ខេត្តបន្ទាយមានជ័យ ៖ ក្រោយពីសភាពការណ៍តាមបន្ទាត់ព្រំដែនមានភាពស្ងប់ស្ងាត់ គេឃើញនៅច្រករបៀងអូរបីជាន់ ស្រុកអូរជ្រៅ មានក្រុមហ៊ុនចំនួន៣ នាំគោក្របី ពីប្រទេសសៀម មួយថ្ងៃជិត១០០ក្បាល ខុសពីពេលមុនដែលនាំចូលជាង១.០០០ក្បាល ។ សូមបញ្ជាក់ថា គោក្របីទាំងនេះមិនមែននាំចូលសម្រាប់តម្រូវការនៅក្នុងប្រទេសទេ គឺនាំបង្ហួសទៅប្រទេសវៀតណាម។
តាមព័ត៌មានពីលោកហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានប្រាប់ថា រយៈពេលកន្លងមកក្រុមហ៊ុនដែលនាំគោក្របីចូលពីប្រទេសសៀម តាមច្រករបៀបអូរបីជាន់ ស្រុកអូរជ្រៅ ត្រូវបានផ្អាកមួយរយៈ ដោយសារសភាពការណ៍នៅតាមបន្ទាត់ព្រំដែនមានភាពតានតឹង ។ មន្ត្រីរូបនោះបានបន្តថា ទើបតែអំឡុងខែឧសភា គេឃើញក្រុមហ៊ុនចំនួន៣ គឺ១-ក្រុមហ៊ុនជាតិអភិវឌ្ឍន៍ ២-ក្រុមហ៊ុនយុវពាណិជ្ជ និង៣-ក្រុមហ៊ុនពាហនៈពាណិជ្ជ បាននាំគោក្របីចូល១ថ្ងៃជិត១០០ក្បាល។ តែកាលពីឆ្នាំ២០០៧ រហូតដល់ឆ្នាំ២០១០ គោក្របីដែលនាំចូលពីប្រទេសសៀមមកកម្ពុជា១ថ្ងៃជាង១.០០០ក្បាលឯណោះ ។
ប្រភពដដែលបានបញ្ជាក់ថា គោក្របីដែលក្រុមហ៊ុននាំចូលពីប្រទេសសៀម ត្រូវបានគេយកទៅចិញ្ចឹមក្នុងកសិដ្ឋាននៅតាមបណ្តាខេត្តមួយចំនួន ។ គួរបញ្ជាក់ផងដែរថា បន្ទាប់ពីក្រុមហ៊ុនមួយចំនួនអស់ច្បាប់នាំគោក្របីចូលពីប្រទេសសៀម កាលពីពេលកន្លងមក ក៏មានឈ្មួញមួយចំនួនបានលួចនាំចូលដោយល្មើសច្បាប់ ហើយមានមន្ត្រីយោធា១រូប ជាអ្នកកាងតាមផ្លូវ ក៏ត្រូវមន្ត្រីប៉ូលិសសេដ្ឋកិច្ចក្រសួងឃាត់ខ្លួនដោយសារគ្មានច្បាប់នោះ ហើយត្រូវបានប្រគល់ទៅឱ្យផលិតកម្ម និងបសុព្យាបាលខេត្ត តែក្រោយមកត្រូវបានដោះលែងវិញ ។ មានការរិះគន់ថា គោក្របីដែលនាំចូលពីប្រទេសសៀមច្បាប់ក្រុមហ៊ុនបានដាក់ថា គោក្របីទាំងនេះ គឺយកទៅចិញ្ចឹមក្នុងកសិដ្ឋាននៅតាមបណ្តាខេត្តមួយចំនួន។ តែធាតុពិតគោក្របីដែលនាំចូលនោះគឺគោក្របីចាស់ៗ ដែលគេជម្រុះចោល ដោយលក់ក្នុងតម្លៃថោក៕
ចែករំលែកព័តមាននេះ