ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ខេត្តបាត់ដំបង បំភ្លឺ​ការ​បាក់​ស្រុត​ច្រាំង​ស្ទឹង​សង្កែ ជា​ច្រើន​កន្លែង

2 ខែ មុន

ខេត្តបាត់ដំបង ៖ រដ្ឋបាល​ខេត្តបាត់ដំបង នៅ​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២៤​នេះ បាន​ចេញ​សេចក្តី​បំភ្លឺ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​កាលពី​ថ្មី​ៗ​នេះ មាន​បណ្តាញ​សង្គម បាន​បង្ហោះ​ពី​ច្រាំង​ស្ទឹង​សង្កែ ដែល​បាន​បាក់​ស្រុត…

ខេត្តបាត់ដំបង ៖ រដ្ឋបាល​ខេត្តបាត់ដំបង នៅ​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២៤​នេះ បាន​ចេញ​សេចក្តី​បំភ្លឺ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​កាលពី​ថ្មី​ៗ​នេះ មាន​បណ្តាញ​សង្គម បាន​បង្ហោះ​ពី​ច្រាំង​ស្ទឹង​សង្កែ ដែល​បាន​បាក់​ស្រុត ។

ចំពោះ​ករណី​នេះ រដ្ឋបាល​ខេត្តបាត់ដំបង បានអោយ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២៤ រដ្ឋបាល​ខេត្ត បាន​ទម្លាក់​កម្ពស់​ទឹកស្ទឹង​សង្កែ ដើម្បី​សាងសង់​ស្ថានីយ​បូមទឹក​ឆៅ សម្រាប់​ផ្គត់ផ្គង់​រោងចក្រ​ផលិតកម្ម​ទឹក​ស្អាត ដែល​ជា​ជំនួយ​ហិរញ្ញប្បទាន​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទីភ្នាក់ងារ​បារាំង​សម្រាប់​ការ​អភិវឌ្ឍ (AFD) និង​ថវិកាបដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា មាន​សមត្ថភាព​ផលិត​ទឹក​ស្អាត​បាន ៥០.០០០​ម៉ែត្រគូប ក្នុង​មួយ​ថ្ងៃ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​កំពង់​សីមា សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។

រដ្ឋបាល​ខេត្តបាត់ដំបង បាន​បញ្ជាក់​ថា ប៉ុន្តែ​គួរ​ឱ្យ​សោកស្តាយ ដោយសារ​បន្ទាប់​ពី​ការ​ទម្លាក់​កម្ពស់​ទឹក​រួច យើង​ពិនិត្យ​ឃើញ​ថា ច្រាំង
ស្ទឹង​ដែល​ទើបនឹង​កសាង​រួច មាន​កន្លែង​ខ្លះ ត្រូវ​បាក់​ស្រុត ដែល​កន្លង​មក​ក្រុមហ៊ុន បាន​ខិតខំ​ធ្វើការ​កសាង​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​ទីតាំង​ច្រាំង​ស្ទឹង ដែល​ធ្លាប់តែ​បាក់​ស្រុត​នេះ ដោយ​កាយ​យក​ដី​ស្អុយ​ចេញ និង​ចាក់​បំពេញ​ដីឥដ្ឋ និង​ក្រាល​ដុំ​ថ្ម ដោយ​កិន​បង្ហាប់​តាម​ស្រទាប់​នីមួយ​ៗ​។ ច្រាំង​ស្ទឹង​ដែល​បាក់​ស្រុត​នេះ ស្ថិត​ក្នុងអំឡុងពេល​សុពលភាព​ជួសជុល​ថែទាំ​របស់​ក្រុមហ៊ុន​នៅឡើយ ដូចនេះ ក្រុមហ៊ុន នឹង​បន្ត​សិក្សា​លក្ខណៈ​បច្ចេកទេស​បន្ថែម​ទៀត ដើម្បី​រៀបចំ​ជួសជុល​ច្រាំង​ស្ទឹង​ឡើង​វិញ ហើយ​រដ្ឋបាល​ខេត្ត នឹង​ពិនិត្យ​តាមដាន​យ៉ាង​យកចិត្តទុកដាក់ ចំពោះ​លក្ខណៈ​បច្ចេកទេស ដែល​ក្រុមហ៊ុន នឹង​បន្ត​ធ្វើការ​ជួសជុល​ឡើង​វិញ នៅ​ពេល​ខាង​មុខ​នេះ ។

សូម​ជម្រាប​ថា រដ្ឋបាល​ខេត្តបាត់ដំបង បាន​ចេញ​សេចក្តី​បំភ្លឺ​ព័ត៌មាន​ដូច​ខាងលើ​នេះ បន្ទាប់​ពី​មាន​បណ្តាញ​សង្គម​បាន​ផ្សាយ​ថា
ច្រាំង​ដងស្ទឹង​សង្កែ ត្រើយ​ខាងលិច ក្បែរ​វិមាន​ឯករាជ្យ ដែល​ទើប​សាងសង់​មិន​ទាន់​បាន​១​ឆ្នាំ​ផង ស្រាប់តែ​ពេល​នេះ បាន​បាក់​ស្រុត ជា​ហេតុ​ធ្វើ​អោយ​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ខណៈ​ពួក​គាត់​ដើរ​ហាត់ប្រាណ នា​ពេល​ព្រឹក និង​ល្ងាច ។

រយៈពេល​៣​ថ្ងៃ​ចុង​ក្រោយ​នេះ​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ បាន​យកដៃ​គក់​ទ្រូង​ហួសចិត្ត ដោយសារ​ពួក​គាត់​បានឃើញ​ការ​បាក់​ស្រុត​ច្រាំង​ដងស្ទឹង​សង្កែ ដែល​ទើបតែ​កសាង​ថ្មី ប៉ុន្តែ​គ្មាន​គុណភាព ហើយ​បាក់​ស្រុត​បណ្តើរ​ទៅ​ហើយ ។

បើ​តាម​ការ​សន្និដ្ឋាន​ពី​ពលរដ្ឋ​ថា ការ​បាក់​ស្រុត​អាច​មក​ពី​បច្ចេកទេស នៃ​ការ​ស្ថាបនា​ច្រាំង​ស្ទឹង​មិន​ទាន់​មាន​កម្រិតស្តង់ដារ​ព្រោះ​ទាំង​នៅ​ក្នុង​ក្រុង ក៏​ដូច​ជា​នៅ​តាម​ស្រុក​មួយ​ចំនួន បាន​ប្រេះ​ស្រុត​យ៉ាង​ខ្លាំង ដែល​អាច​បង្ក​ជា​ហានិភ័យ​ដល់​អ្នកបើកបរ​យានយន្ត ព្រោះ​ចំណុច​ខ្លះ មិន​ត្រឹមតែ​ស្រុត​ច្រាំង​ស្ទឹង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ប្រេះ​ទាញ​ដល់​ផ្លូវថ្នល់​មួយ​ចំហៀង​ថែម​ទៀត ។

ទាក់ទង​ច្រាំង​ស្ទឹង ដែល​ទើប​ស្ថាបនា​រួច មិន​បាន​មួយ​ឆ្នាំ​ផង ស្រាប់តែ​បាក់​ស្រុត ប្រជាពលរដ្ឋ​បាន​ស្នើ​ដល់​អាជ្ញាធរ​ខេត្ត ឬ​ក្រសួង​ពាក់ព័ន្ធ​ឲ្យ​ពិនិត្យ​ឡើង​វិញ ទៅ​លើ​ក្រុមហ៊ុន ដែល​ម៉ៅ​ការ​សាងសង់ ព្រោះ​បញ្ហា​ទាំងនេះ ក៏​ស្ថិត​នៅ​ក្រោម​ក្រសែភ្នែក​របស់​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ