រាជធានីភ្នំពេញ ៖ ទស្សនិកជន ជាពិសេស បណ្តាប្រិយមិត្តគាំទ្រក្រុមចម្រៀងវ័យក្មេង Hashtag band បានសម្តែងការភ្ញាក់ផ្អើល បន្ទាប់ពីគេបានឃើញវីដេអូខ្លីមួយដែលបញ្ចេញតាមបណ្តាញសង្គមពីក្រុមចម្រៀងមួយនេះ បង្ហាញពីសកម្មភាពនៃការសម្រេចចិត្តបញ្ឈប់ការសម្តែងច្រៀងរបស់ខ្លួនត្រឹមពាក់កណ្តាលទី ក្រោយជួបរឿងមិនពេញចិត្តមួយ ។
តាមរយៈវីដូនោះបង្ហាញថា ក្រុមចម្រៀង Hashtag band ត្រូវបានអញ្ជើញមកច្រៀងសម្តែងនៅក្នុងកម្មវិធីសង្ក្រាន្តវិទ្យាល័យមួយនាខេត្តកំពង់ចាម កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ ។ អំឡុងពេលនោះ ក្រុមចម្រៀង Hashtag band បាននឹងកំពុងសម្តែងច្រៀង ក៏ស្រាប់តែមានសម្លេងបុរសម្នាក់បានមកកាត់ដោយនិយាយតាមមេក្រូហ្វូនថា «សូមប្អូនៗណាដែលចង់រាំ ចាំបន្តិច ក្រុមតន្ត្រីយើងច្រើងតែ៣បទទេចប់វិញ» ។
ការលើកឡើងខាងលើនេះ បានធ្វើឲ្យក្រុមចម្រៀង Hashtag band សម្តែងការមិនសប្បាយចិត្ត និងចាត់ទុកសកម្មភាពនេះជាការមិនឲ្យតម្លៃអ្នកសិល្បៈ និងខ្វះសុជីវធម៌នៅក្នុងការរស់នៅ ដ្បិតក្រុមចម្រៀង Hashtag band ច្រៀងសម្តែងមិនទាន់ចប់ស្រួលបួលផងនោះ ។ តាមរយៈវីដេអូខ្លីដែលបង្ហោះលើបណ្តាញសង្គម ក្រុមចម្រៀង Hashtag band បានបកស្រាយរឿងរ៉ាវខាងលើនេះថា ក្រុមរបស់លោកពិតជាមានការសោកស្តាយ និងស្នើសុំឲ្យទស្សនិកជនគាំទ្រកុំមានការយល់ច្រឡំមកលើក្រុមរបស់លោក ក្នុងពេលដែលក្រុមលោកបានបញ្ឈប់ការសម្តែងត្រឹមពាក់កណ្តាលទី ។
ក្រុមចម្រៀង Hashtag band បានបញ្ជាក់ថា អំឡុងពេលនោះ ក្រុមរបស់លោកទើបតែសម្តែងបានត្រឹមតែ២បទប៉ុណ្ណោះ ក្នុងគម្រោងទុកដែលក្រុមត្រូវច្រៀងសម្តែងចំនួន៦បទ ដោយពេលនោះមានអ្នកគ្រប់គ្រងកម្មវិធីគាត់មកនិយាយបែបមិនអោយតម្លៃក្រុមរបស់លោក ។ ហេតុនេះ ក្រុមពួកលោកក៏សម្រេចចិត្តថា ចុះពីឆាកសម្តែងតែម្តង ហើយមិនមែនមកពីពួកលោកខ្វះសីលធម៌ដោយសម្តែងសុខៗក៏ចុះមកវិញបែបនេះ ។
យ៉ាងណា បើតាមក្រុមក្រុមចម្រៀង Hashtag band ក្រុមរបស់លោកក៏មានការសប្បាយចិត្តដែរ ដោយសារឃើញទស្សនិកដែលបានទៅទស្សនាផ្ទាល់គឺពួកគាត់មិនចង់ឲ្យក្រុមរបស់លោកឈប់នោះឡើយ ព្រោះពួកគាត់សប្បាយនឹងការសម្តែងរបស់ក្រុមលោក ។ ក្រុមរបស់លោកពិតសុំការអភ័យទោសពីសំណាក់ទស្សនិកជនគាំទ្រ ព្រោះទីណាដែលមិនឲ្យតម្លៃដល់ក្រុមលោក គឺក្រុមរបស់លោកមិនអាចនៅបានទេ ។
ដោយឡែក ពាក់ព័ន្ធបញ្ហាខាងលើនេះ ប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះសារខ្លីមួយតាមបណ្តាញសង្គមដោយសម្តែងការលើកទឹកចិត្តដល់ក្រុម Hashtag band ថា បងលើកទឹកចិត្តប្អូនៗ កុំបាក់ទឹកចិត្ត អ្នកណាមិនអោយតំលៃប្អូនៗ តែប្អូនៗមានតំលៃសម្រាប់អ្នកដែលគាំទ្រប្អូនៗ ៕
ចែករំលែកព័តមាននេះ