ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​ឆេះ​រោងចក្រ​ផលិត​ស្បែកជើង មិន​ទាន់​រលត់​នៅឡើយ ជាង​៤​ម៉ោង​ហើយ ភ្លើង​ឆេះ​កាន់តែ​ខ្លាំង​ឡើង

1 ខែ មុន

ខេត្តកណ្ដាល ៖ គិត​មក​ត្រឹម​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២៤ ភ្លើង​ដែល​ឆេះ​រោងចក្រ​ផលិត​ស្បែកជើង​(RG) នៅ​ស្រុក​អង្គស្នួល ខេត្តកណ្ដាល នៅ​មិន​ទាន់​រលត់​នៅឡើយ​ទេ​។ បើ​ទោះបីជា​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង…

ខេត្តកណ្ដាល ៖ គិត​មក​ត្រឹម​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២៤ ភ្លើង​ដែល​ឆេះ​រោងចក្រ​ផលិត​ស្បែកជើង​(RG) នៅ​ស្រុក​អង្គស្នួល ខេត្តកណ្ដាល នៅ​មិន​ទាន់​រលត់​នៅឡើយ​ទេ​។ បើ​ទោះបីជា​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង ទៅ​បាញ់​ពន្លត់​ជា​បន្តបន្ទាប់​យ៉ាងណា​ក៏​ដោយ ប៉ុន្តែ​ភ្លើង​នៅ​តែ​ឆេះ​ខ្លាំង ដែល​ទំនង​ឆេះ​ទាល់តែ​អស់​ទើប​រលត់​។ ព្រោះ​នៅ​ក្នុង​រោងចក្រ​មាន​សុទ្ធតែ​សម្ភារៈ​ដែល​ងាយ​នឹង​ឆេះ​ហើយ​ឆេះ​ងំ​ថែម​ទៀត ដូច​ជា កាវ​បិទ​ស្បែកជើង ជ័រ ស្បែក និង​របស់របរ​ជា​ច្រើន​មុខ​ទៀត​។

អគារ​រោងចក្រ​ច្រើន​ខ្នង រួម​ទាំង​ម៉ាស៊ីន​សង្វា​ក់​ផលិតកម្ម វត្ថុធាតុដើម​សម្រាប់​ផលិត​ស្បែកជើង​មាន​ដូច​ជា ជ័រ ស្បែក កាវ​បិទ​ស្បែកជើង និង​របស់របរ​ជា​ច្រើន​មុខ​ទៀត ព្រមទាំង​ស្បែកជើង ដែល​ជា​ផលិតផល​សម្រេច​រាប់រយ​គូ ត្រូវ​បាន​ភ្លើង​ឆេះ​ទាំងស្រុង​។ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក ដែល​ស្ថិត​នៅ​ក្នុង​ហេតុការណ៍​នោះ ប៉ុន្តែ​នៅ​មិន​ទាន់​ដឹង​ថា ទំហំ នៃ​ការ​ខូចខាត​គិត​ជា​ទឹកប្រាក់​ប៉ុន្មាន​នៅឡើយ ។

ប្រភព​ខាងលើ​បាន​ប្រាប់​ថា ដោយឡែក​កម្មករ កម្មការិនី ព្រមទាំង​ប្រជាពលរដ្ឋ ដែល​ស្នាក់​នៅផ្ទះ​ជួល​កៀក និង​រោងចក្រ​នោះ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ជម្លៀស​ចេញ​ជា​បណ្ដោះអាសន្ន ឬ​អ្នក​ដែល​មាន​រថយន្ត និង​ម៉ូតូ ត្រូវ​ឲ្យ​យក​ទៅ​ទុក​ឲ្យ​ឆ្ងាយ​ពី​កន្លែង​កើតហេតុ ។ ដើម្បី​ការពារ​សុវត្ថិភាព​ពួក​គាត់ និង​មិន​ឲ្យ​មានការ​ខាតបង់​ទ្រព្យសម្បត្តិ ដែល​អាច​នឹង​បង្ក​ឡើង​ដោយសារ​តែ​ភ្លើង​នោះ ក្រែង​មិន​អាច​ទប់ស្កាត់​បាន​ព្រោះ​ការ​ឆាបឆេះ​នោះ មាន​ទំហំ​ធំ​ពេក ។

ប្រភព​ដដែល បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត រថយន្ត​ពន្លត់​អគ្គិភ័យ​ច្រើន​គ្រឿង បាន​ចេញ​ទៅ​កាន់​ទីនោះ មាន​ដូច​ជា​រថយន្ត​ពន្លត់​អគ្គិភ័យ​ក្រសួងមហាផ្ទៃ រថយន្ត​ពន្លត់​អគ្គិភ័យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។ រថយន្ត​ពន្លត់​អគ្គិភ័យ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល រថយន្ត​ពន្លត់​អគ្គិភ័យ​អង្គភាព​៧១១ កងពលតូច​លេខ​៧០ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ពី​បណ្ដា​ក្រុមហ៊ុន​ឯកជន​ជា​ច្រើន​ទៀត​។ ចំណែក​ក្រុម​អ្នក​ពន្លត់ភ្លើង​មាន​ទាំង​កម្លាំង សមត្ថកិច្ច និង​ស៊ី​វិល ម្នាក់​ៗ​បាន​ខំប្រឹង​ធ្វើការ អស់ពី​កម្លាំងកាយ​ចិត្ត និង​ប្រើ​គ្រប់​វិធី និង​ជំនាញ ដើម្បី​ធ្វើ​យ៉ា​ណា​ឲ្យ​ភ្លើង​រលត់ បើ​ទោះបីជា​អគារ​រោងចក្រ ត្រូវ​ភ្លើង​ឆេះ​ទាំងស្រុង​ហើយ​ក៏​ដោយ ។

សូម​រម្លឹក​ថា កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២៤ នៅ​ក្នុង​រោងចក្រ​ផលិត​ស្បែកជើង​យីហោ​«​អ​.​ជី ហ្វ៊ូ​ត​វែ​រ (​ខេ​ម​បូ​ឌា​) ឯក​(RG) ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​៤ ក្នុងភូមិ​ស្វាយ​ជ្រុំ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។​ត្រូវ​បាន​ភ្លើង​ឆេ​ប​ឆេះ​សន្ធោរ​សន្ធៅ ដែល​សង្ស័យ​បង្ក​ឡើង​ដោយ​ការ​ឆ្លង​ចរន្តអគ្គិសនី ក្នុង​ខណៈ​ដែល​កម្មករ កម្មការិនី​រាប់រយ​នាក់​កំពុងធ្វើការ ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គេ​មានការ​ភ័យ​ខ្លាច ហើយ​បាន​នាំ​គ្នា​រត់​ចេញ​ក្រៅ​យ៉ាង​ប្រសេចប្រសាច ហើយ​ពុំ​ទាន់​មានការ​អះអាង​ណាមួយ​ថា តើ​មាន​អ្នក​រង​គ្រោះ​ក្នុង​ហេតុការណ៍​នេះ​ឬ​អត់​នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ