វិស័យភាពយន្តកម្ពុជាកំពុងតស៊ូរស់ ខណៈមនុស្សជាច្រើនបានងាក មើលកុនខ្មែរ និងបរទេសតាមទូរស័ព្ទ ។ បើនិយាយអំពីសិល្បៈភាពយន្តនៅកម្ពុជាសម័យនេះ ខុសពីសម័យមុនបន្តិច នៅត្រង់សម័យមុនរោងភាពយន្តគេថត ហើយបញ្ចាំងតាមរោង តែសម័យឌីជីថលសព្វថ្ងៃ គេអាចបញ្ចាំងតាម App ក៏បានដែរ ។

ពាក់ព័ន្ធនឹងការប្រែប្រួលនេះ លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្តនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យកម្មវិធីលុយនៃសារព័ត៌មានកោះសន្តិភាពដឹងថា បច្ចុប្បន្ននៅក្នុងយុគសម័យឌីជីថល Platform នៃការផ្សព្វផ្សាយសម្បូរបែប ហើយមាតិកានៃការផលិត ភាពយន្តក៏មានច្រើនសម្បូរបែបដែលជាបញ្ហាប្រឈមដ៏ចម្បងមួយបន្ថែមរបស់ផលិតករក្នុងការផលិតភាពយន្ត ។
លោក ប៉ុក បូរក្ស បញ្ជាក់ថា «គោលដៅផលិតរបស់ផលិតកររបស់ យើងក្រៅពីការផលិតចាក់ក្នុងទូរទស្សន៍ គឺវាមាននៅក្នុងរោងកុន ឬនៅក្នុង Apps មួយចំនួន ដែលផលិតករអាចដាក់បាន ។ ប៉ុន្តែបើធៀប និងផលិតផលនៅលើទីផ្សារនៅលើ Social Media នៅលើ Digital Platform មានច្រើនលើសលុប ។ ដូច្នេះជាការពិតជា បញ្ហាប្រឈម ចំពោះការរីកទីផ្សាររបស់ផលិតកររបស់យើង» ។

ដោយឡែក លោកស្រី ប៊ុន ចាន់និមល អគ្គនាយិកាក្រុមហ៊ុន SastraFilm ដែលជាផលិតកម្មភាពយន្តដែលផលិតរឿងផ្សព្វផ្សាយនៅលើបណ្តាញសង្គមច្រើន និងដៃគូសហការមួយចំនួនបានឱ្យដឹងថាទោះបីវិស័យភាពយន្តស្ថិតនៅក្នុងយុគសម័យឌីជីថលយ៉ាងណាក្តី ក៏វិស័យមួយនេះនៅមិនទាន់រីកចម្រើនខ្លាំងដូចសម័យសង្គមដែលវិស័យ ភាពយន្ត ខ្មែរបានរីកចម្រើនដល់កំពូល។

លោកស្រី ប៊ុន ចាន់និមល បានបញ្ជាក់ថា «បច្ចុប្បន្ននេះវិស័យភាពយន្តបានការងើបឡើងវិញ។ ប៉ុន្តែយើងងើបក្នុងឱកាសល្អមួយ ដោយសារវាជាសម័យឌីជីថល ។ នៅពេលដែលយើងប្រឹងទៅឌីជីថលវាមានការផ្សព្វផ្សាយល្អ ធ្វើឱ្យការខំប្រឹងប្រែងរបស់យើងបានផ្សព្វផ្សាយទៅដល់ដៃមហាជនជាងពីមុន។ តែទោះបីជាយ៉ាងណាក៏ដោយ នៅសម័យប្រព័ន្ធឌីជីថលនេះ ការផលិតភាពយន្តដោយសារតែមានអ្នកផលិតខ្លះគាត់មិនមែនជាអ្នកអាជីពភាពយន្តពិតប្រាកដ អ៊ីចឹងគាត់ក៏ឆ្លៀតក្នុងឱកាសនេះផលិតមាតិកាដែលមិនសមរម្យវាក៏ជះឥទ្ធិពលដល់សង្គមផងដែរ អ៊ីចឹងទាល់តែអ្នកទស្សនាហ្នឹងគាត់ចេះបែងចែកអ្វីទៅជាភាពយន្តពិតប្រាកដ អ្វីទៅជាវីដេអូខ្លីដែលមិនសូវមានអត្ថន័យ ហើយទាល់តែអ្នកផលិតនោះគាត់មានមានះសិកាថា គាត់ធ្វើដើម្បីប្រយោជន៍រួមឬក៏គាត់គ្រាន់តែដើម្បីបានលុយមួយឆាវ អាហ្នឹងក៏ជាការដែលវាត្រូវថ្លឹងថ្លែងដែរ»។
លោក ប៉ុក បូរក្ស បានឱ្យដឹងថា ទោះបីជាសម័យកាលបច្ចុប្បន្នសម្បូរបែបយ៉ាងណាក៏ដោយក្នុងនោះបច្ចេកវិទ្យាជាពិសេស បញ្ញាសិប្បនិមិត្ត (AI) បានជ្រៀតចូលមកក្នុងប្រទេសកម្ពុជាច្រើនយ៉ាងណាក្តីក៏វិស័យភាពយន្តនៅតែមានបញ្ហាប្រឈម។
លោក បានឲ្យដឹងថា «សម័យឌីជីថលហើយ និងការវិវត្តរបស់ AIបច្ចុប្បន្នក៏ដូចជាពីមុនមក យើងឃើញមាន បើយើងធៀបផលិតផលភាពយន្តកម្ពុជា និងផលិតផលភាពយន្តបរទេស ជាពិសេសយើងឃើញមានហើយភាពយន្តធំៗរបស់អន្តរជាតិ ហូលីវូដអី យើងឃើញថា មានភាពខុសគ្នាឆ្ងាយ ។ យើងមិនអាចធ្វើការប្រៀបធៀបទៅលើកម្រិតនោះបានទេ វាពាក់ព័ន្ធនឹងកត្តាជាច្រើនទាំងកត្តាធនធានមនុស្ស ទាំងកត្តាធនធានថវិកា ទាំងកត្តាទីផ្សារនៃការផលិត» ។
លោកប្រធាននាយកដ្ឋានភាពយន្ត បានបន្តថា នៅពេលនេះកម្ពុជាមានអ្នកផលិតមាតិកានៅលើបណ្តាញសង្គមច្រើន តែពួកគេមិនមែនជាផលិតករភាពយន្តនោះទេ តែពួកគេអាចប្រសិនបើប្រើថេរវេលាយូរ ព្រោះភាពយន្ត និងការផលិតបែបកម្សាន្ត (Content Creator) មានលក្ខណៈខុសគ្នា ។
លោក ប៉ុក បូរក្ស បន្ថែមថា «ភាពយន្តត្រូវការអី វាត្រូវការអ្នកសរសេរ Script មួយច្បាស់លាស់ ។ វាត្រូវការមានពន្លឺ វាត្រូវការមានភ្លើង មានកាមេរ៉ា វាត្រូវការមាន Sound ត្រូវការមានការកាត់ត ការរៀបចំអីច្រើនមែនទែន ។ ប៉ុន្តែ Content Creator មួយចំនួនពួកគាត់អត់មានរបស់ទាំងនេះទេ មានន័យថា គាត់ធ្វើដោយខ្លួនគាត់គាត់មានគ្នាតែ២ឬ៣នាក់ ។ គាត់បង្កើតរូបភាព Direct ជាមួយ និងកាមេរ៉ា សំឡេង Direct ជាមួយកាមេរ៉ា បើយើងធៀបជាមួយភាពយន្ត គឺវានៅឆ្ងាយណាស់ ប៉ុន្តែថ្ងៃណាមួយគាត់នឹងអាចក្លាយជាផលិតករភាពយន្តបាន ព្រោះគាត់មានគំនិតនៃការតែងនិពន្ធការបង្កើតនូវរឿងស្រាប់» ៕
ចែករំលែកព័តមាននេះ