រាជធានីភ្នំពេញ ៖ មន្ត្រីជំនាញសាខា ក.ប.ប. រាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤នេះ បានចុះយុទ្ធនាការត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារជូនប្រជាពលរដ្ឋ ក្នុងមុនថ្ងៃចូលឆ្នាំថ្មី ក្នុងនោះ បានរកឃើញ មឹកបំពង់ មានសារធាតុគីមីហាមឃាត់ Formalin និងបង្គារមានចាក់ចាហ៊ួយ សរុបចំនួន១៣៥គីឡូក្រាម នៅតាមស្តង់លក់គ្រឿងសមុទ្រ នៅម្តុំត្រឡោកបែក ។
យោងតាមលទ្ធផលនៃការត្រួតពិនិត្យ បានរកឃើញ មឹកបំពង់មានសារធាតុគីមីហាមឃាត់ Formalin ចំនួន ៤៨គីឡូក្រាម និងបង្គារ មានចាក់ចាហ៊ួយ ចំនួន ៨៧គីឡូក្រាម ត្រូវបានរកឃើញ នៅតាមស្តង់លក់មួយចំនួន ម្តុំត្រឡោកបែក ស្ថិតនៅផ្លូវ៥៩៨ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
មន្ត្រីជំនាញសាខា ក.ប.ប. រាជធានីភ្នំពេញ បានធ្វើការដកហូត និងយកទៅបំផ្លាញចោល នូវផលិតផលបង្គារមានចាក់ចាហ៊ួយនេះ និងមឹកបំពង មានសារធាតុគីមីហាមឃាត់ តាមនីតិវិធី ។
សូមជម្រាបថា សារធាតុគីមីហាមឃាត់ ហ្វម៉ាលីន (Formalin) ឬ ថ្នាំចាក់ការពារសាកសព គឺជាសារធាតុគីមីដែលត្រូវបានហាមឃាត់ដាច់ខាត មិនឲ្យនៅក្នុងវិស័យម្ហូបអាហារដូចជា៖ ត្រី សាច់ បន្លែ ការកែច្នៃផលិតផលកសិកម្ម និងគ្រឿងសមុទ្រជាដើម ព្រោះថាវាអាចបង្តរឲ្យមានផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ដូចជា៖ បង្កទៅជាជំងឺមហារីកច្រមុះ, ពុល-សន្លប់ ឬអាចដល់ស្លាប់, ប៉ះពាល់ភ្នែក បំពង់ក និងដំណេកដង្ហើម, សម្រាប់ស្ត្រីអាចបណ្តាលឲ្យរលូតកូន, បង្កជាជំងឺមហារីកឈាម, គ្រោះថ្នាក់ដល់ក្រលៀន, រលាកប្រដាប់រំលាយអាហារ, ឈឺពោះ ក្អួតចង្កោរ និងរាគរួស ៕










ចែករំលែកព័តមាននេះ