ចប់ហើយពិធីបុណ្យចូលឆ្នាំ ដែលបន្សល់នូវអនុស្សាវរីយ៍សប្បាយៗជាច្រើនដល់ពលរដ្ឋខ្មែរ ។ ចប់ចូលឆ្នាំ ពលរដ្ឋភាគច្រើនបានចំណាយថវិកាអស់ច្រើនម៉ឺនរៀល ដើម្បីធ្វើបុណ្យទាន និងការសប្បាយ ដែលមាន រយៈពេល៤ថ្ងៃនោះ ។
ក្រៅពីការចំណាយលើម្ហូបអាហារ ទេយ្យទាន ប្រគេនព្រះសង្ឃ និងការធ្វើបុណ្យទានជាមួយឪពុកម្តាយ ។ ពលរដ្ឋបានចំណាយថវិកាលើអាហារ ការដើរកម្សាន្តជាច្រើនទៀតផងដែរ ។ ក្រៅពីនោះនៅមានការចំណាយនានាសម្រាប់ការសប្បាយនៅក្នុងការឱកាសចូលឆ្នាំដែរ ។ ដូចជា ទិញកាំភ្លើ.ងបាញ់ទឹក ម្សៅ សម្រាប់ប៉ាតគ្នា រួមទាំងការចំណាយលើស្រាបៀរ និងគ្រឿងស្រវឹង ដើម្បីការជួបជុំគ្នាទៀតផងដែរ ។
ទំនងជាគ្មានតំបន់ណា ដែលមិនលេងបាញ់ ឬជះទឹក ប៉ាតម្សៅ និងមិនទទួលទានគ្រឿងស្រវឹងនោះឡើយ ក្នុងរយៈពេលបួនថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីកន្លងមកនេះ ។
នៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិរយៈពេល៤ថ្ងៃ ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ មេសា ពលរដ្ឋមួយ ចំនួននៅគ្រប់បណ្តារាជធានីខេត្ត បាននាំគ្នាលេងជះទឹក និងប៉ាតម្ស៉ៅ យ៉ាងទ្រហឹងអឺងកង ។
អាជីវករបានអះអាងដូចៗគ្នាថា ការលក់កាំភ្លើ.ងជ័របាញ់ទឹក និងម្សៅនាំចូលក្នុងរដូវចូលឆ្នាំខ្មែរឆ្នាំនេះ ដាច់ខ្លាំងណាស់ បើធៀបនឹងឆ្នាំមុនៗ ។ អាជីវករច្រើនកន្លែងបាននិយាយឱ្យដឹងថា ក្នុងរយៈពេល៤ថ្ងៃ ពួកគេបានលក់កាំភ្លើ.ងជ័របាញ់ទឹកខ្ទង់រយដើមឯណោះក្នុងម្នាក់ៗ ។កាំភ្លើងបាញ់ទឹកនិងម្ស៉ៅ ភាគច្រើននាំចូលពីប្រទេសជិតខាងកម្ពុជាមានថៃ និងវៀតណាមជាដើម ។
លោកសុធី អ្នកលក់កាំភ្លើ.ងបាញ់ទឹកម្នាក់នៅភ្នំពេញ និយាយថាឆ្នាំនេះលោកលក់ដាច់ជាឆ្នាំមុនៗ ។ ក្នុងរយៈពេលបួននេះ លោកលក់អស់កាំភ្លើ.ងជាង២០០ដើម ។ «កាំភ្លើងបាញ់ទឹកមានតម្លៃពី១ម៉ឺនរៀល ដល់៦ម៉ឺនរៀលតាមប្រភេទរបស់វា។ ឆ្នាំនេះពលរេដ្ឋជាច្រើនបានចេញបាញ់ទឹកកម្សាន្ត ខ្ញុំបានលក់ដាច់កាំភ្លើងបាញ់ទឹកតាំងពីមួយសប្តាហ៍មុនពិធីបុណ្យចូលឆ្នាំមកដល់ម្លេះ» ។
ក្រៅពីរបស់បម្រើដល់ការកម្សន្តសប្បាយទាំងពីរខាងលើនេះ អ្នកលក់ស្រាបៀរ ក៏អះអាងថា ខ្លួនកាក់កបដែរ ។ នៅតាមផ្ទះភាគច្រើនបំផុតមួយគេសង្កេតឃើញមានការជួបជុំ ទទួលទានស្រាបៀរ និងគ្រឿងស្រវឹងផងដែរ នៅក្នុងឱកាសចូលឆ្នាំថ្មីបួនថ្ងៃនោះ ។
លោកស្រី សម្ផស្ស ពលរដ្ឋម្នាក់នៅខេត្តកំពង់ចាម និយាយថា ចូលឆ្នាំបួនថ្ងៃនេះ ប្អូនៗរបស់អ្នកស្រីបានទទួលទានស្រាបៀរអស់ប្រមាណជា៥កេស ដែលក្នុងមួយកេសមានតម្លៃ៥ម៉ឺនរៀល ។ «ខ្ញុំសង្កេតឃើញថា ពួកគេសប្បាយរីករាយណាស់ ។ ៤ថ្ងៃនេះគេជួបជុំគ្នាទាំងថ្ងៃទាំងយប់ ផឹកស៊ី ដ្បិតអីយូរៗទើបយើង មានឱកាសជួបគ្នាម្តង ។ យើងទទួលទានដោយការទទួលខុសត្រូវ យើងទទួលទានហើយគេង មិនដើរបង្ក ហេតុដល់អ្នកដទៃនោះទេ» ៕ដោយ សា រ៉ាន់
ចែករំលែកព័តមាននេះ