ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូ​ពេទ្យ​អាមេរិក​ដូរ​តម្រង​នោម​ជ្រូក​ដាក់​ក្នុង​ខ្លួន​មនុស្ស​ដំបូង​ក្នុង​លោក

8 ខែ មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ ថ្មី​ៗ​នេះ គ្រូ​ពេទ្យ​នៅ​ប្រទេស​អាមេរិក​បាន​វះ​កាត់​ដូរ​តម្រង​នោម​របស់​​បុរស​វ័យ​៦២​ឆ្នាំ​ម្នាក់​​ ហើយ​ដាក់​ជំនួស​មក​វិញ​នូវ​តម្រង​នោម​របស់​សត្វ​ជ្រូក​។ គាត់​ជា​មនុស្ស​ដំបូង​គេ​នៅលើ​ពិភព​លោក​ដែល​ដូរ​តម្រង​នោម​ជ្រូក​។​ នេះ​ជា​ប្រភេទ​ជ្រូក​ដែល​គេ​ចិញ្ចឹម​នៅ​មន្ទីរ​ពិសោធ​​ដោយ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ជីអឹម (genetically modified)។ ក្រុម​គ្រូ​ពេទ្យ​អាមេរិក​នៅ​មន្ទីរ​ពេទ្យ​រដ្ឋ​ម៉ាស្សា​ឈូ​សេត (Massachusetts)…

ទី​ក្រុង​វ៉ាស៊ីនតោន៖ ថ្មី​ៗ​នេះ គ្រូ​ពេទ្យ​នៅ​ប្រទេស​អាមេរិក​បាន​វះ​កាត់​ដូរ​តម្រង​នោម​របស់​​បុរស​វ័យ​៦២​ឆ្នាំ​ម្នាក់​​ ហើយ​ដាក់​ជំនួស​មក​វិញ​នូវ​តម្រង​នោម​របស់​សត្វ​ជ្រូក​។ គាត់​ជា​មនុស្ស​ដំបូង​គេ​នៅលើ​ពិភព​លោក​ដែល​ដូរ​តម្រង​នោម​ជ្រូក​។​ នេះ​ជា​ប្រភេទ​ជ្រូក​ដែល​គេ​ចិញ្ចឹម​នៅ​មន្ទីរ​ពិសោធ​​ដោយ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ជីអឹម (genetically modified)។ ក្រុម​គ្រូ​ពេទ្យ​អាមេរិក​នៅ​មន្ទីរ​ពេទ្យ​រដ្ឋ​ម៉ាស្សា​ឈូ​សេត (Massachusetts) ​ទី​ក្រុង​បូស​ស្តុន​ (Boston) បាន​ប្រកាស​​ដំណឹង​នេះ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​។

​​ការ​​ដូរ​តម្រង​នោមនោះ​​​​ប្រើ​ពេល​៤​ម៉ោង​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មីនា ហើយ​​ត្រូវ​គេ​ចាត់​ទុក​ជា​គោល​ចារិក (milestone) ដ៏​សំខាន់​១​នៃ​ការ​បង្កើត​ជម្រើស​ដែល​ធ្លាប់​តែ​ដូរ​គ្រឿង​ក្នុង​មនុស្ស​ដាក់​គ្រឿង​ក្នុង​មនុស្ស​ ប៉ុន្តែ​ឥឡូវ​នេះ​​ដូរ​គ្រឿង​ក្នុង​សត្វ​ដាក់​​ក្នុង​ខ្លួន​មនុស្ស​វិញ​ម្ដង​។ អ្នក​ជំងឺ​ដូរ​គ្រឿង​ក្នុង​ជ្រូក​​រូប​នោះ​ឈ្មោះ​រីឆាត ស្លេមេន (Richard Slayman)។ ក្រោយ​ពេល​ដូរ​គ្រឿង​ក្នុ​ងជ្រូក​រួច​​ គាត់​មាន​សុខ​ភាព​ល្អ​ជា​ធម្ម​តា។ ឥឡូវ​នេះ កំពុង​ជាសះ​ពី​មុខ​របួស​​ជា​បណ្ដើរ​ៗ។ ​សង្ឃឹម​ថា​នឹង​វិល​ទៅ​ផ្ទះ​វិញ​ឆាប់​ៗ​នេះ​។​

ចំពោះ​សំណួរ​ថា​​ក្រោយ​ពេល​ដូរ​គ្រឿង​ក្នុង​ជ្រូក​រួច​ តើ​គាត់​​អាច​រស់​បាន​មួយ​ជីវិត​ ឬ​ស្លាប់​ពាក់​កណ្ដាល​ទី​? គ្មាន​នរណា​អាច​ធានា​បាន​ទេ​។ គាត់​ធ្លាប់​លាង​ឈាម​រយៈ​ពេល​៧​ឆ្នាំ​។​ ក្រោយ​មក​​នៅ​ឆ្នាំ​២០១៨ ​គាត់​​​​ដូរ​តម្រង​នោម​របស់​មនុស្ស​​​។​ ដូរ​បាន​៥​ឆ្នាំ​ ​តម្រង​នោម​នោះ​ក៏​ខូច​ទៅ​ទៀត ធ្វើ​ឱ្យ​គាត់​វិល​ទៅ​ប្រើ​ប្រាស់​វិធី​លាង​ឈាម​សា​ជា​ថ្មី​។ ​​ដូច្នេះ គាត់​សម្រេច​ចិត្ត​ដាក់​តម្រង​នោម​ជ្រូក​វិញ​​ម្ដង​។

​តម្រង​នោម​ជ្រូក​​នេះ​ផ្ដល់​ដោយ​ក្រុម​ហ៊ុន​​​អ៊ី​ជេនីស៊ីស (eGenesis) ដែល​​​វះ​កាត់​ចេញ​ពី​សត្វ​ជ្រូក​ចិញ្ចឹម​តាម​បច្ចេក​វិទ្យា​ជីអឹម​ (GM) ​ដើម្បី​កែ​​សម្រួល​កោសិកា​បន្ត​ពូជ​ (ហ្សែន) ​មិន​ឱ្យ​មាន​ប្រតិ​កម្ម​ចំពោះ​​​មនុស្ស​។ ​គេ​ថែម​ទាំង​ផ្សាំ​កោសិកា​របស់​មនុស្ស​មួយ​ផ្នែក​​​ដើម្បីកុំ​ឱ្យ​មាន​ប្រតិ​កម្ម​​ជា​មួយ​មនុស្ស​។ ក្រុម​ហ៊ុន​ក៏​បាន​សម្អាត​មេរោគ​អស់​រលីង​ហើយ​ដើម្បី​កុំ​ឱ្យ​ឆ្លង​ទៅ​មនុស្ស​។

ជា​ធម្មតា​ កុំ​ថា​ឡើយ​ដូរ​គ្រឿង​ក្នុង​មនុស្ស​ដាក់​គ្រឿង​ក្នុង​សត្វ​ ​សូម្បី​តែ​ដូរ​គ្រឿង​ក្នុង​របស់​មនុស្ស​ដាក់​ចូល​ក្នុង​​មនុស្ស​ដូច​គ្នា​ក៏​មាន​ប្រតិ​កម្ម​ដែរ​ព្រោះ​គ្រឿងក្នុង​នឹង​ធាក់​គ្នា​ចេញ​។ មូល​ហេតុ​​ដោយ​សារ​​ប្រព័ន្ធ​ភាព​ស៊ំា​របស់​មនុស្ស​មិន​ទទួល​យក​គ្រឿង​ក្នុង​ថ្មី។ ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ អ្នក​ជំងឺ​ត្រូវ​តែ​លេប​ថ្នាំ​អស់​មួយ​ជីវិត​។ ចំពោះ​អ្នក​ដូរ​តម្រង​នោម​ជ្រូក​នេះ​ គ្រូ​ពេទ្យ​ឱ្យ​គាត់​ប្រើ​ថ្នាំ​ថេ​ហ្គោព្រូបាត (tegoprubart) ផលិត​ដោយ​ក្រុម​ហ៊ុន​អ៊ីលីដុន ហ្វាម​ម៉ាសឺត​ធីខល (Eledon Pharmaceuticals)។

អ្នក​ជំនាញ​យល់​ថា​ការ​វះ​កាត់​ដូរ​គ្រឿង​ក្នុង​សត្វ​ដាក់​ចូល​ក្នុង​ខ្លួន​របស់​មនុស្ស​ជា​របក​គំហើញ​ថ្មី​មួយ​ទៀត​ និង​ជា​ក្ដី​សង្ឃឹម​ថ្មី​​សម្រាប់​អ្នក​ជំងឺ​ដែល​​ត្រូវ​ការ​ដូរ​គ្រឿង​ក្នុង​រាប់​សែន​នាក់។ ​ចំនួន​នេះ​គិត​តែ​នៅ​ប្រទេស​អាមេរិក​មួយ​ប៉ុណ្ណោះ​​។ សព្វ​ថ្ងៃ​នេះ ពល​រដ្ឋ​អាមេរិក​​ជាង​មួយ​សែន​នាក់​ត្រូវ​ការ​ដូរគ្រឿង​ក្នុង​។ នៅ​ក្នុង​ចំណោម​នោះ អ្នក​ត្រូវ​ការ​ដូរ​តម្រង​នោម​ច្រើន​ជាង​គេ​។​​

ប៉ុន្តែ​បញ្ហា​សំខាន់​នៅ​ត្រង់​ថា​តើ​វិធី​នេះ​អាច​ទទួល​ជោគ​ជ័យ​កម្រិត​ណា។ កាល​ពី​ខែ​មករា ឆ្នាំ​២០២២ គ្រូ​ពេទ្យ​នៅ​សាកល​វិទ្យា​ល័យ​ម៉ារីលែន (Maryland) ក៏​ធ្លាប់​ដូរ​គ្រឿង​ក្នុង​ជ្រូក​ដាក់​ចូល​ក្នុង​ខ្លួន​របស់​មនុស្ស​ផង​ដែរ​។ កាល​នោះ គេ​ដូរ​បេះ​ដូង​ជ្រូក​ដាក់​ចូល​បុរស​វ័យ​៥៧​ឆ្នាំ​។ ដូរ​បេះ​ដូង​ជ្រូក​បាន​២​ខែ​ គាត់​ក៏​ស្លាប់​ទៅ។ គេ​អាច​ដាក់​ជា​សំណួរ​ថា​ហេតុ​អ្វី​ត្រូវ​ដូរ​គ្រឿង​ក្នុង​របស់​ជ្រូក​​? ​ឬ​ក៏​ថា​គ្រឿង​ក្នុង​របស់​មនុស្ស​មាន​មួយ​គគោក​ ហេតុ​អ្វី​ចាំ​បាច់​​ដូរ​គ្រឿង​ក្នុង​របស់​សត្វ​?

​មុន​នឹង​ឈាន​ដល់​ការ​ដូរ​គ្រឿង​ក្នុង​របស់​សត្វ​ ក្រុម​គ្រូ​ពេទ្យ​បាន​សាក​ល្បង​ផ្គូ​ផ្គង​សរីរៈ​រាង​កាយ​របស់​មនុស្ស​យ៉ាង​ល្អិត​ល្អន់​អស់​ហើយ​។ អ្នក​ដូរ​គ្រឿង​ក្នុង​សត្វ​ទាំង​នេះ​សុទ្ធ​តែ​ជា​មនុស្ស​អស់​ជម្រើស​ហើយ​។ មាន​ន័យ​ថា​ពួក​គាត់​មិន​អាច​ទទួល​គ្រឿង​ក្នុង​របស់​មនុស្ស​បាន​ឡើយ​។ ​គ្រឿង​ក្នុង​របស់​​ជ្រូក​មិន​មែន​ជា​ជម្រើស​ល្អ​ទេ​​។ នេះ​ជា​​​ជម្រើស​ចុង​ក្រោយ​ ​និង​ជា​​ការ​ផ្សង​ព្រេង​​​។ ក្រោយ​ពេល​​ដូរ​គ្រឿង​ក្នុង​ជ្រូក​រួច ពួក​គាត់​​ត្រូវ​រស់​នៅ​ផ្សង​ព្រេង​តាម​យថា​កម្ម។​ រស់​បាន​រយៈ​ពេល​ប៉ុន្មាន​យក​ប៉ុណ្ណឹង។ គ្រាន់​បើ​ជាង​ស្លាប់​ទាំង​ប្រថុច​ញ៉ុច៕​​

ប្រភព៖ Reuters
https://www.reuters.com/business/healthcare-pharmaceuticals/first-pig-to-human-kidney-transplant-performed-boston-2024-03-21/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ