​អេកូឡូស៊ី​បរិស្ថាន​បាន​ល្អ​ប្រសើរ នៅ​តាម​ប្រព័ន្ធ​ការពារ​ធម្ម​ជាតី ជា​ពិសេស​នៅ​ខេត្ត​មណ្ឌល​គី​រី ដែល​មាន​ប្រ​ប័​ន្ធ​ការពារ​ធម្មជាតិ ដូច​ជា​ដែនជម្រកសត្វព្រៃ ស្រែ​ពក ដែនជម្រកសត្វព្រៃ​លំ​ផាត់ ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច និង​ដែនជម្រកសត្វព្រៃ​កែវ​សេ​ម៉ា​ជាដើម» ​។

អ្នកនាំពាក្យ​ដដែល​បាន​លើក​ឡើង​ថា យោង​តាម​ការ​សិក្សា​វិភាគ​DNA​លើ​ចំនួន​សត្វ​ដំរីព្រៃ​របស់​មន្ត្រី​ជំនាញ​ក្រសួងបរិស្ថាន និង​ដៃគូ​សហការ នា​ពេល​កន្លង​មក ដំរី​អាស៊ី​មាន​ចំនួន​ប្រមាណ​៣៥០​ក្បាល នៅ​ក្នុង​តំបន់​ខ្ពង់រាប​ភាគ​ខាងកើត​ក្នុង​ខេត្ត​មណ្ឌល​គី​រី​។

សូម​បញ្ជាក់​ថា ដំរីព្រៃ​ ឬ​ដំរី​អាស៊ី កំពុង​រង​ការ​គំរាមកំហែង​លើ​ដែន​ជម្រក​របស់​វា​ធ្ងន់ធ្ងរ នៅ​ទូ​ទាំង​សកលលោក​។ ដំរីព្រៃ​ត្រូវ​បាន​ចាត់​បញ្ចូល​ជា​ប្រភេទ​ជិត​ផុត​ពូជ​នៅ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​សហភាព​អន្ដរជាតិ​ដើម្បី​ការ​អភិរក្ស​ធម្មជាតិ​(IUCN)​។ នៅ​ក្នុង​ប្រទេស​កម្ពុជា ដំរី​អាស៊ី​មាន​ចំនួន​ប្រមាណ​ពី ៤០០ ទៅ​៦០០​ក្បាល ដែល​ភាគច្រើន​រស់នៅ​ក្នុង​តំបន់​ជួរ​ភ្នំក្រវាញ និង​តំបន់​ខ្ពង់រាប​ភាគ​ខាងកើត​ក្នុង​ខេត្ត​មណ្ឌល​គី​រី​។

ម្យ៉ាងទៀត ក្រសួងបរិស្ថាន​បាន​បង្កើត​ផែនការ​សកម្មភាព​អភិរក្ស​ដំរីព្រៃ ២០២០-២០២៩ នេះ​ឡើង ដែល​កំណត់​នូវ​បញ្ហា​អាទិភាព​ចំនួន​៦ និង​ដាក់​ចេញ​សកម្មភាព​យុទ្ធសាស្ត្រ សម្រាប់​ដោះស្រាយ​បញ្ហា​ទាំងនោះ​ពិសេស​ការ​បន្ត​សិក្សា​ស្រាវជ្រាវ​និង​តាមដាន​វត្តមាន និង​របាយ​របស់​វា​តាម​រយៈ​ម៉ា​ស៊ី​ថត​ស្វ័យប្រវត្តិ និង​ការ​វិភាគ​DNA​លាមក​ជាដើម​។

កន្លង​មកនេះ ចំនួន​ដំរី​អាស៊ី​នេះ​ហាក់ដូចជា​មាន​ចំនួន​កើនឡើង​ដោយសារ​តែ​ពេល​ថ្មី​ៗ បាន​រក​ឃើញ​ដំរី​ដើរ​ជា​ហ្វូង​ចាប់ពី​១០ រហូត​ដល់​ជាង ២០​ក្បាល ហើយ​ក្នុង​មួយ​ហ្វូង​ក៏​ឃើញ​មាន​វត្តមាន កូន​ដំរី​ដែល​ទើបនឹង​កើត​និង​មាន​វ័យ​ជំទុង មាន​ចំនួន​ច្រើន​នៅ​ក្នុង​ហ្វូង​របស់​វា​។

អ្នកនាំពាក្យ​ដដែល​បាន​លើក​ឡើង​ទៀត​ថា​ដើម្បី​ធានា​ថា ​ដំរី​អាស៊ី​ទទួល​បានការ​ការពារ​ហ្មត់ចត់ និង​អាច​មានឱកាស​បង្កើន​ចំនួន​របស់​វា​នៅ​ក្នុង​ធម្មជាតិ​ឡើង​វិញ​បន្ថែម​ទៀត សម្រាប់​បន្សល់​ទុកជា​កេរ​មរកត​ដល់​មនុស្ស​ជំនាន់​ក្រោយ ស្រប​តាម​ការ​អនុវត្ត​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន ដែល​សង្កត់ធ្ងន់​លើ​មុំ​យុទ្ធសាស្ត្រ​អាទិភាព​៣ គឺ​ស្អាត បៃតង និង​ចីរភាព ក្រសួងបរិស្ថាន ស្នើ​ឱ្យ​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ចូលរួម​ទប់ស្កាត់​ការ​បរបាញ់​សត្វព្រៃ ការ​ដាក់​អន្ទាក់ និង​ការ​កាប់​រុករាន​ដី​ព្រៃ​ក្នុង​តំបន់ការពារធម្មជាតិ និង​បង្កើន​ការ​ចូលរួម​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ ដាំ​ឈើ​ឱ្យ​បាន​ច្រើន​នៅ​តាម​មូលដ្ឋាន និង​ដាំ​ស្តារ​ព្រៃ​រេចរឹល បង្កើន​ភាព​បៃតង​និង​ឈាន​ទៅ​សម្រេច​គម្រប​ព្រៃ កើនឡើង​ឱ្យ​បាន៦០% នៃ​ផ្ទៃ​ប្រទេស​ត្រឹម​ឆ្នាំ​២០៥០៕​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ