រាជធានីភ្នំពេញ ៖ យុវសិស្ស មិនស្គាល់អត្តសញ្ញាណម្នាក់ បានជិះម៉ូតូ១គ្រឿង បំពានភ្លើងស្តុបក្រហម ក៏បានជ្រុលទៅបុកចំទទឹងម៉ូតូសណ្តោងរ៉ឺម៉កដឹកកូនឈើ ១គ្រឿង បណ្តាលឱ្យងរបួសធ្ងន់ធ្ងរ។ បន្ទាប់មក ត្រូវបានក្រុមសង្គ្រោះរបស់អង្គភាព៧១១ យករថយន្តទៅដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូរបស់ជនរងគ្រោះក៏បានរងការខូចខាតយ៉ាងដំណំផងដែរ ។
ឧប្បត្តិហេតុនេះ បានកើតឡើងកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២៦ ខែមិនា ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ៤ ត្រង់ចំណុចភ្លើងស្តុបក្រោមស្ពានអាកាសផ្លូវក្រវាត់ក្រុងទី៣ ស្ថិតនៅក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
អ្នកឃើញហេតុការណ៍ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញយុវសិស្សរូបនោះ ជិះម៉ូតូម៉ាកហុងដាប៊ីត ១គ្រឿង ពណ៍សលាយខៀវ ពាក់ស្លាកលេខភ្នំពេញ 1JE-8082 ធ្វើដំណើរតាមផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ភ្លើងស្តុបបានលោតពណ៍ក្រហម ប៉ុន្តែយុវសិស្សរងគ្រោះ ពុំបានឈប់សិននោះទេ ។
ប្រភពដដែល បានប្រាប់ឲ្យដឹងបន្តទៀតថា ខណៈនោះ នៅតែជិះបន្តដំណើរទៅមុខ ទាំងបំពានភ្លើងស្តុប មិនគោរពច្បាប់ចរាចរណ៍សោះ ហើយក៏ជ្រុលទៅបុកចំទទឹងកន្ទុយរ៉ឺម៉ក នៃម៉ូតូសណ្តោងរ៉ឺម៉កដឹកកូនឈើ ១គ្រឿង ដែលកំពុងធ្វើដំណើរចេញពីផ្លូវក្រវ៉ាត់ក្រុងទី៣ ក្នុងទិសដៅពីត្បូងទៅជើង បណ្តាលអោយសិស្សសាលារូបនោះ រងរបួសធ្ងន់ធ្ងរ ហើយក្រោយពេលកើតហេតុ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ ដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យព្រះកុសុមៈ ។
ក្រោយកើតហេតុ នគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះទៅវាស់វែង រួចនាំយកម៉ូតូ និងម៉ូតូសណ្តោងរ៉ីម៉ ទៅរក្សារទុករងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ ៕





ចែករំលែកព័តមាននេះ