ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុបិនបើកប្រាក់ខែជាប្រាក់រៀល នៅតាមក្រុមហ៊ុនពិបាកនឹងសម្រេច

1 ខែ មុន
  • ភ្នំពេញ

ស្រប​ពេល​ដែល​ធនាគារជាតិ​នៃ​កម្ពុជា​ជំរុញ​សហគ្រាស ក្រុមហ៊ុន​នានា​ឲ្យ​បើកប្រាក់​បៀវត្ស ប្រចាំខែ​ដល់​បុគ្គលិក​ជា​ប្រាក់​រៀល​នោះ អ្នកជំនាញ​ផ្នែក​សង្គម​បាន​និយាយ​ថា ការ​បើកប្រាក់​បៀវត្ស​ជា​ប្រាក់​រៀល​នេះ នៅ​តែ​ជា​រឿង​ពិបាក និង​ស្មុគស្មាញ ។លោក យ៉ង់ គឹ​ម​អេ​ង…

ស្រប​ពេល​ដែល​ធនាគារជាតិ​នៃ​កម្ពុជា​ជំរុញ​សហគ្រាស ក្រុមហ៊ុន​នានា​ឲ្យ​បើកប្រាក់​បៀវត្ស ប្រចាំខែ​ដល់​បុគ្គលិក​ជា​ប្រាក់​រៀល​នោះ អ្នកជំនាញ​ផ្នែក​សង្គម​បាន​និយាយ​ថា ការ​បើកប្រាក់​បៀវត្ស​ជា​ប្រាក់​រៀល​នេះ នៅ​តែ​ជា​រឿង​ពិបាក និង​ស្មុគស្មាញ ។
លោក យ៉ង់ គឹ​ម​អេ​ង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព យល់ ឃើញ​ថា ការ​បើកប្រាក់​បៀវត្ស​ប្រចាំខែ​សម្រាប់​បុគ្គលិក​របស់​ក្រុមហ៊ុន​សហគ្រាស​នានា នៅ​តែ​មាន​ភាព​ពិបាក ស្មុគស្មាញ ហើយ​ក៏​ជំរុញ​ខាង​ផ្នែក​ធនាគារ គួរ​សិក្សា​អោយ​បាន​ច្បាស់លាស់​ជា​មុន​សិន ។

លោក យ៉ង់ គឹ​ម​អេ​ង បានអោយ​កម្មវិធី​លុយ​នៃ​សារព័ត៌មាន​កោះសន្តិភាព​ដឹង​ថា «​ប្រាក់ រៀល​របស់​យើង​ជួនកាល​មានការ​ឡើង​ចុះ ដូចនេះ​ហើយ​បានជា​ស្ថាប័ន​នានា​បើក​ជា​ដុល្លារ ដែល​ជា​ការ​ងាយស្រួល​ដល់​ពួក​គេ ហើយ​ក៏​ធ្វើ​អោយ​ប្រព័ន្ធ​នោះ​បន្ត​រហូត​ដល់​ពេល​នេះ​»​។
អ្នកជំនាញ​រូប​នេះ​បន្ត​ថា ប្រសិនជា​ចង់អោយ​មានការ​បើក​ផ្តល់​ជា​ប្រាក់​រៀល​បែប​នេះ ធនាគារជាតិ​នៃ​កម្ពុជា​គួរ​រក​វិធីសាស្ត្រ​អោយ​ងាយស្រួល ដើម្បី​ប្រជាពលរដ្ឋ​មាន​ទំនុកចិត្ត លើ​អត្រា​ការ​ប្រាក់ និង​មាន​ភាព​ងាយស្រួល​សម្រាប់​ប្រជាពលរដ្ឋ ។ ជុំវិញ​បញ្ហា​នេះ លោក​សង្ឃឹមថា ធនាគារជាតិ លោក​នឹង​ពិចារណា​ជុំវិញ​បញ្ហា​នេះ ។

ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​-​សហគ្រាស គួរ​បង្កើន​ការ​បើក ប្រាក់ខែ​ជា​ប្រាក់​រៀល​ដល់​កម្មករនិយោជិត និង​ស្នើ​ឲ្យ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ និង​គ្រឹះស្ថាន​ផ្តល់​សេវា​ទូទាត់​សង​ប្រាក់​ទាំងអស់ ផ្តល់​ជម្រើស​ឱ្យ​អតិថិជន​ទាំងអស់​មាន​លទ្ធភាព​ក្នុង​ការ​ប្រើប្រាស់ ឃ្យូ​អរ​កូដ (QR code) ជា​ប្រាក់​រៀល ដើម្បី​សម្រួល​ដល់​ការ​ទូទាត់​ជា​ប្រាក់​រៀល​ជា​ប្រចាំ ។

ការ​លើក​ឡើង​យ៉ាង​ដូច្នេះ បន្ទាប់​ពី​ការ​ស្រាវជ្រាវ​រវាង​ធនាគារជាតិ​នៃ​កម្ពុជា​ជាមួយ​កម្មវិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា (UNDP Cambodia) បាន​រក​ឃើញ​ថា កម្មករ​មាន​ចំណូល​ជា​ប្រាក់​ដុល្លារ​អា​មេ​រិ​ក ប៉ុន្តែ​ការ​ចំណាយ​ប្រចាំ​ថ្ងៃ និង​ផ្ញើ​ប្រាក់​ទៅ​កាន់​គ្រួសារ​ភាគច្រើន​ប្រាក់​រៀល​ប្រមាណ​ជាង​៨០% ដែល​បញ្ហា​នេះ​នាំ​ឱ្យ​កម្មករ​មានការ​ខាតបង់​ពេលវេលា និង​ប្រាក់​កាស​ដោយសារ​ការ​ប្តូរ​ប្រាក់ ។

លោកស្រី ជា សិរី ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា នៅ​ក្នុង​សិក្ខាសាលា​ស្តី​ពី «​ខួប​លើក​ទី​៤៤ នៃ​ការ​ដាក់​ឲ្យ​ចរាចរ​ប្រាក់​រៀល​ឡើង​វិញ ៖ ដំណើរ​ឆ្ពោះទៅ​មុខ​នៃ​ប្រាក់​រៀល និង​ប្រព័ន្ធ​បាគង​» កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​ថ្លែង​ថា ការ​សម្រេច​ឱ្យ​អនុវត្ត​វិធានការ​នានា​ក្នុង​ការ​លើកកម្ពស់​ប្រាក់​រៀល​ត្រូវ​បាន​សិក្សា​យ៉ាង​ល្អិតល្អន់ ផ្អែក​លើ​ការ​ស្រាវជ្រាវ និង​ទិន្នន័យ​យ៉ាង​ច្បាស់លាស់​តាម​រយៈ​ការ​សិក្សា​ស្រាវ​រួម​គ្នា​រវាង​ធនាគារជាតិ​នៃ​កម្ពុជា​ជាមួយ​ស្ថាប័ន​អន្តរជាតិ ដូច​ជា ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន JICA និង​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ IMF ទៅ​លើ​យុទ្ធសាស្ត្រ​លើកកម្ពស់ ការ​ប្រើប្រាស់​ប្រាក់​រៀល ។

ហើយ​ថ្មី​ៗ​នេះ ធនាគារជាតិ​នៃ​កម្ពុជា​ក៏​បាន​សហការ​ជាមួយ UNDP នៅ​កម្ពុជា​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​លើ​ការ​លើកកម្ពស់​ការ​ប្រើប្រាស់​ប្រាក់​រៀល​ក្នុង​ការ​ទូទាត់​ប្រាក់​ឈ្នួល​នៅ​ក្នុង​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ ស្បែកជើង និង​ទំនិញ​ធ្វើ​ដំណើរ ។

លោកស្រី​ទេស​ភិ​បាល បាន​បញ្ជាក់​ថា ការ​ប្រើប្រាស់​ប្រាក់​រៀល​កាន់តែ​ច្រើន​នឹង​ជួយ​ពង្រឹង អធិបតេយ្យ​ជាតិ និង​ការ​កសាង​សង្គម​ជាតិ​ឱ្យ​កាន់តែ​រីក​ចម្រើន និង​ប្រកបដោយ​និរន្តរភាព ។ ទន្ទឹម​នឹង​នេះ លោកស្រី ក៏​បាន​អំពាវនាវ​ដល់​ក្រសួង​-​ស្ថាប័ន គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ រោងចក្រ ក្រុមហ៊ុន​-​សហគ្រាស ម្ចាស់​អាជីវកម្ម ប្រជាពលរដ្ឋ​ទូទៅ និង​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​បន្ត​រួមចំណែក​ប្រើប្រាស់​ប្រាក់​រៀល​នៅ​ក្នុង​ប្រតិបត្តិការ​របស់​ខ្លួន​ឱ្យ​កាន់ តែ​ច្រើន​ឡើង​ដូច​ជា តាម​រយៈ​ការ​ទូទាត់​ការ​បិទ​ស្លាក​តម្លៃ​ទំនិញ និង​សេវា​នានា​ការ​ផ្តល់​ឥណទាន និង​ការ​សន្សំ​ជា​ប្រាក់​រៀល ព្រមទាំង​ផ្តល់​លក្ខខណ្ឌ​អនុគ្រោះ​ឱ្យ​បាន​ច្រើន​ចំពោះ​ការ​ប្រើប្រាស់​ប្រាក់​រៀល ៕ ដោយៈ ស នី​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ