ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រស់​កុំ​មានចិត្ត​ច្រណែន យើង​នឹង​ទទួល​សុខ​ផ្លូវ​ចិត្ត

4 ខែ មុន
  • ភ្នំពេញ

យើងកើតមកមានជីវិតរស់នៅលើផែនដីតែមួយ តែក៏មិនប្រាកដថា មនុស្សមានសន្តានចិត្តល្អដូច​គ្នានោះទេ ។ ខ្លះក៏ល្អ ហើយអ្នកខ្លះទៀតក៏អាក្រក់ផងដែរ ។ ប៉ុន្តែយ៉ាងណា យើងគួរព្យា​យាម​សាងនូវអំពើល្អ និងរស់នៅកុំឱ្យមានចិត្តច្រណែន…

0:00
0:00

យើងកើតមកមានជីវិតរស់នៅលើផែនដីតែមួយ តែក៏មិនប្រាកដថា មនុស្សមានសន្តានចិត្តល្អដូច​គ្នានោះទេ ។ ខ្លះក៏ល្អ ហើយអ្នកខ្លះទៀតក៏អាក្រក់ផងដែរ ។ ប៉ុន្តែយ៉ាងណា យើងគួរព្យា​យាម​សាងនូវអំពើល្អ និងរស់នៅកុំឱ្យមានចិត្តច្រណែន គុំកួន ឬតាមឈ្នានីសអ្នកដទៃ ដើម្បីតែមុខមាត់ និងផលប្រយោជន៍របស់ខ្លួនឯងឱ្យសោះ ។

មនុស្សយើងគួរតែរស់នៅមានចិត្តមេត្តា ចេះជួយជ្រោមជ្រែង និងត្រេកអរចំពោះការរីកចម្រើនរបស់ញាតិមិត្តដែលនៅជុំវិញខ្លួនយើងដោយចិត្តស្មោះត្រង់ ព្រោះថា ការមិនច្រណែន​ឈ្នានីសគេ​នោះហើយ​ដែលធ្វើឱ្យយើងបានរួចផុតពីកម្មពៀរវេរាទៅថ្ងៃក្រោយ ។

កើតមកជាមនុស្សលោក គួរតែប្រឹងប្រែងរស់ដោយខ្លួនឯង មិនចាំបាច់អីទៅចាំច្រណែនជាមួយអ្នកដទៃឡើយ ព្រោះការមេត្តានេះឯង ជាជម្រកដ៏ប្រសើរ និងត្រជាក់ត្រជុំរបស់ចិត្តយើងទៅវិញទេ ។ បើយើងមិនបានជួយចិញ្ចឹមអ្នកដទៃទេ ក៏គួរតែចិញ្ចឹមខ្លួនឯងឱ្យរស់ដោយការមិនបៀតបៀន
គេ ។

តាមពិតទៅ មនុស្សមាននូវសមត្ថភាពដ៏ក្រៃលែងផ្សេងៗគ្នា ដែលអាចធ្វើឱ្យខ្លួនឯងរីក​ចម្រើន​បាន និងជាទីពឹងអាស្រ័យនៃមនុស្សផងទាំងពួងបានទៀតផង និងត្រូវធ្វើជាមនុស្សត្រូវខិតខំបណ្ដុះសមត្ថ​ភាពរបស់ខ្លួនឯងឱ្យបានរឹងប៉ឹង ដើម្បីអនាគត ។

ព្រះពុទ្ធលោកបានពោលថា មនុស្សដែលនិយាយដោយចិត្តមុទិតា ធ្វើឱ្យអ្នកស្តាប់ត្រជាក់ចិត្ត ជ្រះថ្លា បានប្រកបដោយសេចក្ដីសុខចម្រើន ក៏មានចិត្តជួយអរគេ មិនច្រណែននិន្ទាឈ្នានីស​គេ ។ មនុស្សទាំងឡាយដ៏ចម្រើនរមែងមានចិត្តបង្អោន មកជាមិត្តជាមួយនឹងអ្នកដែលមានចិត្តមុទិតានោះឯង ។

ដូចម្តេចដែលហៅចិត្តមុទិតាគឺ ៖


១-ត្រេកអរនឹងការមានបានរបស់អ្នកដទៃដោយយល់ត្រូវតាមការពិតថា មនុស្សម្នាក់ៗតែងប្រព្រឹត្តទៅតាមកម្មរៀងៗខ្លួន ។ ចំពោះភាពល្អប្រសើរដែលជាផលរបស់បុណ្យគួរតែត្រេកអរឱ្យពរ ឱ្យជ័យបន្ថែមទៀត សូមឱ្យបុគ្គលនោះបានសុខជាមួយនឹងសម្បត្តិរបស់ខ្លួនគេចុះ ។

២-ទឹកចិត្តស្មោះត្រង់ មិនមានបំណងបែងចែកដោយគិតថា គេគួរតែឱ្យមកយើងខ្លះ ព្រោះយើងជាបុគ្គលជាប់ពាក់ ព័ន្ធយ៉ាងនេះមួយ យ៉ាងនោះមួយដូច្នេះឡើយ ។ មិនមានការគុំស្អប់នឹងអ្នកដទៃ ព្រោះហេតុអ្នកដទៃនោះមិនមានឱ្យអ្វីដល់ខ្លួនឡើយ ។

៣-គប្បីយកការត្រេកអរនឹងការមានបានរបស់អ្នកដទៃមកផ្សំជាមួយនឹងទឹកចិត្តស្មោះត្រង់ ហើយលេបចូលទៅក្នុងចិត្តបេះដូងឱ្យពេញណែន ។ កាលបើដូច្នេះចំហាយថ្នាំមុទិតានឹងផ្សាយចេញមកតាមរយៈទឹកមុខ អាកប្បកិរិយា និងពាក្យសម្តីដ៏ផ្អែមល្ហែម ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ