ខេត្តព្រៃវែង ៖ ក្រុមចោរចំនួនពីរនាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយម្នាក់ត្រូវបានប្រជាពលរដ្ឋចាប់វា.យ និងម្នាក់ទៀតជិះម៉ូតូរត់គេចខ្លួន ហើយជ្រុលទៅបុកម៉ូតូរបស់សមត្ថកិច្ច ដែលដាក់ស្ទាក់កណ្ដាលផ្លូវ ។ ហេតុការណ៍ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៥ មិនានេះ នៅក្នុងទឹកដីស្រុកពាមរក៍ ខេត្តព្រៃវែង ។

សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ប្រាប់ថា ក្រុមចោរទាំងពីរនាក់នេះ បានធ្វើសកម្មភាពចូលទៅលួចយកថង់លុយពីក្នុងរថយន្តដឹកស្រូវមួយគ្រឿង ដែលម្ចាស់ចតចោល នៅតាមចិញ្ចើមផ្លូវ ក្នុងភូមិពន្លៃ ឃុំបាបោង ពេលលួចបានលុយរួចហើយក៏ត្រូវម្ចាស់គេទាន់ស្រែកផ្អើលឆោឡោឡើង ទើបអ្នកស្រុកផ្អើលចេញមកជួយចាប់បានចោរម្នាក់ ហើយព្រួតវា.យម្នាក់មួយដៃមួយជើង បណ្ដាលឲ្យចោររងរបួសយ៉ាងដំណំ ។

ដោយឡែកចោរម្នាក់ទៀត បានជិះម៉ូតូរត់គេចខ្លួនឆ្ពោះមកកាន់ទីប្រជុំជនអ្នកលឿង តែពេលមកដល់ក្រោមស្ពានអ្នកលឿងក៏ជ្រុលទៅបុកម៉ូតូរបស់សមត្ថកិច្ចដែលដាក់ស្ទាក់កណ្ដាលផ្លូវ បណ្ដាលឲ្យដួលបោកនឹងថ្នល់រងរបួសយ៉ាងដំណាំទៀត ។
ក្រោយពីត្រូវចាប់បានភ្លាមៗចោរទាំងពីរនាក់ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកពាមរក៍ ដើម្បីកសាងសំណុំរឿងចាត់ការបន្តទៅតាមនីតិវិធី ៕


ចែករំលែកព័តមាននេះ