ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្ដេញ​វៀតណាម​២៦​នាក់​ដែល​ចូល​មក​ជីក​ ​រ៉ែ​មាស​ក្នុង​តំបន់​កន្ទុយ​នាគទៅ​ប្រទេស​​វិញ​

1 ខែ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ជនជាតិ​វៀតណាម​២៦​នាក់ ដែល​ចូល​មក​ជីក​កកាយ​យក​រ៉ែ​មាស​ខុសច្បាប់​ដែល​កម្លាំង​ចម្រុះ​ខេត្តរតនគិរី​ធ្វើការ​បង្ក្រាប និង​ឃាត់ខ្លួន​រួម​ទាំង​សម្ភារ​គ្រឿងចក្រ​ជា​ច្រើន​គ្រឿង​ទៀត​ផង​នោះ​ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​សម្រេច​ដោះ​លែង និង​បណ្តេញចេញ​ឱ្យទៅ​ប្រទេស​វៀតណាម​វិញ​ហើយ ។ ការ​បណ្តេញចេញ​ជនជាតិ​វៀតណាម​ទាំង​២៦​នាក់​ដែល​ចូល​មក​ជីក​កកាយ​យក​រ៉ែ​មាស​ខុសច្បាប់ គឺស្ថិត​នៅ​តំបន់​កន្ទុយ​នាគ​ក្នុងភូមិ​សាស្ត្រ​ស្រុក​តា​វែង ខេត្តរតនគិរី…

ខេត្តរតនគិរី ៖ ជនជាតិ​វៀតណាម​២៦​នាក់ ដែល​ចូល​មក​ជីក​កកាយ​យក​រ៉ែ​មាស​ខុសច្បាប់​ដែល​កម្លាំង​ចម្រុះ​ខេត្តរតនគិរី​ធ្វើការ​បង្ក្រាប និង​ឃាត់ខ្លួន​រួម​ទាំង​សម្ភារ​គ្រឿងចក្រ​ជា​ច្រើន​គ្រឿង​ទៀត​ផង​នោះ​ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​សម្រេច​ដោះ​លែង និង​បណ្តេញចេញ​ឱ្យទៅ​ប្រទេស​វៀតណាម​វិញ​ហើយ ។

ការ​បណ្តេញចេញ​ជនជាតិ​វៀតណាម​ទាំង​២៦​នាក់​ដែល​ចូល​មក​ជីក​កកាយ​យក​រ៉ែ​មាស​ខុសច្បាប់ គឺស្ថិត​នៅ​តំបន់​កន្ទុយ​នាគ​ក្នុងភូមិ​សាស្ត្រ​ស្រុក​តា​វែង ខេត្តរតនគិរី សមត្ថកិច្ច​បាន​សម្រេច​ឱ្យ​ចេញ​តាម​ច្រក​ទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២៤ ។

ជនអន្តោប្រវេសន៍​វៀតណាម​ជីក​យក​រ៉ែ​មាស​ខុសច្បាប់ ដែល​ត្រូវ​បាន​កម្លាំង​ចម្រុះ​ចុះ​បង្ក្រាប​ដឹកនាំ​ដោយ​លោក​ម៉ា វិច​ត្រ អភិបាលរង​ខេត្ត សម្របសម្រួល​នីតិវិធី​ដោយ​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៧ ខែមីនា ឆ្នាំ​២០២៤ កម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ រួម​និង​មន្ត្រី​ឧទ្យាន​ជាតិ មន្ត្រី​រ៉ែ​និង​ថាមពល​ខេត្ត មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត អភិបាលស្រុក​តា​វែង រួម​និង​មន្ត្រី​ពាក់ព័ន្ធ​មួយទៀត ដោយ​ប្រើប្រាស់​អស់​ពេល​ចំនួន​៤​ថ្ងៃ ទើប​ធ្វើ​កិច្ចការ​នោះ​បាន​ជោគជ័យ ។

ហើយ​នៅ​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២៤​នោះ ជនសង្ស័យ​ទាំង​២៦​នាក់​ត្រូវ​បាន​កម្លាំង​ចម្រុះ​ធ្វើការ​ផ្ញើ​ទុកជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អណ្ដូង​មាស ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​រួម​ទាំង​ភស្តុ​តាង​មក​សាលាដំបូង​ខេត្ត ។

ក្រុមការងារ​ចម្រុះ​ខេត្តរតនគិរី​ដែល​ដឹកនាំ​ដោយ​លោក ម៉ា វិចិត្រ អភិបាលរង​ខេត្ត និង​ក្រោម​ការ​សម្របសម្រួល​នីតិវិធី​ដោយ​លោក កែវ ភក្ដី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត ដែល​បាន​ចុះ​អង្កេត​ត្រួតពិនិត្យ បទល្មើស​ធនធាន​រ៉ែ​ឃើញ​មាន​ចំនួន​៦​ទីតាំង​ជាក់ស្តែង​ឃើញ​មាន​ជនជាតិ​វៀតណាម​ចំនួន​២៦​នាក់ (​ស្រី​ម្នាក់​) ប្រើប្រាស់​បណ្ណ​ស្នាក់​នៅ​អចិន្ត្រៃយ៍​ផុតកំណត់​) ក៏​ត្រូវ​បាន​ពិន័យ​តាម​ផ្លូវច្បាប់​ការងារ​ធ្វើ​កិច្ចសន្យា និង​បណ្ដេញចេញ​ទៅ​កាន់​ប្រទេស​កំណើត​វិញ អនុវត្ត​ដោយ​មន្ត្រី​អន្តោប្រវេសន៍​នៃ​ស្នងការ​នគរបាល​ខេត្តរតនគិរី តាម​ច្រក​ទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២៤ ។

លោក អ៊ុ​ង​ហ៊ួ​រ ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត បានឱ្យ​ដឹង​ដែរ​ថា ក្រោយ​ពី​បាន​ពិនិត្យ​ទីតាំង​ទាំង​៦​ខាងលើ​រួច​មក លោក​យល់​ឃើញ​ថា ក្រៅពី​ទីតាំង​អនាធិបតេយ្យ​ចាស់ (​ទីតាំង​ទី​២) ដែល​ទុក​ចោល​យូរ​មក​ហើយ​នោះ មាន​ទីតាំង​ចំនួន​៥​ផ្សេង​ទៀត មាន​ដូច​ជា ទីតាំង​ទី​១-​នៅ​ដើម​ទី​មាន​អេ​ស្កា​វ៉ា​ទ័​រ​១​គ្រឿង ទើប​ចូល​មក​(​ទុក​ចោល​) ។ ទីតាំង​ទី​៦ មាន​អេ​ស្កា​វ៉ា​ទ័​រ​១​គ្រឿង​ឈូស​ឆាយ​ផ្លូវ​,​។ ឯ​ទីតាំង​ទី​៣,៤,៥ កំពុង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​អាច​ឈាន​ទៅ​ធ្វើ​អាជីវកម្ម​មាន​អាជ្ញា​បណ្ណ​(​អាជីវកម្ម​) ។

ដូច្នេះ ក្រុមហ៊ុន​មិន​ទាន់​បាន​ប្រតិបត្តិការ​នៅឡើយ ដែល​ជា​សកម្មភាព​ខុស​លក្ខខណ្ឌ​អាជ្ញា​បណ្ណ​ស្វែង​រុករក​ត្រូវ​ពិន័យ​តាម​មាត្រា​ទី​៣៦​ថ្មី នៃ​ច្បាប់​ស្ដី​ពី​ការ​គ្រប់គ្រង​និង​ធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ ។ ចំណែកឯ​គ្រឿងចក្រ​ជា​ច្រើន​គ្រឿង​ដែល​បម្រើ​ឱ្យ​ជា​មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស​ជីក​យក​រ៉ែ​មាស​ខុសច្បាប់​នោះ នៅ​រក្សា​ទុក​នៅ​និង​កន្លែង​ប្រព្រឹត្ត​សកម្មភាព​នោះ​ដដែល​នៅឡើយ​។

ពាក់ព័ន្ធ​ក្នុង​រឿង​ជនជាតិ​វៀតណាម​ចំនួន​២៦​នាក់​នេះ​ដែរ ប្រជាពលរដ្ឋ រួម​និង​មន្ត្រី​ស្អាតស្អំ មួយ​ចំនួន​នៅ​តែ​ទ​ទួ​ច​សុំ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ ជា​ពិសេស​ក្រសួងបរិស្ថាន មេត្តា​បើក​ការ​ស៊ើបអង្កេត​ឱ្យ​បាន​ស៊ីជម្រៅ​ផង ព្រោះថា ជនអន្តោប្រវេសន៍​ទាំង​អស់នោះ បើ​គ្មាន​ការ​ឃុបឃិត​គ្នា​ជាមួយ​អាជ្ញា​ធរ​មូលដ្ឋាន និង​មន្ត្រី​ស្នាក់​ការ​បរិស្ថាន​នោះ​ទេ ពួក​គេ​ក៏​មិន​អាច​ហ៊ាន​នាំ​គ្រឿងចក្រ​ជា​ច្រើន​គ្រឿង​ចូល​ព្រៃ​ឧទ្យាន​ជាតិ និង​ធ្វើ​សកម្មភាព​កាយ​យក​រ៉ែ​ជា​ច្រើន​ថ្ងៃខែ​បាន​រលូន​បែប​នេះ​ដែរ ។

អត្ថបទសរសេរ ដោយ