ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ACU ៖​ ក្នុង​ខែកុម្ភៈ​ មន្ត្រី​ជិត​៣០០​នាក់ ​មក​ប្រកាស​ទ្រព្យសម្បត្តិ​ និង​សម្រេច​លើ​ពាក្យបណ្តឹង​ចំនួន​៤៩

4 ខែ មុន

រាជធានី​ភ្នំពេញ​ ៖ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ (ACU)​ បាន​បញ្ជាក់​ថា​ ក្នុង​ខែកុម្ភៈ ឆ្នាំ​២០២៤ ​ពេញ​មួយ​ខែ​នេះ ​បាន​ដំណើរការ និង​សម្រេច​លើ​ពាក្យបណ្តឹង​…

រាជធានី​ភ្នំពេញ​ ៖ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ (ACU)​ បាន​បញ្ជាក់​ថា​ ក្នុង​ខែកុម្ភៈ ឆ្នាំ​២០២៤ ​ពេញ​មួយ​ខែ​នេះ ​បាន​ដំណើរការ និង​សម្រេច​លើ​ពាក្យបណ្តឹង​ ចំនួន​៤៩ និង​ក្នុង​នេះ ​ក៏​មាន​មន្ត្រី​ចំនួន​២៨៨​នាក់ ​បាន​ប្រកាស​ទ្រព្យសម្បត្តិ​ផង​ដែរ ​។

លោក សយ ច័ន្ទវិចិត្រ ឧបការី និង​ជា​មន្ត្រី​នាំពាក្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​បាន​ថ្លែងប្រាប់​បណ្តាញសារព័ត៌មាន​ក្នុង​កិច្ចប្រជុំ​លើក​ទី​៣២​ នៃ​អាណត្តិ​ទី​៣ នៃ​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ ​នា​រសៀល​ថ្ងៃ​ទី​២៩ ខែកុម្ភៈ ឆ្នាំ២០២៤​នេះ​ឱ្យ​ដឹង​ថា មន្ត្រី​ចំនួន ២៨៨​នាក់ បាន​មក​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ក្នុង​នោះ​ មន្ត្រី​ទើប​ទទួល​បានការ​តែងតាំង​ថ្មី​ ចំនួន១៥១​នាក់ និង​មន្ត្រី ១៣៧​នាក់​ទៀត បាន​មក​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ ។

ទាក់ទិន​ទៅ​នឹង​ពាក្យ​ប្តឹង​វិញ ​ត្រូវ​បាន​មន្ត្រី​អ្នកនាំពាក្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​រូប​នេះ ឲ្យ​ដឹង​ដែរ​ថា ​ក្នុង​ខែកុម្ភៈ​នេះ​ អង្គភាព​របស់​លោក ​បាន​ដំណើរការ​ពិនិត្យ វិភាគ និង​ធ្វើការ​សម្រេច​លើ​ពាក្យ​ប្ដឹង​ ដែល​មាន​ក្នុង​ខែ​នេះ ចំនួន ៤៩​ពាក្យ​ប្ដឹង ​។

ចំពោះ​កិច្ច​ការងារ​ផ្សេង​ៗ​ទៀត ​ត្រូវ​បាន​មន្ត្រី​អ្នកនាំពាក្យ​រូប​នេះ​ បាន​លើក​ឡើង​ឱ្យ​ដឹងផង​ថា ​ក្នុង​នេះ​ដូច​ជា​ការងារ​បង្ការ ទប់ស្កាត់​អំពើ​ពុក​រលួយ​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​បាន​ចូលរួម​សង្កេតការណ៍​ការ​ប្រឡង ចំនួន ២​លើក រួម​មាន​ ៖ ការ​ប្រឡង​ជ្រើស រើស​គ្រូបង្រៀន​អប់រំ​កាយ និង​កីឡា​ជំនាន់​ទី​៣១ ឱ្យ​ចូល​បំរើ​ការងារ​ក្នុង​ក្រប​ខណ្ឌ​ក្រសួង​អប់រំ យុវជន និង​កីឡា ចំនួន​១០០​នាក់ និង​ការ​ប្រឡង ថ្នាក់​ជាតិ​ជ្រើសរើស​សិស្ស-និស្សិត​ចូល​រៀន​ថ្នាក់​បរិញ្ញាបត្រ​នៅ​តាម​គ្រឹះស្ថាន​បណ្តុះបណ្តាល​ក្នុង​វិស័យ​សុខាភិបាល ចំនួន ៣.៨៩៥​នាក់ ក្នុង​ចំណោម​បេក្ខជន​ដាក់​ពាក្យ​ប្រឡង ចំនួន​៩ ៧៧៤​នាក់​ៗ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ សង្កេត​ឃើញ​ថា ​ដំណើរការ​ប្រឡង​ទាំង​ពីរ​លើក​នេះ ចាប់តាំងពី​ការ​រៀបចំ​នីតិវិធី​ប្រឡង ដំណើរការ​ប្រឡង ដំណើរការ​កំណែ ការ​ស្រង់​-​បូក​ពិន្ទុ និង​ការ​ប្រកាស​លទ្ធផល​ស្ថាពរ​ប្រព្រឹត្ត​ទៅ ដោយ​រលូន នៅ​គ្រប់​ដំណាក់កាល​ទាំងអស់ ​នៃ​ដំណើរការ​ប្រឡង ​។

ជាមួយ​គ្នា​នេះ​ លោក​ក៏​បាន​លើក​ឡើង​ដោយ​បញ្ជាក់​បន្ថែម​ថា ​ក្រៅពី​នេះ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ក៏ បាន​ចុះ​សង្កេតការណ៍​លទ្ធកម្ម​សាធារណៈ ចំនួន ៤៥គម្រោង របស់​អង្គភាព​លទ្ធកម្ម ចំនួន ១៣​អង្គភាព និង​បាន​ចុះ​ប្រតិបត្តិការ​នៅ​តាម​មូលដ្ឋាន​ជាក់ស្តែង​មួយ​ចំនួន​ទៀត តាម​សំណើ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​ផ្សេង​ៗ​ទៀត ​៕

អត្ថបទសរសេរ ដោយ