ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​តាលីបង់​ដោះ​លែង​អ្នក​ស្ដាំ​និយម​របស់​អូទ្រីស​ឱ្យ​មាន​សេរីភាព​វិញ

7 ខែ មុន

ទី​ក្រុ​ងកាប៊ុល​៖ ​នៅ​ទី​បំផុត​​ ក្រុម​តាលីបង់​យល់​ព្រម​ដោះ​លែង​ឱ្យ​មាន​សេរី​ភាព​វិញ​ហើយ​នូវ​សកម្ម​ជន​ស្ដាំ​និយម​ម្នាក់​របស់​ប្រទេស​អូទ្រីស​ដែល​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អាហ្វហ្កានី​ស្ថាន​ ហើយ​ត្រូវ​ចាប់​ខ្លួន​ព្រឹប​តែ​ម្ដង​កាល​ពី​ខែ​ឧសភា ឆ្នាំ​២០២៣​​។ គាត់​ឈ្មោះ​ហឺបឺត ហ្វ្រីត​ (Herbert Fritz) អាយុ​៨៤​ឆ្នាំ​​​។…

ទី​ក្រុ​ងកាប៊ុល​៖ ​នៅ​ទី​បំផុត​​ ក្រុម​តាលីបង់​យល់​ព្រម​ដោះ​លែង​ឱ្យ​មាន​សេរី​ភាព​វិញ​ហើយ​នូវ​សកម្ម​ជន​ស្ដាំ​និយម​ម្នាក់​របស់​ប្រទេស​អូទ្រីស​ដែល​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អាហ្វហ្កានី​ស្ថាន​ ហើយ​ត្រូវ​ចាប់​ខ្លួន​ព្រឹប​តែ​ម្ដង​កាល​ពី​ខែ​ឧសភា ឆ្នាំ​២០២៣​​។ គាត់​ឈ្មោះ​ហឺបឺត ហ្វ្រីត​ (Herbert Fritz) អាយុ​៨៤​ឆ្នាំ​​​។ ​រដ្ឋា​ភិ​បាល​អូទ្រីស​បាន​​រៀប​រាប់​​​នៅក្នុង​សេចក្តី​ថ្លែងការណ៍​​​ថា​លោក​ហ្វ្រីត​ (Fritz) ​ធ្វើ​ដំណើរ​ទៅ​ដល់​ទី​ក្រុង​ដូហា (Doha) ​បន្ទាប់ពី​​​រដ្ឋាភិបាល​ប្រទេស​កា​តា​​ជួយ​​សម្រុះ​សម្រួល​ឱ្យ​មាន​ការ​ដោះលែង​​។

សូម​រំលឹក​ឡើង​វិញ​ថា​ក្រោយ​ការ​ចាប់​ខ្លួន​លោក​ហ្វ្រីត​នោះ ​​សារ​ព័ត៌​មាន​ឌែ ស្តេនដាត (Der Standard) ​របស់​ប្រទេស​អូទ្រីស​បាន​ចុះ​ផ្សាយថា​​គាត់​​​ធ្វើ​ដំណើរ​ទៅ​ប្រទេស​​​​​អាហ្វហ្គានីស្ថាន និង​និយាយ​អ្វី​​ដែល​​ល្អ​ៗ​អំពី​ជីវភាព​​​រស់​នៅ​​​ទីនោះ​។ ​​ពាក្យ​សម្ដី​របស់​លោក​ហ្វ្រីត​ធ្វើ​ឱ្យ​ក្រុម​​ដែល​មាន​និន្នា​ការ​​ប្រឆាំង​នឹង​ជន​អន្តោ​ប្រវេសន៍​រឹត​តែ​ជួយ​បំផុស​បំផុល​ទៅ​ពិភព​លោក​ថា​អាហ្វហ្កានីស្ថាន​ជា​ប្រទេស​ដែល​មាន​សុវត្ថិ​ភាព​ល្អ​ណាស់​។ ជន​អន្តោ​ប្រវេសន៍​ត្រូវ​តែ​ចាក​ចេញ​ទៅ​រស់​នៅ​អាហ្វ​ហ្កានីស្ថាន​វិញ​។​​

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​អូទ្រីស​

សារ​ព័ត៌​មាន​ឌែ​ស្តេន​ដាត (Der Standard) ​ចុះ​ផ្សាយ​ថា​​ទោះ​បី​លោក​ហ្វ្រីត​​ខំ​ផ្សាយ​អ្វី​ដែល​ល្អ​ៗ​អំពី​ប្រទេស​អាហ្វ​ហ្កានីស្ថាន​ ប៉ុណ្ណឹង​ហើយ​​ក៏​ដោយ​ ក៏​​ពួក​តាលីបង់​មិន​ទាន់​​ជឿ​ជាក់​គាត់​ទេ​។ ពួក​គេ​ចាប់​ខ្លួន​គាត់​ទុក​ឃុំ​មួយ​កន្លែង​ព្រោះ​សង្ស័យ​ថា​គាត់​ចូល​ទៅ​លួច​យក​ការណ៍​សម្ងាត់​​។ ចរិត​មនុស្ស​ដែល​ចូល​ចិត្ត​សង្ស័យ​អ្នក​ដទៃ​គឺ​បែប​នេះ​ឯង​ ​គេ​ហៅថា​ផារ៉ាណយ ឬ​ឌីលូសឹន​ (delusional paranoid)​។

ក្រសួង​ការបរទេស​អូទ្រីស​​ប្រកាស​ថា​​ចាប់​តាំង​ពី​លោក​ហ្វ្រីត​ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាម ក្រសួង​​ក៏​មិន​បង្អែ​បង្អង់​ដែរ​។ ក្រសួង​បាន​ចាប់​ផ្ដើម​ទាក់​ទង​ទៅ​បណ្ដា​ប្រទេស​មួយ​ចំនួន​ដើម្បី​​ខិត​ខំ​ចរ​ចា​ជា​មួយ​ក្រុម​តាលីបង់​​ឱ្យ​មាន​ការ​ដោះ​លែង​​លោក​ហ្វ្រីត​​។​ ដូច្នេះ ក្រសួង​​សូម​អរគុណ​​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ប្រទេស​កា​តា និង​តំណាង​សហភាព​អឺរ៉ុប​នៅ​ទីក្រុង​កាប៊ុល ដែល​បាន​ជួយ​​ជ្រោម​ជ្រែង​នៅ​ក្នុង​រឿង​នេះ​រហូត​ដល់​អាច​ដឹក​ជញ្ជូន​លោ​កហ្វ្រីត​វិល​ត្រឡប់​ទៅ​ប្រទេស​អូទ្រីស​វិញ​ដោយ​ជោគ​ជ័យ​​​។

សូម​ជម្រាប​ថា​លោក​ហ្វ្រីត​​ជា​សមាជិក​ស្ថាបនិក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ជាតិ​និយម​ (National Democratic Party) របស់​ប្រទេស​​អូទ្រីស។ គណ​បក្ស​នេះ​ជា​​ក្រុម​ស្តាំ​​និយម​ជ្រុល​ ហើយ​ត្រូវ​រដ្ឋា​ភិបាល​ចេញ​ច្បាប់​ហាម​ឃាត់​ធ្វើ​នយោបាយ​តាំង​ពី​ឆ្នាំ​​១៩៨៨។​ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​សារ​ព័ត៌​មាន​ឌែ​ស្តេន​ដាត (Der Standard) និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​​ដទៃ​ទៀត​​​។ ​ក្រោយ​ការ​ដោះ​លែង​លោក​ហ្វ្រីត, ​«គណបក្សសេរីភាព​» បាន​ធ្វើ​សន្និ​សីទ​សារ​ព័ត៌​មាន​មួយ​។

លទ្ធ​ផល​ស្ទង់​មតិ​បង្ហា​ញា​ថា​គណ​បក្ស​​ដែល​​មាន​និន្នា​ការ​ស្ដាំ​និយម​ជ្រុល​​នៅ​​​ប្រទេស​អូ​ទ្រី​ស​នេះ​​ទទួល​បាន​សំឡេង​នាំ​មុខ​គេ​​​នៅ​ក្នុង​គម្រោង​បោះ​ឆ្នោត​ជ្រើស​រើស​អ្នក​តំណាង​រាស្ត្រ​​នា​ពេល​ខាង​មុខ​។​​ គណបក្ស​​បញ្ជាក់​ថា​លោក​ហ្វ្រីត​គ្មាន​បំណង​អាក្រក់​ចំពោះ​របប​តាលីបង់​ ឬ​ចំពោះ​ប្រទេស​អាហ្វ​ហ្កានីស្ថាន​ទេ​។ គោល​បំណង​ធំ​ទៅ​អាហ្វ​ហ្កានីស្ថាន​នោះ​ដើម្បី​ស្រាវ​ជ្រាវ​(research) សរ​សេរ​សៀវភៅ​។​​​ ​ក្រសួង​ការបរទេស​នៃ​ប្រទេស​​កា​តា​​ក៏​អរគុណ​ផង​ដែរ​ចំពោះ​ក្រុម​តាលីបង់​ដែល​មាន​ចិត្ត​មេត្ត​-ករុណា​ សន្ដោស​ប្រណី​ចំពោះ លោក​ហ្វ្រីត​ដោយ​មិន​ចាប់​ទោស​អូស​ដំណើរ​រូប​គាត់​ដែល​មាន​វ័យ​ចំណាស់​ណាស់​ទៅ​ហើយ៕​

ប្រភព៖ Reuters
https://www.reuters.com/world/asia-pacific/taliban-releases-austrian-far-right-activist-held-afghanistan-2024-02-25/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ