រាជធានីភ្នំពេញ ៖ មនុស្សល្អ គឺបុគ្គលណាដែលប្រព្រឹត្តអំពើល្អដោយកាយ វាចា ចិត្ត មានសីលធម៌ មានគុណធម៌ខ្ពងខ្ពស់ ។ ឃ្មុំតែងហើរទៅក្រេបផ្កា ប្រៀបដូចជា អ្នកប្រាថ្នាចង់បានសេចក្ដីចម្រើន តែងជួបប្រាស្រ័យនឹងមនុស្សល្អ ដូច្នោះឯង ។
ទ្រឹស្តីពុទ្ធសាសនាបានបញ្ជាក់ថា សេចក្តីល្អនីមួយៗដែលយើងបានធ្វើហើយ យើងរមែងបានទទួលជានិច្ចនូវផល ឬផ្លែផ្កានៃអំពើល្អនោះដែលហៅថា ផលានិសង្សគឺ អានិសង្សនៃសេចក្តីល្អ ។ អានិសង្សដែលជាផ្លែផ្កានៃអំពើល្អនេះ គឺជាអ្វីក្រៅពីចិត្តត្រេកអររីករាយទូលំទូលាយធំធេងដូចមហាសាគរ មុនធ្វើ កំពុងធ្វើ និងធ្វើរួចហើយនោះទេ ដោយបានសម្រេចផលជាទីពេញចិត្ត ទទួលបាននូវបុញ្ញសម្បទាគ្រប់យ៉ាងទាំងក្នុងបច្ចុប្បន្ន និងអនាគត ព្រមទាំងទទួលអារម្មណ៍ជាបុណ្យជាប់ជានិច្ចក្នុងសន្តានចិត្ត ។

ជាក់ស្តែង កាលពីពីរថ្ងៃមុននេះ ភិក្ខុអគ្គធម្មោ ពិសី បានបញ្ចេញសារដាស់ តឿនដល់បងប្អូនពុទ្ធបរិស័ទ្ធទាំងអស់នៅលើបណ្តាញសង្គមហ្វេសប៊ុកថា «អួតអំពើល្អក្នុងបណ្ដាញសង្គមវាប្រសើរជាងការបង្ហាញសកម្មភាពផឹកស្រា ល្បែងភ្នាល់ និងរឿងបំពុលសង្គមផ្សេងៗ។»
ក្រោយពីការបង្ហោះសាររបស់ភិក្ខុអគ្គធម្មោ ពិសី ក៏មានអ្នកខំមិនជាច្រើន ហូរហែ ដោយអ្នកខ្លះក៏បានលើកឡើងថា «ពិតណាស់ ព្រះតេជគុណ ! ពេលករុណា ឃើញមិត្ត របស់ករុណាផឹកស្រា ឬកាន់កែវស្រាថត post story ម្តងៗករុណាពិតជាអន់ចិត្តខ្លាំង ព្រោះគេនៅតែមិនមើលឃើញពីបញ្ហាសង្គម តាមរយៈសកម្មភាពផឹកស្រានេះសោះ» ។
ជាមួយគ្នានោះដែរ លោកឌិន សុមេធារិទ្ធិ ស្ថានិកបឹងភូមិផ្កាត្រកួន កាលពីកន្លងមក លោកបាននិយាយថា «អំនួតមិនមែនសុទ្ធតែអាក្រក់ទេ» មានន័យថា មានអំនួត តែកុំក្អេងក្អាង ។ មានន័យថា ការអួតជាទិសដៅរបស់យើង ជារឿងល្អវិញ ។ ឧទាហរណ៍លោកកាលពីក្មេង មានអំនួតថា ខ្ញុំនឹងរៀនឲ្យចប់អនុបណ្ឌិត ខណៈកាល នោះនៅស្រុកខ្មែរអត់ទាន់មានអនុបណ្ឌិតទេ ។

លើសពីនេះទៀត បើតាមការសម្ភាសរបស់កញ្ញាម្នាក់ សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ការអួតរឿងខ្លះវាល្អមែនទែន ដូចជា ធ្វើបុណ្យជាមួយអ្នកម្តាយ លោកឪពុករបស់យើង ។ មិនតែប៉ុណ្ណោះក៏មានដូចជា ការជួយលោកយាយ លោកតាកម្សត់អត់ឃ្លាន ឬក្មេង កំព្រា ក៏ជារឿងល្អដែរ ។ ឧទាហរណ៍ ក្នុងករណីយើងផុសនៅក្នុងបណ្តាញសង្គម និយាយពីជីវិតកម្សត់ក្មេងម្នាក់ដែលយើងបានជួយមិនថាជាលុយ ឬជាសម្ភារៈ ផ្សេងៗឡើយ ព្រោះអ្នកខ្លះឃើញហើយក៏បានជួយក្មេងនោះបន្តថែមទៀតក៏មានដែរ ។

ដោយឡែកមនុស្សមួយចំនួនតូច បន្ទាប់ពីធ្វើការងារចប់ ឬសម្រាកពីការងារហើយ តែងតែជុំគ្នាផឹកស៊ី ស្រែកច្រៀងមិនខ្វល់ពីការបង្កសំឡេងរំខានដល់អ្នកជិតខាងឡើយ ។ មិនតែប៉ុណ្ណោះ ក៏មានអ្នកខ្លះថតបង្អួតគ្នានោះតាមបណ្តាញសង្គម ឬនៅក្នុង ឆាតហ្វេសប៊ុក និងតេលេក្រាមជាដើម ។ ចំណែកអ្នកខ្លះទៀត ក្រោយពីផឹក ស៊ីសប្បាយរហូតដល់យប់ហើយក៏បានធ្វើដំណើរនៅតាមផ្លូវដែលធ្វើឲ្យជួបរឿងស្មានមិនដល់ ដូចជាត្រូវប៉ូលិសហៅវាស់ជាតិអាល់កុល ហើយអ្នកខ្លះទៀតក៏ជួបគ្រោះ ចរាចរណ៍ជាដើម ។

ទន្ទឹមនេះដែរ មនុស្សមួយចំនួន ធ្វើល្អ អួតនេះអួតនោះ ដើម្បីចង់បានមុខមាត់ ចង់បានចំណាប់អារម្មណ៍ ចង់ឱ្យខ្លួនបានល្បីល្បាញតែប៉ុណ្ណោះ ។ សង្គមមិនអាក្រក់ទេ តែមនុស្សនៅក្នុងសង្គម កាន់តែភ្លេចសេចក្ដីល្អ កាន់តែ លែងចង់ធ្វើល្អចេញពីចិត្ត ព្រោះគំនិតគិតចង់បានតែមុខមាត់ ពាក្យសរសើរ ចង់បានកេរ្តិ៍ឈ្មោះល្បីល្បាញ មានអ្នកស្គាល់ ចូលមើល Like Share ចង់បានចំណាប់អារម្មណ៍ លែងស្គាល់ពាក្យថា កិត្តិយស ថ្លៃថ្នូរអ្វីទាំងអស់ មនុស្សអាក្រក់ធ្វើឱ្យសង្គមកាន់តែល្អក់កករ ពោរពេញទៅដោយភាពគួរឱ្យខ្លាច លែងមានការជឿជាក់ និងទុកចិត្ត។ ចូរនាំគ្នាធ្វើល្អចេញពីខ្លួនយើងទៅដើម្បីបង្កើតសង្គមមួយដែលផូរផង់សម្រាប់ទាំងអស់គ្នា ៕
ចែករំលែកព័តមាននេះ