ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុញនោះ! បំណុលសំរាមនៅភ្នំពេញនៅសល់ជាង៤០លានដុល្លារអាមេរិកដែលពលរដ្ឋមិនទាន់បានបង់

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានអះអាងថានឹងពិន័យយ៉ាងតឹងរឹងចំពោះម្ចាស់សណ្ឋាគារ និងភោជនីយដ្ឋានណាដែលបោះសំរាមចោលក្នុងប្រឡាយទឹក ។​ ការអះអាងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនេះធ្វើឡើង ក្នុងសន្នីសីទសារព័ត៌មាន…

រាជធានីភ្នំពេញ ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានអះអាងថានឹងពិន័យយ៉ាងតឹងរឹងចំពោះម្ចាស់សណ្ឋាគារ និងភោជនីយដ្ឋានណាដែលបោះសំរាមចោលក្នុងប្រឡាយទឹក ។​ ការអះអាងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនេះធ្វើឡើង ក្នុងសន្នីសីទសារព័ត៌មាន នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ។ លោកឃួង ស្រេងបានលើកឡើងថា បំណុលសំរាមនៅរាជធានីភ្នំពេញ នៅសល់ជាង៤០លានដុល្លារអាមេរិក ដែលប្រជាពលរដ្ឋមិនទាន់បានបង់ ប៉ុន្តែមិនទាន់ការពិន័យយ៉ាងណានោះទេ ។

លោកអភិបាលរាជធានីបានថ្លែងថា ចាប់តាំងតែមានការកំណែទម្រង់នៃការប្រមូលសំរាម ដែលស្ថិតនៅអំឡុងឆ្នាំ២០១៩ រហូតមកដល់ពេលនេះ មានប្រជាពលរដ្ឋមិនទាន់បានបង់នៅឡើយ ចំនួនជាង៤០លានដុល្លារអាមេរិក ។

ទាក់ទិនក្នុងរឿងនេះ លោក ឃួង ស្រេង បានគូសបញ្ជាក់ថា អំឡុងពេលនោះដោយសារអំឡុង ឆ្នាំ២០១៩ មានការលូកដៃពីអ្នកនយោបាយធ្វើឱ្យកម្មករឈប់ប្រមូលសំរាម ដោយក្នុងនោះការកកស្ទះសំរាម នៅរាជធានីភ្នំពេញគរដូចភ្នំ តែក្រោយមកដោយការដោះស្រាយការកកស្ទះសំរាមបានថយចុះមកត្រឹម៥០០តោនក្នុងមួយថ្ងៃ និងដោយកម្មករមើលឃើញពីផលលំបាក និងមានការភ្ញាក់រលឹកក៏បានងាកមកចរចា ហើយទីបំផុតពួកគាត់បានធ្វើការងារឡើងវិញ ។

លោកបានថ្លែងដោយបញ្ជាក់ដែរថា៖«សម្រាប់ការជំពាក់របស់ប្រជាពលរដ្ឋនេះគឺភាគច្រើនកើតឡើងក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩ ដោយក្នុងនេះមានក្រុមហ៊ុនមួយចំនួនបានធ្វើចំណាកស្រុកវិលត្រឡប់ទៅប្រទេសរបស់គេវិញ ហើយផ្ទះជួលមួយចំនួនបានបិទទ្វារ» ។ ក្នុងសន្នីសីទនោះដែរ លោកអភិបាលរាជធានីបានលើកឡើងថា ទាក់ទិនក្នុងបំណុលដែលពលរដ្ឋខកខានមិនបានបង់ និងនៅជំពាក់ថវិការរបស់រដ្ឋនេះដែរសាលារាជធានីភ្នំពេញកំពុងពិចារណា និងការពិនិត្យជាក់ស្តែង ដើម្បីវាយតម្លៃផងដែរ ។

ដោយឡែកទាក់ទិនទៅនឹងបញ្ហាសំរាមដែលពលរដ្ឋជួបការលំបាក ឬត្រូវបានគេពិន័យដោយសារការខកខានមិនបានបង់ណាមួយវិញនោះ ត្រូវបានឯកលោកអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ អំពាវនាវឱ្យទំនាក់ទំនងទៅសាលារាជធានីភ្នំពេញដែលមានទីចាត់ការសំណល់រឹងមួយបានកំពុងធ្វើកិច្ចការមួយនេះ ។ ជាមួយគ្នាលោកបានអំពាវនាវឱ្យប្រជាពលរដ្ឋមើលពីការផ្សព្វផ្សាយរបស់ទីចាត់ការសំណល់រឹង ។

លោក ឃួងស្រេង ក៏បានថ្លែងដែរថា ក្នុងពិភពលោកនេះគ្មានពលរដ្ឋរស់នៅទីក្រុងណាមួយមិនបានបង់ថ្លៃសំរាមនោះទេ ហើយប្រទេសគេមួយចំនួនក៏មានតម្លៃលើសពីនេះទៅទៀត ។ ជាមួយគ្នា ដើម្បីទីក្រុងស្អាតយើងត្រូវតែចូលរួមបង់ថ្លៃសំរាមគ្រប់គ្នា ។ ការបង់ថ្លៃសំរាម គឺជាការតព្វកិច្ច ហើយបើយើងចង់បានទីក្រុងស្អាតក៏មិនអាចទៅរួចដែរ បើយើងមិនបង់ថ្លៃសំរាមនោះ ។ បើពលរដ្ឋមិនបង់ថ្លៃសំរាមមានតែដឹកទៅកាន់ទីលានចាក់សំរាមខ្លួនឯង ហើយបើដឹកទៅខ្លួនឯងនឹងដឹងថា តើវាត្រូវចំណាយប្រាក់កាសច្រើនជាងក្រុមហ៊ុនឯកជនដឹកទៅទៀត ។

ក្នុងឱកាសនោះដែរ លោកអភិបាលអំពាវនាវឱ្យពលរដ្ឋត្រូវទៅបង់ថ្លៃសំរាមឱ្យបានទៀងទាត់ទៅតាមការកំណត់ ។ បើករណីមានបញ្ហាជួបប្រទះដូចជា ការក្ស័យទុនក្រុមហ៊ុនត្រូវដាក់ពាក្យជាបន្ទាន់នៅទីចាត់ការសំណល់រឹងនៅសាលារាជធានីភ្នំពេញ ដើម្បីយើងធ្វើការលុបបំណុលរបស់គាត់ ។ យើងនឹងធ្វើកិច្ចការនេះដើម្បីកុំឱ្យមានការជំពាក់បំណុលកើនឡើងបន្តទៀត ។

ជុំវិញបញ្ហាប្រមូលសំរាមនៅរាជធានីភ្នំពេញនេះដែរ ត្រូវបានលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានគូសបញ្ជាក់ថា បច្ចុប្បន្នមានក្រុមហ៊ុនឯកជនចំនួន៣ កំពុងប្រមូលសំរាមនៅរាជធានីភ្នំពេញ ។ ដោយសារក្រុមហ៊ុនមានចំនួន៣នេះដែរ ធ្វើឱ្យការប្រមូលសំរាមបានទៀងទាត់ និងទាន់ពេលវេលា ។

លោកអភិបាលបានគូសបញ្ជាក់ថា ៖«មកដល់ពេលនេះ មិនទាន់មានការពិន័យអន្តរក្រសួងចំពោះពលរដ្ឋដែលចោលសំរាមតាមផ្ទះសម្បែងនៅឡើយទេ ប៉ុន្តែសម្រាប់សណ្ឋានគារ និងភោជនីយដ្ឋានផ្សេងៗ ដែលបោះសំរាមចោលក្នុងប្រឡាយទឹកត្រូវតែមានការពិន័យយ៉ាងតឹងរឹងបំផុតព្រោះមិនអាចអនុគ្រោះបានឡើយពីព្រោះគាត់ជាអ្នកផលិតសំរាមច្រើនជាងគេ» ។

គួរបញ្ជាក់ថា នៅពេលបច្ចុប្បន្នសំរាមនៅកម្ពុជាបានកើនឡើងជាបន្តបន្ទាប់ដោយរយៈពេលមួយថ្ងៃសំរាមមានជាងមួយម៉ឺនតោន ខណៈដែលមួយឆ្នាំមានចំនួនជាង ៤លានតោន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ