ខេត្តសៀមរាប ៖ អ្នកទទួលបន្ទុកផ្នែករកក្រុមហ៊ុនយន្តហោះ នៃព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ បានស្នើរសុំដល់វិស័យឯកជនមួយចំនួន ជួយផ្សព្វផ្សាយ និងជំរុញវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ឱ្យមានការកើនឡើងបន្ថែមទៀត ខណៈព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ បាននិងកំពុងព្យាយាមពង្រីកបន្ថែមនូវយន្តហោះថ្មីៗដើម្បីហោះឱ្យបានទាន់តម្រូវការ ។

ថ្លៃងប្រាប់អ្នកសារព័ត៌មានកាលពីថ្មីៗមកនេះ លោក ពេជ្រ សុប៉ុនតារា អ្នកទទួលបន្ទុកផ្នែករកក្រុមហ៊ុនយន្តហោះ នៃព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ បានឱ្យដឹងថា ៖ «ខ្ញុំបាននិងកំពុងរកក្រុមហ៊ុនយន្តហោះថ្មីបន្ថែមទៀត ដើម្បីហោះហើរ ហើយខ្ញុំសូមលើកទឹកចិត្តអ្នកដែលកំពុងហោះសូមបង្កើនការហោះហើរ ដូចនេះយើងនៅតែសង្ឃឹមថា នឹងមានកំណើន ។ ជាមួយគ្នានេះ យើងព្យាយាមធ្វើការងារទំនាក់ទំនងបន្ថែមជាមួយក្រុមហ៊ុនទេសចរណ៍ ដើម្បីធ្វើយ៉ាងណាឱ្យតម្លៃនៃជើងហោហើរនីមួយៗ មានតម្លៃដែលភ្ញៀវអាចទទួលយកបាន ព្រោះថា តម្លៃនៃជើងហោះហើរ គឺក្រុមហ៊ុនទេសចរណ៍» ជាអ្នកកំណត់តម្លៃ ។ ជាមួយគ្នានេះលោកក៏បានស្នើសុំឱ្យសារព័ត៌មានជួយផ្សព្វផ្សាយទេសចរណ៍ក្នុងស្រុក ដើម្បីបង្កើនភ្ញៀវទេសចរផងដែរ ។

លោក ពេជ្រ សុប៉ុនតារា បានបន្តថា ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ (ថ្មី) បានស្វាគមន៍ក៏ដូចជាបានទទួលជាតិ និងអន្តជាតិក្នុងមួយថ្ងៃប្រមាណជាជាង ៥ ពាន់នាក់ ដែលនេះគឺការកើនឡើង ៥ ភាគរយ បើធៀបនឹងព្រលានយន្តហោះចាស់ និងបច្ចុប្បន្នយើងមានជើងហោះហើរ ៥០ ជើងទាំងទៅ និងមក ហោះទៅកាន់ ៦ ប្រទេសក្នុងតំបន់អាស៊ាន លើកលែងតែប្រទេសព្រុយណេ ភូមា ឥណ្ឌូនេស៊ី និងហ្វីលីពីនតែប៉ុណ្ណោះ ក្រៅពីប្រទេសអាស៊ាន ក៏មានប្រទេសចិន និងកូរ៉េខាងត្បូងផងដែរ ។

គួររំលឹកផងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ ២០២០ ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd (AIAI) ក្រោមទុនវិនិយោគប្រមាណ១ ១០០ លានដុល្លារអាមេរិក ដែលជាការវិនិយោគ BOT (សាងសង់ ដំណើរការ និងផ្ទេរមកវិញ) ក្នុងរយៈពេល ៥៥ ឆ្នាំ ។

សូមជម្រាបជូនផងដែរថា ក្នុងដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងដោយ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) ដែលបានដឹកនាំអ្នកសារព័ត៌មានមកពីស្ថាប័នផ្សេងៗរួមមានទាំងសារព័ត៌មានជាភាសាខ្មែរ, អង់គ្លេស, ចិន និងវៀតណាម សរុបចំនួន ៤២ នាក់ ទៅកាន់ខេត្តសៀមរាប មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ខែមីនា ឆ្នាំ ២០២៤ ។ នេះជាបេសកកម្មសារព័ត៌មានដ៏ធំមួយលើប្រធានបទ «ចូលរួមផ្សព្វផ្សាយទ្រង់ទ្រាយធំស្តីពីសក្តានុពលទេស ចរណ៍ខេត្តសៀមរាប» ។ ក.អ.ក សូមសម្តែងការអរគុណចំពោះក្រសួងទេសចរណ៍, រដ្ឋបាលខេត្តសៀមរាប, អាជ្ញាធរជាតិរអប្សរា និង បណ្តាក្រុមហ៊ុន ដែលបានគាំទ្របេសកកម្មដ៏មានសារសំខាន់នេះ ៕





ចែករំលែកព័តមាននេះ