ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នងការ​ខេត្តព្រៃវែង​ខំ​យក​ជីវិត​​ជួយក្នុងគ្រោះ​​អគ្គិភ័យ​ តែ​បែ​រ​ជា​ត្រូវ​គេ​ជេរ​ម្តាយ​​​លោក​​វិញ

1 ខែ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ មាន​ករណី​គ្រោះ​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ក្នុងស្រុក​ស្វាយ​អ​ន្ទ​រ ដែល​ធ្វើ​ឱ្យ​លោកស្នងការ​នគរបាល​ខេត្តព្រៃវែង ត្រូវ​ពលរដ្ឋ​ប្រមាថ​ដល់​អ្នក​មានគុណ​របស់​លោក ត្រូវ​បាន​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ឆ្លើយ​តប​បែប​នេះ ។ ​ ឧត្តមសេនីយ៍ទោ ឈឿ​ន…

ខេត្តព្រៃវែង ៖ មាន​ករណី​គ្រោះ​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ក្នុងស្រុក​ស្វាយ​អ​ន្ទ​រ ដែល​ធ្វើ​ឱ្យ​លោកស្នងការ​នគរបាល​ខេត្តព្រៃវែង ត្រូវ​ពលរដ្ឋ​ប្រមាថ​ដល់​អ្នក​មានគុណ​របស់​លោក ត្រូវ​បាន​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ឆ្លើយ​តប​បែប​នេះ ។ ​

ឧត្តមសេនីយ៍ទោ ឈឿ​ន ប៊ុ​ន​ឆ​ន បង្ហោះ​សារ​សម្តែង​ការ​ហូ​ស​ចិត្ត​ដោយ​រៀបរាប់​ថា «​គេ​ជេរ​ម្តាយ​ខ្ញុំ​ទាំង​យប់ ភារកិច្ច​មិនមែន​សម្តែង​កុន ដោយ​យក​ជីវិត​ទៅ​ជួយ ចុះ​ហេតុ​អ្វី​បាន​ជេរ​ម្តាយ​ខ្ញុំ? ដូចនេះ​ខ្ញុំ​មិន​លើកលែង​អ្នក​ឡើយ ។

ស្នងការ​នគរបាល​ខេត្តព្រៃវែង​បាន​បង្ហោះ​សារ​ខាងលើ កាលពី​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២៤ ដោយ​ភ្ជាប់​ជាមួយ​រូបថត​៣​សន្លឹក ដែល​ទទឹក​និង​ប្រឡាក់​ពេញ​មួយ​តួខ្លួន ក្រោយ​ពី​លោក​បាន​ដឹកនាំ​ប្រតិ​បត្តិការសង្គ្រោះ និង​ពន្លត់អគ្គីភ័យ​ដែល​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ នៅ​ក្នុងស្រុក​ស្វាយ​អ​ន្ទ​រ​កាលពី​យប់​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២៤​។

ក្រោយមក​ នៅ​ថ្ងៃ​ដដែល​នោះ លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន ប៊ុ​ន​ឆ​ន បាន​ផុស​វី​ដេ​អូ​ថ្មី​មួយ​ដោយ​បង្ហាញមុខ​ប្រជាពលរដ្ឋ​២​នាក់ គឺជា​បុគ្គល​ដែល​បាន​អ្នក​ជេរ​ម្តាយ​របស់​លោក ដោយ​ដាក់​ចំណងជើង«​សូម​ជួយ​ស្តាប់​អ្នក​ជេរ​ម្តាយ​ខ្ញុំ​! ខ្ញុំ​យល់​ពី​អារម្មណ៍​ផ្ទះ​ដែល​មាន​ភ្លើង​ឆេះ ប៉ុន្តែ​បើ​អ្នក​មិន​មាន​ជំនាញ​ពន្លត់អគ្គីភ័យ​នោះ អ្នក​ក៏​មិន​យល់​ពី​ភារកិច្ច​» ។

បន្ទាប់​ពី​មានការ​ចែករំលែក​រឿងរ៉ាវ​មួយ​នេះ​លើ​បណ្តាញ​សង្គម ឈាន​មក​ដល់​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២៤ ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ចេញ​មុខ​មក​ពន្យល់​បន្ថែម​ទៅ​ដល់​សាធារណៈជន ដើម្បី​បង្ការ​នៅ​ឱ្យ​កើតរឿង​យល់​ច្រឡំ​បែប​នេះ​ទៅ​ថ្ងៃ​មុខ ក្នុង​ករណី​មាន​គ្រោះ​អគ្គិភ័យ​កើតឡើង ។

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​មាន​ប្រសាសន៍​រៀបរាប់​ទាំងស្រុង​យ៉ាង​ដូច្នេះ​ថា​៖ «​ក្នុង​នាម​ក្រសួងមហាផ្ទៃ និង​ក្នុង​នាម​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តព្រៃវែង ខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខ​លំបាក ប្រកបដោយ​ក្ដី​សោកស្ដាយ​ជា​ពន់ពេក​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ ដែល​រង​គ្រោះ​ដោយ​ឧប្បទ្ទវហេតុ​គ្រោះ​អគ្គិភ័យ នៅ​ក្នុងស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង កាលពី​វេលា​ម៉ោង​៧:២០​យប់ ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ២០២៤​។

ខ្ញុំ​សូម​ជម្រាប​ជូន​សាធារណជន​ឱ្យ​បាន​ជ្រាប​ថា ទីតាំង​កើត​មាន​គ្រោះ​អគ្គិភ័យ​នោះ ជា​ផ្ទះ​ប្រជាពលរដ្ឋ​២​ល្វែង ដែល​មាន​ស្តុក​លក់​គ្រឿង​ម៉ាស៊ីន និង​ប្រេងម៉ាស៊ីន ។ ក្នុង​គ្រានោះ ផ្ទះ​ត្រូវ​បាន​ម្ចាស់​ចាក់សោ​ពីរ​ជាន់ គឺ​សោ​ខាង​មុខ​ជាប់​សំយាបផ្ទះ និង​សោ​ចូល​ទៅ​ក្នុងផ្ទះ ។ ដោយ​ឃើញ​ស្ថានភាព​ស្មុគស្មាញ និងភ្លើង​ឆេះ​មាន​ហានិភ័យ​ធ្ងន់ធ្ងរ លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន ប៊ុ​ន​ឆ​ន ស្នងការ​នៃ​ស្នង​ដ្ឋា​ន​នគរបាល ខេត្តព្រៃវែង បាន​បញ្ជា​ឱ្យ​អធិការដ្ឋាន​ក្រុង និង​ស្រុក​ផ្សេង​ទៀត បញ្ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ មក​គាំទ្រ​បន្ថែម​។

ក្នុងអំឡុងពេល​ដែល​សមត្ថកិច្ច​កំពុង​ធ្វើ​ប្រតិបត្តិការ​នោះ មាន​បងប្អូន​ប្រជាពលរដ្ឋ បាន​ចោមរោម​យ៉ាងច្រើន ហើយ​ក្នុង​នោះ​ក៏​មាន​ប្រជាពលរដ្ឋ​ដែល​មានផ្ទះ​ក្បែរ​ទីតាំង​កើតហេតុ (​ទំនង​មានការ​ព្រួយបារម្ភ និង​ភិតភ័យ​ខ្លាំង​) បាន​ព្យាយាម​ជ្រៀត​ខ្លួន​ចូល​ក្នុង​ចំណោម កម្លាំង​សមត្ថកិច្ច ដើម្បី​ប៉ុនប៉ង​អូស​ទាញ​កម្លាំង​បង្វែរ​ទុយោ​ទឹក ឱ្យ​បាញ់​ទៅ​លើ​ផ្ទះ​របស់​ខ្លួន រហូត​មាន​ពលរដ្ឋ​ខ្លះ បាន​ដណ្ដើម​​ទុយោ​ទឹក និង​ប្រើ​ពាក្យ​សម្ដី​មិន​សមរម្យ​ទៅ​លើ​សមត្ថកិច្ច​ទៀត​ផង ។ សមត្ថកិច្ច​សុខចិត្ត​ទទួល​ស្ដាប់​ពាក្យ​សម្ដី​មិន​សមរម្យ និង​បាន​ចាប់​ពលរដ្ឋ​ដែល​ចូល​មក​រំខាន​នោះ​ចេញពី​ទីតាំង​ប្រតិបត្តិការ​។

ក្នុង​ស្ថានភាព​នោះ​ដែរ ឯកឧត្តម សួន សុ​ម៉ា​លី​ន អភិបាលខេត្ត​ព្រៃវែង ក៏​បាន​បញ្ជា​ឱ្យ​អគ្គិសនី​ខេត្ត បិទ​ចរន្តអគ្គិសនី ដែល​អូស​កាត់​ពីលើ​ខាង​មុខ​ផ្ទះ​ជន​រង​គ្រោះ ដើម្បី​ទុក​លទ្ធភាព​ឱ្យ​កម្លាំង​ធ្វើ​ប្រតិបត្តិការ​កាន់តែ​ងាយស្រួល ។ ក៏​ប៉ុន្តែ​ដោយសា​ផ្ទះ​ជន​រង​គ្រោះ​មាន​ប្លង់​សេ​នៅ​ដំបូល និង​ថែម​ទាំង​មានការ​ផ្ទុះ​ខ្លាំង (​សមត្ថកិច្ច​សន្និដ្ឋាន​ថា ជា​ការ​ផ្ទុះ​ធុង​ប្រេង​) ជា​បន្តបន្ទាប់​នៅ​ខាងក្នុង​ផង សមត្ថកិច្ច​បាន​សម្រេច​ប្រើ​រថយន្ត​អគ្គិភ័យ​បុក​ទម្លុះ​ទ្វារ​ខាង​មុខ ដើម្បី​ឱ្យ​ក្រុម​ពន្លត់​បាន​ចល័ត​ទុយោ​ទឹក​កាន់តែ​កៀក​ទីតាំង​មានការ​ឆេះ​ខ្លាំង ។ បន្ទាប់​ពី​គ្រឿងចក្រ​ធុន​ធ្ងន់​បាន​មក​ដល់ សមត្ថកិច្ច​ក៏​បញ្ជា​ឱ្យ​បុក​និង​កាយ​ទម្លុះ​ទ្វារ​ចូល​ខាងក្នុង​ផ្ទះ ។

ទីបំផុត សមត្ថកិច្ច​ក៏​មាន​លទ្ធភាព​ចល័ត​ទុយោ​ទឹក​ចូល​ទៅ​ដល់​គោលដៅ​ដែល​មានការ​ឆេះ​ខ្លាំង រហូត​ឈាន​ទៅ​គ្រប់គ្រង​អគ្គិភ័យ​បាន​ទាំងស្រុង ហើយ​ភ្លើង​ក៏​មិន​អាច​ឆេះ​រាលដាល​បង្ក​ជា​មហន្ត​រាយ​ធ្ងន់ធ្ងរ​ជាង​នេះ​។ ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​បាន​ប្រើ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​១៣​គ្រឿង ក្នុង​នោះ ខេត្តព្រៃវែង ចំនួន​១០​គ្រឿង និង​មានការ​គាំទ្រ​ពី​ខេត្ត​ត្បូងឃ្មុំ​ចំនួន​៣​គ្រឿង​បន្ថែម ខណៈ​កម្លាំង​ពីរ​នាក់​បាន​រង​បួស​ដោយសារ​ការ​បាក់​ប្លង់​សេ និង​ម្នាក់​ទៀត បាន​រង​គ្រោះ​ដោយសារ​ការ​ពុល​ផ្សែង​ឆេះ​ប្រេង និង​គ្រឿង​ជ័រ​។

ផ្អែក​លើ​របាយការណ៍​របស់​លោក​ឧត្តមសេនីយ៍ទោ​ស្នងការ​ខេត្តព្រៃវែង ការ​សម្រេចចិត្ត​ផ្ដោត​លើ​គោលដៅ​កំពុង​ឆេះ​ខ្លាំង ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្លះ​មិន​សប្បាយចិត្ត​នា​ពេល​នោះ គឺ​ដោយសារ​ជំនាញ​បាន​សន្និដ្ឋាន​ច្បាស់​ថា ប្រសិនបើ​មិន​ពន្លត់ភ្លើង​នៅផ្ទះ​២​ល្វែង​បាន​ទាន់​ពេល​ទេ ជញ្ជាំង​សងខាង​នឹង​ត្រូវ​ប្រេះ​បាក់​បណ្ដាល​ឱ្យ​ភ្លើង​បន្ត​ចេះ​រាលដាល​បន្ថែម​ទៅ​ផ្ទះ​ជាប់​នោះ​មិន​ខាន​ឡើយ​។ ម្យ៉ាង​ផ្ទះ​ក្បែរ​នោះ ក៏​មាន​គ្រឿង​ឈើ បរិក្ខារ​ពេទ្យ និង​ផ្ទះ​ប្ដូរ​ប្រាក់​ទៀត​ផង ។

ក្នុង​ន័យ​នេះ ខ្ញុំ​សូម​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ​រដ្ឋបាល​ខេត្តព្រៃវែង ស្នងការដ្ឋាន​នគរបាល​ខេត្ត​អាជ្ញាធរ និង​កងកម្លាំង​ចម្រុះ ជា​ពិសេស​កម្លាំង​ពន្លត់​អគ្គិភ័យ ដែល​បាន​ប្រតិបត្តិការ​សង្គ្រោះ និង​ពន្លត់​ប្រកបដោយ​វិជ្ជាជីវៈ និង​ការ​លះបង់​ខ្ពស់​។ «​ស៊ូស្លាប់​បា​កុំឱ្យ​ស្លាប់​មេ ស៊ូ​លិច​ទូក​កណ្ដាលទន្លេ​កុំឱ្យ​ភ្លើង​ឆេះ​ផ្ទះ​» យើង​ក៏​យល់​ច្បាស់​នូវ​អារម្មណ៍​ភ័យ​ព្រួយ​ខ្លាំង​របស់​ប្រជាពលរដ្ឋ​ដូច​គ្នា​ដែរ ។

យ៉ាងណា​ក៏​ដោយ សូម​បងប្អូន​ទុក​លទ្ធភាព​នេះ ជូន​សមត្ថកិច្ច​ធ្វើការ​បាន​ពេញដៃពេញជើង ពីព្រោះ​មាន​តែ​សមត្ថកិច្ច​ជំនាញ​ទេ​ដែល​មាន​បទ​ពិសោធ និង​មានការ​សន្និដ្ឋាន​បែប​ប​ច្ចេ​ទេស​ចំពោះ​សភាពការណ៍​ជាក់ស្ដែង ជា​ពិសេស គោលដៅ​អាទិភាព​ត្រូវ​បាញ់​ទឹក​ពន្លត់​បន្ទាន់ និង​គោលដៅ​បន្ទាប់​ត្រូវ​ការពារ​ជាដើម​។ ការ​ធ្វើ​បុរេវិនិច្ឆ័យ​បែប​អវិជ្ជមាន​ផ្សេង​ៗ រហូត​ឈាន​ដល់​ការ​ប្រើ​ពាក្យ​សម្ដី​មិន​សមរម្យ​លើ​សមត្ថកិច្ច ឬ​អាជ្ញាធរ និង​ការ​ចូល​ទៅ​រំខាន​ផ្សេង​ៗ ក៏​មិន​គួរ​កើត​មាន​ឡើយ ក្នុង​ពេល​ដែល​ពួក​គាត់​កំពុង​យក​ជីវិត​ទៅ​ប្ដូរ​ដើម្បី​ពួក​យើង ។

ឆ្លៀត​ក្នុង​ឱកាស​នេះ​ដែរ ខ្ញុំ​សូម​អំពាវនាវ​ដល់​បងប្អូន​ជនរួមជាតិ​ទូ​ទាំង​ប្រទេស សូម​មាន​ស្មារតី​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​គ្រោះ​អគ្គិភ័យ​គ្រប់​ទីកន្លែង ទាំង​នៅ​ក្នុងផ្ទះ ផ្សារ រោងចក្រ សហគ្រាស​អាជីវកម្ម ទីតាំង​សាធារណៈ​ផ្សេង​ៗ ស្រែ​ចំការ និង​ព្រៃ​ជាដើម ជា​ពិសេស​ក្នុង​ស្ថានភាព​ដែល​ប្រទេស​យើង កំពុង​ស្ថិត​ក្នុង​រដូវក្ដៅ​។ ជាមួយ​គ្នា​នេះ សូម​កម្លាំង​ពន្លត់​អគ្គិភ័យ​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ បន្ត​ត្រៀមលក្ខណៈ​ប្រតិបត្តិការ​ផ្ដល់​សេវា​ជួយ​សង្គ្រោះ​ជូន​ប្រជាពលរដ្ឋ ឱ្យ​បាន​ទាន់​ពេលវេលា ដើម្បី​រួម​គ្នា​សម្រេច​គោលដៅ​រួម គឺ​«​ធ្វើ​អ្វី​ៗ​ដើម្បី​ផ្ដល់​ភាព​កក់ក្ដៅ​ជូន​ប្រជាពលរដ្ឋ​»​។

ឆ្លើយ​តប​ទៅ​នឹង​ការ​បញ្ជាក់​របស់​ឧបនាយករដ្ឋមន្ត្រី ស សុខា ដែល​ជា​ថ្នាក់លើ​បែប​នេះ ឧត្តម​សេនីយ៍ទោ ឈឿ​ន ប៊ុ​ន​ឆ​ន ស្នងការ​នគរបាល​ខេត្តព្រៃវែង បាន​ចែករំលែក​សារ​មួយ​នេះ ដោយ​បង្ហាញ​អារម្មណ៍​កក់ក្តៅ​ថា «The best of the best and full of meaning ថាមពល​មហាសាល​ដែល​មេ​បាន​ផ្តល់​ដល់​មន្ត្រី​ក្រោម​ឱវាទ​គ្រប់​ៗ​គ្នា មន្ត្រី​ទាំងអស់​ក្នុង​ខេត្ត បាន​អាន​សារ​នេះ​ហើយ ពោរពេញ​ដោយ​ភាព​កក់ក្តៅ និង​បន្ត​យក​ជីវិត​ទៅ​ធ្វើ​ការងារ​ជា​បន្ត​ទៀត​»៕ អត្ថបទ​៖ អោម ចែត​ច័ន្ទ​ណា​រ៉ា

អត្ថបទសរសេរ ដោយ