FIFA Series ៖ កម្ពុជា នឹងត្រូវប៉ះប្រទេស២មកពីទ្វីបអាហ្វ្រិក និងអាម៉េរិកខាងជើង ខែក្រោយ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ តាមការចេញផ្សាយរបស់សហព័ន្ធកីឡាបាល់ទាត់ពិភពលោក ហៅកាត់ថា FIFA
រាជធានីភ្នំពេញ ៖ តាមការចេញផ្សាយរបស់សហព័ន្ធកីឡាបាល់ទាត់ពិភពលោក ហៅកាត់ថា FIFA
រាជធានីភ្នំពេញ ៖ តាមការចេញផ្សាយរបស់សហព័ន្ធកីឡាបាល់ទាត់ពិភពលោក ហៅកាត់ថា FIFA បានបង្កើតកម្មវិធីប្រកួតថ្មីមួយ ដែលមានឈ្មោះថា «FIFA Series» គឺជាកម្មវិធីប្រកួតមិត្តភាពអន្តរទ្វីប ដែលនឹងរៀបចំឡើងក្នុងដំណាក់កាលសាកល្បង ដើម្បីផ្តល់ឱកាសដល់ប្រទេសសមាជិក FIFA ដែលមានចំណាត់ថ្នាក់ទាប ស្ថិតនៅទ្វីបផ្សេងគ្នា មានលទ្ធភាពអាចប្រកួតគ្នា ស្របពេលដែលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ក៏មានឈ្មោះប្រកួតទល់នឹងប្រទេសចំនួន ២ មកពីទ្វីបអាហ្វ្រិក និងអាម៉េរិកខាងជើង។
កម្ពុជា ស្ថិតនៅក្នុងពូលអារ៉ាប៊ីសាអូឌីត A ជាមួយកាប់វែរ មកពីតំបន់អាហ្វ្រិក (CAF), អេក្វាទ័រហ្គីណេ មកពីតំបន់អាហ្វ្រិក (CAF) និងហ្គីយ៉ាន មកពីតំបន់អាម៉េរិកខាងជើង សម្រាប់ការប្រកួតកម្មវិធី FIFA Series ឆ្នាំ ២០២៤ ដែលនឹងចាប់ផ្តើមពីថ្ងៃទី២១ ខែមីនា រហូតដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នៅអារ៉ាប៊ីសាអូឌីត។ កម្មវិធី FIFA Series នឹងផ្តល់ឱកាសសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នូវបទពិសោធថ្មី ក៏ដូចជាការបង្ហាញសមត្ថភាពនៅលើឆាកអន្តរជាតិផងដែរ។
កម្មវិធីប្រកួត FIFA Series ឆ្នាំ ២០២៤ នៅក្នុងពូលអារ៉ាប៊ីសាអូឌីត A មានដូចជា ៖
-២១/០៣/២០២៤ កាប់វែរ ត្រូវប៉ះ ហ្គីយ៉ាន
-២២/០៣/២០២៤ អេក្វាទ័រហ្គីណេ ត្រូវប៉ះ កម្ពុជា
-២៥/០៣/២០២៤ កាប់វែរ ត្រូវប៉ះ អេក្វាទ័រហ្គីណេ
-២៦/០៣/២០២៤ កម្ពុជា ត្រូវប៉ះ ហ្គីយ៉ាន។
ចំណាត់ថ្នាក់ពិភពលោក FIFA World Ranking របស់ប្រទេសទាំង ៤ ខាងលើ ៖
-កម្ពុជា (ទ្វីបអាស៊ី) ឈរនៅចំណាត់ថ្នាក់លេខ ១៧៩ ពិភពលោក
-កាប់វែរ (ទ្វីបអាហ្វ្រិក) ឈរនៅចំណាត់ថ្នាក់លេខ ៦៥ ពិភពលោក
-អេក្វាទ័រហ្គីណេ (ទ្វីបអាហ្វ្រិក) ឈរនៅចំណាត់ថ្នាក់លេខ ៧៩ ពិភពលោក
-ហ្គីយ៉ាន (ទ្វីបអាម៉េរិកខាងជើង) ឈរនៅចំណាត់ថ្នាក់លេខ ១៥៧ ពិភពលោក។
សូមជម្រាបជូនថា FIFA Series ឆ្នាំ ២០២៤ គឺជាព្រឹត្តិការណ៍លើកដំបូងនៃកម្មវិធី FIFA Series របស់ FIFA ដែលព្រឹត្តិការណ៍លើកដំបូងនេះ នឹងបង្ហាញនូវ Series ចំនួន ៥ ផ្សេងគ្នា ដែលរួមមាន អាល់ហ្សេរី, អាស៊ែបៃហ្សង់, អារ៉ាប៊ីសាអូឌីត A, អារ៉ាប៊ីសាអូឌីត B និង ស្រីលង្កា ធ្វើឡើងនៅទូទាំងប្រទេសម្ចាស់ផ្ទះចំនួន ៤ រួមមាន អាល់ហ្សេរី អាស៊ែបៃហ្សង់ អារ៉ាប៊ីសាអូឌីត និង ស្រីលង្កា ដែលនឹងចាប់ផ្តើមពីថ្ងៃទី១៨ ខែមីនា រហូតដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០២៤ ខាងមុខនេះ ដោយមាន ២០ប្រទេសជាសមាជិកចូលរួម នៅក្នុងគោលបំណងសាកល្បងសមត្ថភាពក្រុមជម្រើសជាតិមានចំណាត់ថ្នាក់ទាប ដែលជាធម្មតាមិនមានឱកាសប្រកួតជាមួយនឹងគ្នា និងជំរុញឱ្យមានការប្រកួតជាអន្តរជាតិបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍បាល់ទាត់ពិភពលោក៕ (រូបភាព ៖ សហព័ន្ធបាល់ទាត់កម្ពុជា និង FIFA)
ចែករំលែកព័តមាននេះ