ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភួងផ្កា​រំដួល​ទាក់ទាញ​អ្នកទេសចរ​នៅ​ខេត្តសៀម​រាប

3 អាទិត្យ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បច្ចុប្បន្នអ្នកទេសចរដែលទៅតំបន់ព្រះអង្គចេកព្រះអង្គចម នៅខេត្តសៀមរាប

ខេត្តសៀមរាប ៖ បច្ចុប្បន្នអ្នកទេសចរដែលទៅតំបន់ព្រះអង្គចេកព្រះអង្គចម នៅខេត្តសៀមរាប ពិតជាទាក់ភ្នែក ទាក់អារម្មណ៍ នឹងផ្ការំដួលជាច្រើនត្រូវអ្នកស្រុកក្រងជាភួងខ្សែដៃ ឬផ្នួងសក់ ដាក់លក់យ៉ាងច្រើន ។

ថ្មីៗកន្លងមកអ្នកស្រីហួន សារុំ រស់នៅក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប ឱ្យដឹងថា ដោយ​សារតែស្រឡាញ់ និងចង់រកប្រាក់ចំណូល ម្យ៉ាងចង់លើកកម្ពស់ផ្កាតំណាងជាតិ គឺផ្ការំដួលនេះផង អ្នកស្រីបានបេះផ្ការំដួលកែច្នៃជាភួងផ្កាខ្សែដៃ ឬផ្នួងសក់ សម្រាប់លក់ជូនភ្ញៀវទេសចរ ។ អ្នកស្រីប្រកប​របរនេះអស់រយៈពេលប្រមាណ៣០ឆ្នាំមកហើយ និងជារបរបន្តពីឪពុកម្ដាយ ។

អ្នកស្រីហួន សារុំ តែងតែក្រោកពីយប់ទៅកាន់ព្រៃតំបន់អង្គរ និងព្រៃ ជិតៗនោះ ដើម្បីបេះផ្ការំដួល ។
ជារៀងរាល់ឆ្នាំ អ្នកស្រីហួន សារុំ រកប្រាក់ចំណូលពីផ្ការំដួលបានតែរយៈពេល៣ខែប៉ុណ្ណោះ គឺចាប់ពីខែកុម្ភៈដល់ខែមេសា ឬអាចដល់ខែឧសភា បើសិនមិនសូវមានភ្លៀងធ្លាក់ ។

ផ្នួងផ្ការំដួលនេះ អ្នកស្រីហួន សារុំ លក់ក្នុង១ថ្ងៃបានប្រាក់ចាប់ពី៥ម៉ឺនរៀល ដល់២០ម៉ឺនរៀល ។ ក្នុង១ភួងផ្កា លក់បានចាប់ពី២ពាន់រៀលឡើងទៅ ឡើងចុះទៅតាមរដូវសម្បូរ ឬខ្សត់ផ្ការំដួល ។

ដោយឡែកអ្នកស្រីសុខ ឃីម អ្នករស់នៅក្រុងរុនតាឯកតេជោសែន ឱ្យដឹងដែរថា អ្នកស្រីចាប់ផ្តើមលក់ផ្ការំដួលតាំងពីអាយុ៨ឆ្នាំ រហូតដល់ឥឡូវមានអាយុ៣៦ឆ្នាំហើយ ។ កាលពីមុនពេលផ្ទុះកូវីដ អ្នកស្រីលក់ផ្ការំដួលដាច់ណាស់ គឺលក់តាំងពីព្រឹករហូតដល់ម៉ោង១២អធ្រាត្រ ។ អ្នកខ្លះទិញយកទៅដាក់ក្នុងបន្ទប់ដេក អ្នកខ្លះយកធ្វើខ្សែដៃ អ្នកខ្លះយកដាក់ក្នុងរថយន្ត ។

ទោះជាយ៉ាងណាក្ដី បច្ចុប្បន្នការលក់ផ្ការំដួលមិនសូវលក់ដាច់ដូចមុនទេ ព្រោះអ្នកស្រីសុខ ឃីម យល់ថាមកពីសេដ្ឋកិច្ចមិនសូវល្អដូចពីពេលមុន ។

អ្នកទេសចរជាតិដែលទិញផ្ការំដួលនៅព្រះអង្គចេកព្រះអង្គចម លើកឡើងស្រដៀងគ្នាថា ពួកគាត់ចូលចិត្តផ្ការំដួល ជាពិសេសក្លិនក្រអូបស្រទន់របស់វា ។

អ្នកទេសចរម្នាក់និយាយថា«ភ្ញៀវទេសចរដែលបានមកដល់ទីនេះ គួរតែទិញផ្ការំដួលដើម្បីបានស្រូបក្លិនក្រអូបរបស់វាផង និងជាការលើកកម្ពស់ផ្កាតំណាងជាតិយើងផងដែរ»។

ផ្ការំដួល គឺផ្កាតំណាងជាតិ តាមរយៈព្រះរាជក្រឹត្យ ចុះនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥ ។ ផ្ការំដួលមានក្លិនក្រអូបស្រទន់ ជាពិសេសនៅពេលល្ងាច និងមានពណ៌ស្រស់ស្អាត តែមិនឆើតឆាយ ។ ដោយសារលក្ខណសម្បត្តិដ៏ប្រសើរនេះហើយ ទើបចាស់បុរាណខ្មែរតែងតែប្រដូចស្រីក្រមុំទៅនឹងផ្ការំដួល ។

រំដួលបានផ្តល់ប្រយោជន៍ជាបន្តបន្ទាប់ចាប់ពីខែកុម្ភៈដល់ខែឧសភា គឺអ្នកស្រុកបេះផ្កាវាទៅលក់ ។ បន្ទាប់មកពេលផ្លែទុំ មានរសជាតិជូរអែមឆ្ងាញ់ អ្នកស្រុកបេះយកទៅលក់បានតម្លៃពី៤ពាន់ទៅ៨ពាន់រៀល ក្នុងមួយគីឡូក្រាម ។

នាអំឡុងពាក់កណ្ដាលខែមិថុនា នៅតំបន់ភ្នំគូលែន ផ្លែរំដួលទុំ យ៉ាងសម្បូរ អ្នកស្រុកតែង​តែ​បេះ​យកចងជាចង្កោមដាក់លក់តាមមុខផ្ទះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ