ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មកររោងចក្រ Y&W បន្តធ្វើបាតុកម្មបិទផ្លូវក្រោយទទួលដំណឹងថា ថៅកែទូទាត់ប្រាក់ឈ្នួលថ្ងៃនេះ តែបែរជាអត់វិញ

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្មករ​កម្មការិនី​រោងចក្រ​សម្លៀក​បំពាក់​ក្មេង យីហោ «Y&W» ច្រើន​រយ​នាក់ តំណាង​ឲ្យ​ជាង​៤​ពាន់​នាក់​បាន​បន្ត​ធ្វើ​បាតុកម្ម​បិទផ្លូវ​តវ៉ា​ទាមទារ​លក្ខខណ្ឌ​ការងារ​ជា​ថ្មី ក្រោយ​ពួក​គាត់​ទទួល​ដំណឹង​ថា និង​មានការ​ទូទាត់​ប្រាក់​ឈ្នួល និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ៗ​ជូន​ពួក​គាត់…

រាជធានី​ភ្នំពេញ ៖ កម្មករ​កម្មការិនី​រោងចក្រ​សម្លៀក​បំពាក់​ក្មេង យីហោ «Y&W» ច្រើន​រយ​នាក់ តំណាង​ឲ្យ​ជាង​៤​ពាន់​នាក់​បាន​បន្ត​ធ្វើ​បាតុកម្ម​បិទផ្លូវ​តវ៉ា​ទាមទារ​លក្ខខណ្ឌ​ការងារ​ជា​ថ្មី ក្រោយ​ពួក​គាត់​ទទួល​ដំណឹង​ថា និង​មានការ​ទូទាត់​ប្រាក់​ឈ្នួល និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ៗ​ជូន​ពួក​គាត់ នៅ​ថ្ងៃ​ទី​២០ ខែ​មិ​នា ឆ្នាំ​២០២៤​នេះ ។ ប៉ុន្តែ​ដល់​ថ្ងៃ​កំណត់​ដែល​ពួក​គាត់​ខំ​រង់ចាំ​យ៉ាង​អន្ទះសារ​នោះ បែរជា​អត់​ទៅ​វិញ​ទើប​ពួក​គាត់​ប្រមូលផ្ដុំ​គ្នា​បន្ត​ធ្វើការ​តវ៉ា​បិទផ្លូវ​បែប​នេះ​ទៀត ។

កម្មករ​បាន​បិទផ្លូវ​លេខ​២១៧ ត្រង់​ចំណុច​មុខ​រោងចក្រ​ខាងលើ​ចំនួន​៣​តង់ និង​មានការ​ដង្ហែរ​ក្បួន​ទៅ​បិទផ្លូវ​ប្រសព្វ​រវាងផ្លូវ​លេខ​២១៧ និង​ផ្លូវ​៥០​ម៉ែត្រ​ស្តុ​ប​ព្រែក​ជ្រៃ ភូមិ​បា​គូ សង្កាត់​ដង្កោ ខណ្ឌដង្កោ​ទៀត ដែល​ធ្វើ​ឲ្យ​ផ្លូវ​ខាងលើ​មិន​អាច​ធ្វើ​ចរាចរណ៍​បាន​ឡើយ សមត្ថកិច្ច​បាន​បង្វែរ​យានយន្ត​គ្រប់​ប្រភេទ​ទៅ​កាន់​ផ្លូវ​ផ្សេង​វិញ ។

សូម​បញ្ជាក់​ថា រោងចក្រ​ក្ស័យធន​ហើយ ថៅកែ​បាន​វេច​បង្វិច​រត់​ចោល និង​បិទ​រោងចក្រ​លែង​ដំណើរការ​រយៈពេល​ជាង​២០​ថ្ងៃ​កន្លង​មក​ហើយ ដោយ​កម្មករ​បាន​អះអាង​ថា គ្មាន​ការ​ជូនដំណឹង​ដល់​ពួក​គាត់​ជា​មុន ។

ជា​ពិសេស​អ្វី​ដែល​ធ្វើ​ឲ្យ​ពួក​គាត់​កើតទុក្ខ​មិន​សុខចិត្ត​រហូត​ផ្ទុះ​ការ​តវ៉ា​ជា​បន្តបន្ទាប់​នោះ ព្រោះ​ថៅកែ​មិន​ទាន់​បើកប្រាក់​ឈ្នួល និង​ទូទាត់​ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ៗ​ជូន​កម្មករ​នៅឡើយ ។ កម្មករ​បាន​និយាយ​ថា ថៅកែ​បាន​រត់​ចោល និង​បិទទ្វារ​រោងចក្រ​២០​ថ្ងៃ​មក​ហើយ ដោយ​មិន​បាន​បើកប្រាក់​ឈ្នួល និង​អត្ថប្រយោជន៍​ជូន​ពួក​គាត់​ឡើយ ដូច្នេះ​ទើប​ពួក​គាត់​ធ្វើការ​តវ៉ា​រហូត​មក ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ​ចំនួន​ចំណុច​៥​មាន​ដូច​ជា ទី​១ ស្នើរ​សុំ​ឲ្យ​ភាគី​រោងចក្រ​បើកប្រាក់​ឈ្នួល​ចុង​ក្រោយ​តាម​មាត្រា​១១៦​នៃ​ច្បាប់​ការងារ ។ ទី​២ ស្នើរ​សុំ​ឲ្យ​ភាគី​រោងចក្រ​បើកប្រាក់​ជួស​ការ​សម្រាក​ប្រចាំឆ្នាំ​តាម​មាត្រា​១១៦-១១៧ នៃ​ច្បាប់​ការងារ ។

ទី​៣,​ស្នើរ​សុំ​ឲ្យ​ភាគី​រោងចក្រ​បើកប្រាក់​បំណាច់​អតីតភាព​ដែល​នៅ​សល់​តាម​មាត្រា​៩៨​ថ្មី ប្រកាស​៤៤៣ ។ ទី​៤ ស្នើរ​សុំ​ឲ្យ​ភាគី​រោងចក្រ​បើកប្រាក់​ជូនដំណឹង​មុន​តាម​មាត្រា​៧៥-៧៧ -៧៩ ។ ទី​៥ ស្នើរ​សុំ​ឲ្យ​ភាគី​រោងចក្រ​បើកប្រាក់​សងជម្ងឺចិត្ត​ជូន​កម្មករ​កម្មការិនី តាម​មាត្រ​៩១​ថ្មី ។

ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ក្រោយ​មានការ​តវ៉ា​ខាង​ក្រសួង​ការងារ​បាន​ធ្វើការ​ដោះស្រាយ​ឲ្យ​រហូត ហើយ​ពួក​គាត់​ទទួល​ដំណឹង​ថា នៅ​ថ្ងៃ​ទី​២០ ខែ​មិ​នា ឆ្នាំ​២០២៤​នេះ និង​មានការ​ទូទាត់​នូវ​ប្រាក់​ឈ្នួល និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ៗ​ជូន​ពួក​គាត់ ។ ពេល​នោះ​ពួក​គាត់​ត្រេកអរ​ខ្លាំង​ណាស់ ប៉ុន្តែ​ដល់​ថ្ងៃ​កំណត់​បែរជា​អត់​ទៅ​វិញ​ទើប​ពួក​គាត់​នាំ​គ្នា​ធ្វើ​បាតុកម្ម​បិទផ្លូវ​បែប​នេះ​តែ​ម្ដង ដើម្បី​ឲ្យ​ក្រសួង​ការងារ និង​ថៅកែ​រោងចក្រ​ដោះស្រាយ​ជា​បន្ទាន់ ។

ទាក់ទង​និង​បញ្ហា​នេះ​នៅ​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២៤ ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចេញ​សេចក្តី​ប្រកាស​បដិសេធន៍​ស្ដី​ពី​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ត្រឹមត្រូវ​ជុំវិញ​ការ​បើកប្រាក់​ឈ្នួល​ដល់​បងប្អូន​កម្មករនិយោជិត នៅ​ក្រុមហ៊ុន​វ៉ា​យ & ដា​ប់បែល​យូ​ហ្គា​មេន (Y & W GARMENT CO., LTD.) ។ នៅ​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២៤​នេះ ។

ក្រសួង​ការងារ​បន្ថែម​ថា កន្លង​មកនេះ​មានការ​បំផុសបំផុល និង​បំផ្លើស​ព័ត៌មាន​ជំរុញ​ឱ្យ​បងប្អូន​កម្មករនិយោជិត​មក​បើកប្រាក់​ឈ្នួល​លើក​ទី​២ ខែ​ចុង​ក្រោយ នៅ​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២៤ នេះ ។ បច្ចុប្បន្ន​នេះ​ក្រសួង​បាន​ទទួល​ដីកា​រក្សា​ការពារ​ហើយ សាលាដំបូង​រាជធានី​ភ្នំពេញ ក៏​កំពុង​បំពេញ​នីតិវិធី​លក់​ឡៃ​ឡុ​ង​ទ្រព្យសម្បត្តិ ក្រុមហ៊ុន ដើម្បី​បាន​ថវិកា​សម្រាប់​ទូទាត់​ជូន​បងប្អូន​កម្មករនិយោជិត ។

ទន្ទឹម​នឹង​នេះ ក្រោយ​ពេល​ដែល​តុលាការ​បញ្ចប់ នីតិវិធី និង​លក់​ឡៃ​ឡុ ង​ទ្រព្យសម្បត្តិ​ក្រុមហ៊ុន​រួចរាល់​ហើយ ក្រសួង​នឹង​ប្រកាស​ជា​សាធារណៈ​ឱ្យ​បងប្អូន​កម្មករនិយោជិត មក​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ផ្សេង​ៗ​ទោះបីជា​ថ្ងៃ​ឈប់​សម្រាក​ក៏​មន្ត្រី​ក្រសួង​បម្រើ​ការងារ​ជូន​ដែរ ។

ក្រសួង​ការងារ និង​បណ្តុះបណ្តាល វិជ្ជាជីវៈ​សូម​អំពាវនាវ​ដល់​បុគ្គល ទាំងឡាយ ដែល​មាន​បំណង​ចង់​ជួយ​ដល់​បងប្អូន​កម្មករនិយោជិត​ពិតប្រាកដ​នោះ សូម​ផ្តល់​ព័ត៌មាន​ឱ្យ​បាន​ត្រឹមត្រូវ និង​សូម​ឱ្យ​យល់​អំពី​នីតិវិធី​នៃ​ការ​លក់​ឡៃ​ឡុ​ង​ចៀស​សវាង​ការ​ផ្តល់​ព័ត៌មាន​ខុស​បង្កើត​ឱ្យ​មានការ​យល់​ច្រឡំ ឬ​សកម្មភាព​មិន​ត្រឹមត្រូវ​ណាមួយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ