ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញ​ដាក់ម៉ាស៊ីន​រែងមាស​យ៉ាង​អនាធិបតេយ្យ​នៅភ្នំព្រឹក​ មន្ត្រី​អសកម្ម​គ្រប់​ស្ថាប័ន​កំពុង​សប្បាយ​ប្រមូល​ប្រាក់​ដាក់ហោប៉ៅ

12 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង ៖ ពួក​អ្នក​ជីក​កាយ​រក​រ៉ែ​មាស​​គ្មាន​ច្បាប់​ទម្លាប់​​ត្រូវ​គេ​​ឃើញ​បោះ​ជំរំ​តង់​កៅស៊ូ​រាប់​សិប​កន្លែង​ប្រហែល​កន្លះ​ឆ្នាំ​មក​ហើយ នៅ​តាម​ចង្កេះ​ភ្នំ​នានា​ក្បែរ​តំបន់​ព្រំ​ដែន​​ខ្មែរ-សៀម ក្នុង​ភូមិ​សាស្ត្រ​ឃុំ​បារាំង​ធ្លាក់ និង​ឃុំ​ភ្នំ​ព្រឹក ស្រុក​ភ្នំ​ព្រឹក ភាគ​ខាង​លិច​ខេត្ត​បាត់​ដំបង ដោយ​ប្រើ​ប្រាស់​ម៉ាស៊ីន​ពាក់​កណ្តាល​ស្វ័យ​ប្រវត្តិ​ក្នុង​ការ​រែងយក​មាស

ខេត្ត​បាត់​ដំបង ៖ ពួក​អ្នក​ជីក​កាយ​រក​រ៉ែ​មាស​​គ្មាន​ច្បាប់​ទម្លាប់​​ត្រូវ​គេ​​ឃើញ​បោះ​ជំរំ​តង់​កៅស៊ូ​រាប់​សិប​កន្លែង​ប្រហែល​កន្លះ​ឆ្នាំ​មក​ហើយ នៅ​តាម​ចង្កេះ​ភ្នំ​នានា​ក្បែរ​តំបន់​ព្រំ​ដែន​​ខ្មែរ-សៀម ក្នុង​ភូមិ​សាស្ត្រ​ឃុំ​បារាំង​ធ្លាក់ និង​ឃុំ​ភ្នំ​ព្រឹក ស្រុក​ភ្នំ​ព្រឹក ភាគ​ខាង​លិច​ខេត្ត​បាត់​ដំបង ដោយ​ប្រើ​ប្រាស់​ម៉ាស៊ីន​ពាក់​កណ្តាល​ស្វ័យ​ប្រវត្តិ​ក្នុង​ការ​រែងយក​មាស​ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​បរិ​ស្ថាន​ធ្ងន់​ធ្ងរ​បំផុត​​នៅ​តំបន់​នោះ។

ក្រុម​កម្ម​ករ​ភាគ​ច្រើន​​និយាយ​ថា ពួក​គេ​ជា​កសិ​ករ​ធ្វើ​ចំណាក​ស្រុក​មក​ពី​តាម​បណ្តា​ខេត្ត​ផ្សេង​ៗ​គ្នា។ ពួក​គេ​​ប្រើ​ប្រាស់​ដែក​ស្បែង​ជា​ឧបករណ៍​សំខាន់​បំផុត​ក្នុង​ការ​ជីក​យក​រ៉ែ​​មាស​ដែល​​មាន​ជម្រៅ​ប្រមាណ​ពី​៣​តឹក​ទៅ​៥​តឹក​។ នៅ​ក្នុង​ជំរំ​គេ​ឃើញ​មាន​ម៉ាស៊ីន​រែង​មាស​ពាក់​កណ្តាល​ស្វ័យ​ប្រវត្តិ​ជា​ច្រើន​គ្រឿង​កំពុង​ដំណើរ​ការ​យ៉ាង​គគ្រឹក​គគ្រេង​នៅ​ក្បែរ​ដង​អូរ​នានា​ក្នុង​តំបន់​នោះ។

កម្ម​ករ​ដែល​កំពុង​បញ្ជា​ម៉ាស៊ីន​ម្នាក់​សុំ​មិន​ប្រាប់​ឈ្មោះ​​ប្រាប់​ថា ក្រុម​អ្នក​រុក​រក​រ៉ែ​មាស​ទាំង​អស់​គ្មាន​ច្បាប់​អនុ​ញ្ញាត​ទេ។ ​អាជ្ញា​ធរ​ ឬ​សមត្ថ​កិច្ច​គ្រប់​ស្ថាប័ន​​មក​រំខាន​ពួក​គេ​ម្តង​ម្កាល​ដែរ ប៉ុន្តែ​សំខាន់​គឺ​ «ប្រាក់» ដែល​អាច​ឱ្យ​ពួក​គេ​ដំណើរ​ការ​បាន។ ​ម៉ាស៊ីន​រែង​មាស​មួយ​​ត្រូវ​ចំណាយ​ប្រាក់​១.០០០​បាត សម្រាប់​បង់​ឱ្យ​​ស្ថាប័ន​មួយ​ក្នុង​១ខែ ក្នុង​នោះ​មាន​អាជ្ញា​ធរ និង​សមត្ថ​កិច្ច​ស្ទើរ​គ្រប់​ស្ថាប័ន​ពាក់​ព័ន្ធ​មក​ទទួល​យក​សំណែន​នេះ។

អភិ​បាល​ស្រុក​ភ្នំ​ព្រឹក លោក​សួន គឿន បាន​ថ្លែង​ថា «កន្លង​មក​យើង​ធ្លាប់​ចុះ​ទៅ​ទប់​ស្កាត់​ដល់​កន្លែង​ធ្វើ​អាជីវ​កម្ម​​រ៉ែ​មាស​នេះ​ច្រើន​លើក​មក​ហើយ ប៉ុន្តែ​ហាក់​ដូច​ជា​គ្មាន​ប្រសិទ្ធ​ភាព​ទេ ពី​ព្រោះ​ពួក​គេ​កម្រើក​​ឡើង​វិញ​នៅ​ពេល​ដែល​ការ​បង្ក្រាប​បាន​ស្ងប់​​ស្ងាត់។ ​លោក​និយាយ​ថា ខ្ញុំ​មិន​ដែល​ដឹង​អំពី​បញ្ហា​​​បង់ប្រាក់​សំណូក​នេះ​ទេ ប៉ុន្តែ​​នឹង​ចុះ​ទៅ​ពិនិត្យ​សកម្ម​ភាព​នេះ​ជា​ថ្មី​ទៀត ព្រោះ​ក្រុម​អ្នក​រុក​រក​រ៉ែ​មាស​ទាំង​នោះ​សុទ្ធ​តែ​គ្មាន​ច្បាប់​អនុ​​ញ្ញាត»។

លោក​សុង សុភ័ក្រ អធិ​ការ​ស្រុក​ភ្នំ​ព្រឹក​បាន​ថ្លែង​បញ្ជាក់​​ថា មាន​ស្ថាប័ន​ច្រើន​ដែល​ពាក់​ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវ​កម្ម​រ៉ែ​មាស​យ៉ាង​អនា​ធិបតេយ្យ​នេះ ដូច្នេះ​រូប​លោក​មិន​ដឹង​ថា តើ​ស្ថាប័ន​ណា​ខ្លះ​ដែល​ទទួល​បាន​ផល​ប្រយោជន៍​ពី​ការ​ជីក​​កាយ​​រក​រ៉ែ​មាស​គ្មាន​ច្បាប់​ទម្លាប់​នោះ​ទេ។ លោក​បាន​បដិ​សេធ​ថា រូប​លោក​មិន​ជំពាក់​វាក់​​វិន​ក្នុង​ការ​ទទួល​ប្រាក់​សំណូក​១.០០០​បាត​ ក្នុង​១​ខែ​ទេ។

​ការ​ជីក​រក​រ៉ែ​មាស​នៅ​តំបន់​នោះ​មិន​ត្រូវ​បាន​គេ​កំណត់​ច្បាស់​លាស់​ទេ។ ពួក​កម្ម​ករ​​ជីក​​កាយ​ពាស​ពេញ​តាម​ចង្កេះ​ភ្នំ​នានា​នៅ​តំបន់​នោះ។ តាម​ការ​បំភ្លឺ​ពី​ក្រុម​កម្ម​ករ​​ថា កម្ម​ករ​ភាគ​ច្រើន​គឺ​ស៊ី​ឈ្នួល​ជីក​រ៉ែ​​លក់​ឱ្យ​ក្រុម​ឈ្មួញ​ដែល​មាន​ម៉ាស៊ីន​រែង ក្នុង​១​​ការុង តម្លៃ​២០​បាត ហើយ​ពួក​ឈ្មួញ​ទាំង​នោះ​ជា​អ្នក​ចំណាយ​ប្រាក់​បង់​ឱ្យ​អាជ្ញា​ធរ ឬ​សមត្ថ​កិច្ច​ទើប​អាច​​ធ្វើ​អាជីវ​កម្ម​​នេះ​បាន។

ប្រធាន​មន្ទីរ​ឧស្សាហ​កម្ម រ៉ែ និង​ថាម​ពល​ ខេត្ត លោក​ជឺ ឈៀង ​មាន​ប្រសាសន៍​​ថា ការ​រុក​រក​រ៉ែ​មាស​នៅ​តំបន់​ស្រុក​ភ្នំ​ព្រឹក គឺ​មាន​តែ​ក្រុម​ហ៊ុន​ចិន​មួយ​ប៉ុណ្ណោះ​ដែល​មាន​​អាជ្ញា​ប័ណ្ណ​ពី​ក្រសួង​។ ដូច្នេះ​ក្រុម​ឈ្មួញ​ឯក​ជន​ដែល​កំពុង​ធ្វើ​សកម្ម​ភាព​សព្វ​ថ្ងៃ​ គឺ​គ្មាន​ច្បាប់​អនុ​ញ្ញាត​ទេ។ ​កាល​ពី​ខែ​មុន អាជ្ញា​ធរ​ខេត្ត​បាន​រៀបចំ​​គណៈ​កម្ម​ការ​មួយ​​ទៅ​ពិនិត្យ និង​ណែនាំ​ពួក​គេ ព្រម​ទាំង​ឱ្យ​ធ្វើ​កិច្ច​សន្យា​បញ្ឈប់​សកម្ម​ភាព​ទៀត​ តែ​ពួក​គេ​នៅ​តែ​បន្ត​ដំណើរ​ការ​​ដដែល។

ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ទទួល​យក​ប្រាក់​សំណូក​ពី​ក្រុម​ឈ្មួញ​ជីក​រក​រ៉ែ​មាស​ដោយ​ខុស​ច្បាប់​ លោក​ជឺ ឈៀង បាន​ដាក់​ការ​សង្ស័យ​ថា ទំនង​បែប​​អាច​អាច​ពាក់​ព័ន្ធ​ខ្លះ​ហើយ ទើប​ពួក​ឈ្មួញ​នៅ​តែ​បន្ត​អាជីវ​កម្ម​រ៉ែ​មាស​នេះ​បាន ហើយ​​អាជ្ញា​ធរ​ហាក់​ដូច​ជា​គ្មាន​របាយ​ការណ៍​ទាល់​តែ​សោះ។

លោក​​បញ្ជាក់​​ថា ការ​ជីក​កាយ​រក​រ៉ែ​មាស​បែប​អនា​ធិប​តេយ្យ​​នេះ​​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ណាស់​ដល់​ធន​ធាន​ធម្ម​ជាតិ​នៅ​តំបន់​នោះ ជា​ពិសេស​ធ្វើ​ឱ្យ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​បរិ​ស្ថាន ដូច្នេះ​លោក​នឹង​សុំ​គោល​ការណ៍​ទៅ​អាជ្ញា​ធរ​ខេត្ត​ ដើម្បី​រៀបចំ​គណៈ​កម្ម​ការ​ចម្រុះ​​ទៅ​ចាប់​យក​សម្ភារ​ធ្វើ​អាជីវ​កម្ម​នេះ​តែ​ម្តង ព្រោះ​ពួក​គេ​​បាន​ធ្វើ​កិច្ច​សន្យា​រួច​រាល់​ហើយ ដើម្បី​បញ្ឈប់​សកម្ម​ភាព​ តែ​ពួក​គេ​មិន​បាន​គោរព​​ទេ។

ក្រុម​អ្នក​តាម​ដាន​សភាព​ការណ៍​បាន​មើល​ឃើញ​ថា ការ​ជីក​កាយ​យក​រ៉ែ​មាស​អធិក​អធម​បែប​នេះ​សង្ស័យ​មាន​ភ្លើង​ខៀវ​ពី​​អស់​លោក​ខ្លះ ជា​ម្ចាស់​ទឹក​ម្ចាស់​ដី​ដែល​គេ​តែង​​និយាយ​ថា «មាន​ប្រាក់​ទិញ​យក្ស​​យាម​ផ្ទះ» បាន​យ៉ាង​ស្រួល ៕