ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករសរសើរថា ពេលមកបើកលុយ ក្រសួងការងារ បានយកចិត្តទុកដាក់ណាស់ «ផ្តល់ទឹកសុទ្ធ ភេសជ្ជៈ នុំប័ង និងមានភាពងាយស្រួល ហួសពីការរំពឹងទុក»

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កម្មករនិយោជិតនៃរោងចក្រ Y & W ផ្ទុះការកោតសរសើរចំពោះរាជរដ្ឋាភិបាលដែលមានក្រសួការងារជាសេនាធិការ និងមន្ត្រីអាជ្ញាធរពាក់ព័ន្ធដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកម្មករនិយោជិតនៃក្រុមហ៊ុន Y &…

រាជធានីភ្នំពេញ ៖ កម្មករនិយោជិតនៃរោងចក្រ Y & W ផ្ទុះការកោតសរសើរចំពោះរាជរដ្ឋាភិបាលដែលមានក្រសួការងារជាសេនាធិការ និងមន្ត្រីអាជ្ញាធរពាក់ព័ន្ធដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកម្មករនិយោជិតនៃក្រុមហ៊ុន Y & Wដែលកំពុងសម្រុកមកបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗនៅសាលាខណ្ឌដង្កោ ។

អ្នកនាង យី សោភា កម្មករនៃក្រុមហ៊ុន Y & W បានថ្លែងថា មន្ត្រីសម្របសម្រួលរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្ត្រីអាជ្ញាធមូលដ្ឋាន បានយកចិត្តទុកដាក់ខ្លាំងចំពោះកម្មករទាំងអស់ដែលបានមកបើកប្រាក់នៅសាលាខណ្ឌ។ អ្នកនាងកត់សម្គាល់ឃើញថា ក្រសួងបានរៀបចំពីលំហូរ និងតម្រាយណែនាំបានយ៉ាងល្អ គ្មានឧបសគ្គសម្រាប់ការបើកប្រាក់ឡើយ។ បន្ថែមពីនេះ មន្ត្រី បានគិតគូលំអិតលើការផ្តល់ទឹកសុទ្ធ ភេសជ្ជៈ និងនុំប័ងដើម្បីជួយសម្រួលដល់បងប្អូនកម្មករថែមទៀតផង ។

ចំណែកលោក សាន វាសនា កម្មករផ្នែកដេរ នៃក្រុមហ៊ុន Y & W បានសង្កេតឃើញថា អាជ្ញាធរបានរៀបចំរោងកង្ហា កៅអីអង្គុយដើម្បីសម្រួលដល់កម្មករថែមទៀតផង។ សម្រាប់កម្មកររូបនេះ ការយកចិត្តទុកដាក់បែបនេះរបស់រដ្ឋាភិបាល គឺគួរឱ្យសរសើរណាស់ មិននឹកស្មានដល់ ។

ដោយឡែកលោក ហ្វា សាលី ដែលជាប្រធានសម្ព័ន្ធសហជីពជាតិ បានវាយតម្លៃខ្ពស់ចំពោះការរៀបចំរបស់រាជរដ្ឋាភិបាលដែលគិតគូបានល្អិតល្អន់និងធ្វើឱ្យដំណើរការនៃការបើកប្រាក់ឈ្នួលប្រព្រឹត្តទៅដោយរលូន ។

ចំពោះការត្រៀមលើការបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ជូនកម្មករនិយោជិតនៃរោងចក្រ Y & Wនេះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរពាក់ព័ន្ធបានពង្រាយកម្លាំងសន្តិសុខ មន្ត្រីពេទ្យដើម្បីសង្គ្រោះបឋម រថយន្តក្រុងដើម្បីដឹកកម្មករ ការត្រៀមទឹកសុទ្ធ នុំប័ង ភេសជ្ជៈក្នុងគោលបំណងជួយសម្រួលដល់កម្មករនិយោជិតទាំងអស់ក្នុងអំឡុងពេលបើកប្រាក់ឈ្នួលនេះ ។

សូមបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តើមការបើកថវិកាជូនកម្មករនិយោជិតនៃក្រុមហ៊ុន Y & W ចាប់តាំងពីរសៀលម៉ោង ១ ថ្ងៃសុក្រទី ២២ ខែមីនាមក ។ ក្នុងនោះ មានកម្មករប្រមាណ ២ ពាន់នាក់បានទទួលប្រាក់ឈ្នួលរបស់ខ្លួន ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីថ្ងៃសុក្រ ទី ២២ ខែមីនា ឆ្នាំ ២០២៤ នេះ ៕