រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញ «ផែនទីបង្ហាញផ្លូវ ស្តីពីការអភិវឌ្ឍជំនាញនៅកម្ពុជាឆ្នាំ ២០២៣-២០៣៥» ជាផែនការយុទ្ធសាស្ត្រ ដើម្បីដើរទន្ទឹមនឹងបណ្តាប្រទេសរីកចម្រើននៅក្នុងតំបន់ និងពិភពលោក លើការអភិវឌ្ឍសមត្ថភាពជំនាញរបស់ពលរដ្ឋ ។
ផែនទីបង្ហាញផ្លូវនេះ មានចក្ខុវិស័យដើម្បីផលិត ឬប្រែក្លាយកម្លាំងពលកម្ម ឬធនធានមនុស្សកម្ពុជា ជាធនធានជន្ទល់សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ ដែលប្រកបដោយសមត្ថភាព និងផលិតភាពខ្ពស់ ឆ្លើយតបនឹងតម្រូវការទីផ្សារការងារបច្ចុប្បន្ន និងអនាគត និងផ្តល់ឱកាសដល់យុវជនទទួលបានការសិក្សា និងធានាថាប្រជាពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត មានការងារធ្វើល្អសមរម្យ និងមានកម្រិតជីវភាពកាន់តែប្រសើរឡើង ។
ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ផែនទីបង្ហាញផ្លូវនេះមានគោលបំណងពង្រឹងគុណភាពនៃការអភិវឌ្ឍជំនាញនៅកម្ពុជាឱ្យមានលទ្ធភាពបំពេញសក្តានុពលនៃការរីកចម្រើននាពេលបច្ចុប្បន្ន និងអនាគត ដើម្បីរួមចំណែករក្សា និងជំរុញកំណើនសេដ្ឋកិច្ចជាតិក៏ដូចជាការអភិវឌ្ឍប្រកបដោយចីរភាព ។ ឯកឧត្តមបញ្ជាក់បន្ថែមថា ដើម្បីសម្រេចគោលបំណងនេះ សរសរស្តម្ភយុទ្ធសាស្ត្រចំនួន ៥ ត្រូវបានកំណត់យ៉ាងច្បាស់លាស់ដែលប្រទាក់ក្រឡាគ្នាសំដៅលើការដោះស្រាយបញ្ហាប្រឈមនានានៃប្រព័ន្ធអេកូឡូស៊ីនៃការអប់រំបណ្តុះបណ្តាលបច្ចេទេស និងវិជ្ជាជីវៈរបស់កម្ពុជា ៖
សរសរស្តម្ភទី ១ គឺការពង្រឹងគុណភាពអប់រំបណ្ដុៈបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (អ.ប.វ) ដើម្បីផលិតនូវបណ្តុំពលកម្មជំនាញដែលមានសមត្ថភាពគ្រប់គ្រាន់ឆ្លើយតបនឹងតម្រូវការទីផ្សារការងារ/ឧស្សាហកម្មនេពេលបច្ចុប្បន្ន និងអនាគត ។
សរសរស្តម្ភទី ២ ការលើកកម្ពស់កិត្តិនាម និងការផ្សព្វផ្សាយ ជាការកសាងកិត្តិនាម និងអត្តសញ្ញាណ និងបង្កើនការផ្សព្វផ្សាយគ្រប់ទម្រង់ និងកម្មវិធីមិនទុកនរណាម្នាក់ចោល ដើម្បីបង្កើនភាពទាក់ទាញជំរុញឱ្យមានក្តីស្រមៃ និងមោទនភាពក្នុងការចាប់យក អ.ប.វ និងដើម្បីចូលរួមបង្កើនការចុះឈ្មោះចូលរៀន ។
សរសរស្តម្ភទី ៣ អ.ប.វ ឆ្លើយតបនឹងឧស្សាហកម្ម ជាការពង្រឹង និងពង្រីកកិច្ចសហការជាមួយវិស័យឯកជន ជាពិសេស សម្រាប់កិច្ចសហការយូរអង្វែងបំពេញវត្តនៃប្រព័ន្ធធានាគុណភាពអ.ប.វ ។
សរសរស្តម្ភទី ៤ ការពង្រឹងអភិបាលកិច្ច និងភាពជាអ្នកដឹកនាំ ជាការពង្រឹងអភិបាលកិច្ច ពង្រឹងយន្តការស្ថាប័ននិងអន្តរស្ថាប័ន និងពង្រឹងប្រព័ន្ធធានាគុណភាព អ.ប.វ និងការត្រួតពិនិត្យ និងវាយតម្លៃ ។
និងសរសរស្តម្ភទី ៥ ការផ្តល់ហិរញ្ញប្បទាន និងចីរភាព ជាការធ្វើពិពិធកម្មហិរញ្ញវត្ថុ បង្កើនទំហំថវិកាសម្រាប់ អ.ប.វ ធានាប្រសិទ្ធភាពក្នុងការប្រើប្រាស់ធនធាន និងពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុ ។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជាយល់ឃើញថា «ផែនទីបង្ហាញផ្លូវ ស្តីពីការអភិវឌ្ឍជំនាញនៅកម្ពុជាឆ្នាំ២០២៣-២០៣៥» ជាយុទ្ធសាស្ត្រមួយដ៏សំខាន់ដើម្បីប្រែក្លាយកម្លាំងពលកម្មក្នុងប្រទេសពីអតិពលកម្មទៅជាកម្លាំងមានជំនាញជាក់លាក់តាមរយៈការបណ្តុះបណ្តាលជំនាញបច្ចេកទេសដែលគូសវាសយ៉ាងម៉ត់ចត់ ។
លោកបណ្ឌិតបន្តថា ផែនទីបង្ហាញផ្លូវនេះ នឹងធ្វើឱ្យពលរដ្ឋមានជំនាញ មានចំណូលខ្ពស់ដ្បិតថាទីផ្សារការងារនឹងទាក់ទាញនូវការវិនិយោគបែបបច្ចេកវិទ្យាដែលមានតម្លៃបន្ថែមខ្ពស់ជាងមុន ដែលជាកត្តាធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រឡើង។ លោកបណ្ឌិតថា ដើម្បីឱ្យគោលនយោបាយនេះ ជោគជ័យទៅបានរដ្ឋាភិបាលតែម្នាក់ឯងមិនអាចអនុវត្តជោគជ័យបានឡើយ គឺទាមទារឱ្យមានការចូលរួមពីវិស័យឯកជន និងពលរដ្ឋ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ