ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​ក្រសួងកសិកម្ម ក្រើនរម្លឹក​ឱ្យ​ផ្ទៀងផ្ទាត់​ជា​មុន​សិន មុន​នឹង​វិនិច្ឆ័យ និង​ចែករំលែក​ព័ត៌មាន​ល្បី​ណាមួយ

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ លោក ឃឹម ហ្វី​ណ​ង់ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ជា​អ្នកនាំពាក្យ​ក្រសួង…

រាជធានី​ភ្នំពេញ ៖ លោក ឃឹម ហ្វី​ណ​ង់ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ជា​អ្នកនាំពាក្យ​ក្រសួង បាន​ក្រើនរំលឹក​ដល់​បងប្អូន​សាធារណជន​ទាំងអស់ ឱ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ថ្លឹងថ្លែង និង​រង់ចាំ​ផ្ទៀងផ្ទាត់​ជា​មុន​សិន មុន​នឹង​ធ្វើការ​វិនិច្ឆ័យ ឬ​ចែករំលែក​ព័ត៌មាន​ល្បី​ណាមួយ នៅ​លើ​បណ្តាញ​សង្គម ។

ការ​ក្រើនរំលឹក​របស់​លោក ឃឹម ហ្វី​ណ​ង់ នា​ពេល​នេះ បន្ទាប់​ពី​មាន​ហ្វេ​ស​ប៊ុ​ក​ផេ​ក ឈ្មោះ Temple News បាន​បង្ហោះ​រូបភាព​ប៉ុន្មាន​សន្លឹក និង​ខ្លឺ​ម​សារ​មិន​ពិត ថា «​ធ្វើបាប​កសិករ​ខ្មែរ​ម្ល៉េះ ? តម្លៃ​ស្រូវ និង​បន្លែ ពេល​ចាប់ផ្ដើម​ដាំ តម្លៃ​ខ្ពស់ ដល់​ពេល​ប្រមូល​ផល តម្លៃ​ចុះថោក ហៅ​លែង​ឮ​» ។

យោង​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោក ឃឹម ហ្វី​ណ​ង់ នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ខែមីនា ឆ្នាំ​២០២៤​នេះ បានអោយ​ដឹង​ថា «​ធ្វើបាប​កសិករ​ម្ល៉េះ​» ៖ សុំ​សួរ​បន្តិច តើ​បងប្អូន​ប៉ុន្មាន​នាក់ ដែល​បានឃើញ​ការ​ផុស​មួយ​នេះ ? មាន​មនុស្ស​ប្រហែល​៣​ម៉ឺន​នាក់ បាន​ចែករំលែក​រូបភាព​មួយ​នេះ និង​ជិត​១០​ម៉ឺន​នាក់ ដែល​បាន​ចុច Likes ក្នុង​នោះ​ក៏​មាន​មិត្ត​ភ័ក្តិ​ខ្ញុំ​ជា​ច្រើន​នាក់​ផង​ដែរ​។ ហើយ​បើ​ស្មាន​មិន​ខុស​ទេ អាច​នៅ​មាន​មនុស្ស​រហូត​ដល់​ខ្ទង់លាន​នាក់​ទៀត ដែល​បានឃើញ​រួច​ហើយ ក៏​គិត​ថា វា​គ្រាន់តែ​ជា​បញ្ហា​មួយ​នៅ​ក្នុង​សង្គម បាន​ត្រឹមតែ​មើល​ហើយ​ក៏​អូស​រំលង ។

លោក ឃឹម ហ្វី​ណ​ង់ លើក​ឡើង​យ៉ាង​ដូច្នេះ​ថា «​ចុះបើ​ខ្ញុំ​ប្រាប់​ថា រូបភាព​នេះ គឺជា​រូបភាព ដែល​ត្រូវ​បាន​គេ​ប្រឌិត​ឡើង​ទៅ​វិញ តើ​អ្នកមាន​អារម្មណ៍​យ៉ាងណា​ដែរ ? តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់ ដែល​បាន​ក្លាយជា​ឧបករណ៍​របស់​ក្រុម​ពួក​អ្នក​បង្កើត​មាតិកា​ព័ត៌មាន ដើម្បី​ឱ្យ​គេ​ចុច Likes និង​Shares និង​គ្រាន់តែ​ដើម្បី​យក Views និង​ប្រយោជន៍​ផ្ទាល់ខ្លួន ដោយ​មិន​ខ្វល់​ពី​ផល​ប៉ះពាល់ និង​ការ​ជះ​ឥទ្ធិពល​ជា​អវិជ្ជមាន​ដល់​សង្គម​ជាតិ ? ប្រសិនបើ​ពេល​ថ្មី​ៗ​នេះ អ្នក​បាន​ចុច Likes និង​Shares រូបភាព ដែល​ច្រើន​មាន​គូស​រង្វង់​មូល​ព៌​ណ​ក្រហម​ពីលើ និង​មាន​សញ្ញា​ទ្រុង​ជ្រូក​(Hashtag #) ចម្លែក​ៗ អ្នក​ប្រហែលជា​ជន​រង​គ្រោះ ដោយ​មិនដឹង​ខ្លួន នៃ​ការ​ផ្សព្វផ្សាយ​ក្នុង​គោលបំណង​បែប​នេះ​ហើយ​។ ផេ​ក​នេះ គ្រាន់តែ​ជា​ឧទាហរណ៍ ជាក់ស្តែង​មួយ​តែ​ប៉ុណ្ណោះ នៅ​មាន​ករណី​ស្រ​ដៀង​គ្នា​នេះ​ផ្សេង​ៗ​ទៀត ដែល​បាន​យក​កសិកម្ម និង​បញ្ហា​សង្គម​នានា មក​ធ្វើ​ជា​ចំណុច​ទាក់ទាញ​ចំណាប់អារម្មណ៍ ក្នុង​គោលបំណង​គ្រាន់តែ ដើម្បី​ប្រជាប្រិយភាព​ផ្ទាល់ខ្លួន​តែ​ប៉ុណ្ណោះ តួយ៉ាង ដូច​ជា​ករណី​ផ្សព្វផ្សាយ​រូបភាព​ធ្វើ​ឱ្យ​មានការ​ភ័ន្ត​ច្រ​លំ​ថា ជា​បឹង​ទ​ន្ល​សាប​ទាំងមូល នៃ​ការ​ប្រើប្រាស់​ឧបករណ៍​នេសាទ ស្របច្បាប់ នៅ​តំបន់​កន្លុក​បាយក្អែក នៅ​ឃុំ​ផាត់​សណ្តាយ​កាលពី​ពេល​ថ្មី​ៗ​នេះ ជាដើម​» ។

លោក ឃឹម ហ្វី​ណ​ង់ បាន​បញ្ជាក់​អោយ​ដឹង​ទៀត​ថា «​មិន​បាន​បដិសេធ​ថា វិស័យ​កសិកម្ម​គ្មាន​បញ្ហា​នោះ​ទេ ហើយ​ក៏​ទទួលស្គាល់​ថា នៅ​មានរឿង​ជា​ច្រើន​នៅ​ក្នុង​វិស័យ​មួយ​នេះ ដែល​ទាមទារ​ឱ្យ​មានការ​ចូលរួម​ឱ្យ​បាន​ទូលំទូលាយ ឈឺឆ្អាល និង​ជួយ​ដោះស្រាយ​ទាំងអស់​គ្នា​ដែរ តែ​ទ​ង្វើ​បែប​នេះ​មិនមែន​ជា​ការ​ចូលរួម​ឡើយ​។ វា​ពិតជា​គួរ​ឱ្យ​សោកស្តាយ ក្នុង​ខណៈ​ពេល ដែល​រាជ​រដ្ឋា​ភិបាល​​កំពុង​តែ​ព្យាយាម​ដោះស្រាយ​បញ្ហា​ប្រឈម ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ប្រជា​កសិករ យ៉ាង​សស្រាក់​ស្រាំ ស្ទើរ​គ្មាន​លោះ​ពេល​សូ​ម្បី​តែ​មួយ​ថ្ងៃ តែ​បែរជា​មាន​មនុស្ស​មួយ​ក្រុម​តូច ព្យាយាម​ធ្វើ​រឿង​បែប​នេះ បង្ក​ភាព​ចលាចល មិន​ចាំបាច់​នៅ​ក្នុង​សង្គម ដើម្បី​កេង​យក​ផល​ចំណេញ​ផ្ទាល់ខ្លួន យ៉ាង​អាត្មា​និយម​ទៅ​វិញ​» ។

គួរ​បញ្ជាក់​ថា លោក ឃឹម ហ្វី​ណ​ង់ អភិបាលរង​ខេត្តសៀមរាប និង​ជា​អតីត​អភិបាលស្រុក​បន្ទាយស្រី ដ៏​ល្បីល្បាញ ត្រូវ​បាន​តែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក្នុង​អាណត្តិ​ទី​៧ នេះ​បើ​តាម​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ