រាជធានីភ្នំពេញ ៖ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបង្កើតទូរទស្សន៍ សភាឌីជីថល ដើម្បីធ្វើការផ្សព្វផ្សាយពីសកម្មរបស់អ្នកតំណាងរាស្ត្រ ។
គម្រោងបង្កើតទូរទស្សន៍នេះ នៅពេលដែលឯកឧត្ដម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភាបានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ហួត ឃាងវេង រដ្ឋលេខាធិការក្រសួងព័ត៌មាន ក្នុងការរៀបចំបង្កើតទូរទស្សន៍សភាឌីជីថល (Digital TV) ។
គណៈកម្មការទី៥ នៃរដ្ឋសភា បានរៀបចំកិច្ចប្រជុំពិភាក្សាការងារជាមួយក្រសួងព័ត៌មាន លើការដាក់ចេញ នូវទូរទស្សន៍ សភាឌីជីថល (Digital TV) ដើម្បីជំរុញយន្តការផ្សព្វផ្សាយអំពីសកម្មភាពរបស់អ្នកតំណាងរាស្ត្រ ក្នុងការបំពេញមុខងារទាំងបីរបស់ខ្លួន គឺមុខងារនីតិកម្ម មុខងារជាតំណាង និងមុខងារតាមដានការអនុវត្តច្បាប់ ព្រមជាមួយនឹងកិច្ចការការទូតសភាជូនសាធារណជន ឱ្យបានជ្រួតជ្រាបកាន់តែទូលំទូលាយ ។
កិច្ចប្រជុំពិភាក្សានេះ ធ្វើឡើងនាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ នៅសាលសន្នីសីទបាយ័ន នៃវិមានរដ្ឋសភា ឯកឧត្ដម សួស យ៉ារ៉ា បានលើកឡើងថា នៅក្នុងបរិវត្តន៍កម្មឌីជីថល ដែលស្ថិតក្នុងមុំទី៥ នៃគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ពិតជាមានសារសំខាន់ខ្លាំងណាស់ ក្នុងការជំរុញសេដ្ឋកិច្ចជាតិ ។
ឯកឧត្ដម បន្ថែមថា ទន្ទឹមគ្នានេះ ការផ្សព្វផ្សាយលើថ្នាលឌីជីថល កំពុងមានឥទ្ធិពលយ៉ាងខ្លាំង ក្នុងការផ្ដល់ព័ត៌មានជូនប្រជាពលរដ្ឋយ៉ាងមានប្រសិទ្ធភាព និងឆាប់រហ័ស។ ដូច្នេះសម្រាប់គោលបំណង ដែលរដ្ឋសភាគ្រោងនឹងបង្កើតទូរទស្សន៍សភាឌីជីថល នេះឡើង គឺដើម្បីផ្សព្វផ្សាយសកម្មភាពរបស់អ្នកតំណាងរាស្ត្រ ទៅកាន់ប្រជាពលរដ្ឋ និងកិច្ចការនីតិកម្មរបស់សភា ជាពិសេស ដើម្បីផ្សាភ្ជាប់ទំនាក់ទំនងរវាងប្រជាពលរដ្ឋ ជាមួយអ្នកតំណាងរាស្ត្រឱ្យកាន់តែទូលំទូលាយតាម រយៈការផលិតមាតិការដែលផ្ដល់អត្ថប្រយោជន៍ និងមានសារសំខាន់ ជូនដល់សាធារណជន ។
ជាមួយគ្នានេះ ឯកឧត្តម ហួត ឃាងវេង បានលើកឡើងថា បច្ចុប្បន្នក្រសួងព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការសម្របសម្រួល ក៏ដូចជារៀបចំប្រព័ន្ធផ្សព្វផ្សាយ លើថ្នាលឌីជីថល ដែលជាមធ្យោបាយផ្សព្វផ្សាយសម័យទំនើប អាចបញ្ចូនព័ត៌មានបានឆាប់រហ័សទៅដល់ប្រជាពលរដ្ឋ ប៉ុន្តែទន្ទឹមគ្នានេះ ក្រសួងក៏នៅបន្តរក្សាប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណីផងដែរ ។
សូមជម្រាបផងដែរថា កិច្ចពិភាក្សានេះធ្វើឡើងបន្ទាប់ពីជំនួបរវាងគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និព័ត៌មាននៃរដ្ឋសភាជាមួយក្រសួងព័ត៌មាន ដែលបានពិភាក្សាអំពីការងារខាងលើ កាលពីថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ ៕




ចែករំលែកព័តមាននេះ