ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់មានមនុស្សប្រុសស្រីចំនួន៨នាក់ ជាជនជាតិវៀតណាមដែលមកលេងល្បែងនៅកាស៊ីណូក្រុងបាវិត ត្រូវបានក្រុមរ៉ូលីងចំនួន៦នាក់ចាប់បង្ខាំងនៅក្នុងបន្ទប់កាស៊ីណូ VIP ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ហើយត្រូវសមត្ថកិច្ចចូលរំដោះបានកាលពីថ្ងៃទី២៩ ឧសភា វេលាម៉ោង១០ព្រឹក និងបង្ក្រាបក្រុមជនល្មើសបានចំនួន៤នាក់នៅកន្លែងកើតហេតុ ឯមេខ្លោង២នាក់កំពុងរត់គេចខ្លួន ។
ទាក់ទិននឹងការចាប់បង្ខាំងមនុស្សជំរិតទារប្រាក់នេះលោកវរសេនីយ៍ត្រីរស់ វីរ៉ាវុធ នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តបានឱ្យដឹងថា ក្រោយពេលទទួលបានពាក្យបណ្តឹងពីក្រុមគ្រួសារជនរងគ្រោះ សមត្ថកិច្ចនគរបាលក្រុងបាវិតសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់បាវិត ដឹកនាំដោយរូបលោកនិងមន្ត្រីនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបានចុះទៅបង្ក្រាបចាប់បានជនសង្ស័យ៤នាក់ និងរំដោះជនរងគ្រោះជាជនជាតិវៀតណាមបានចំនួន៨នាក់ ក្នុងនោះមានស្ត្រីម្នាក់ ។ ជនរងគ្រោះទាំង៨នាក់នេះមាន១-ឈ្មោះង្វៀង យ៉ាំងយូ អាយុ២៧ឆ្នាំ មានទីលំនៅភូមិបេនមឿង ឃុំថាន់ឌឹក ស្រុកកូយ៉ូវ ខេត្តតៃនិញ ២-ឈ្មោះឡេ វិកជិន អាយុ២៤ឆ្នាំ នៅភូមិ៣ ឃុំថាន់ទី ស្រុកបេនដាយ ខេត្តបេនជែរ ៣-ឈ្មោះហូ ស៊ីយឿង អាយុ២៥ឆ្នាំ នៅភូមិ៤ ឃុំអាងទៀង ស្រុកបេនកាក ខេត្តប៉ិនយឿង ៤-ឈ្មោះង្វៀង ធីធីភឿង ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិយ៉ាំងវ៉ា ឃុំតាំងហាយ ខេត្តដុងផាប់ ៥-ឈ្មោះង្វៀង តឹងដាក អាយុ៣២ឆ្នាំ ទីលំនៅភូមិភឿងឡុង ឃុំភឿងហាន់ ស្រុកឡុងភូប៉ិន ខេត្តសុខចាង ៦-ឈ្មោះឡេ វ៉ាន់ហ្វាង អាយុ៣១ឆ្នាំ នៅភូមិវ៉ាងអាន់ ស្រុកហ្វាងហ្វា ខេត្តថាន់វ៉ា ៧-ឈ្មោះយ៉ វ៉ាន់យ៉ាវ អាយុ៤៤ឆ្នាំ នៅភូមិ៣ ឃុំថាន់ទី ស្រុកបេនដាយ ខេត្តបេនជែរ និង៨-ឈ្មោះង្វៀងចិនតង អាយុ៣០ឆ្នាំ នៅភូមិប៊ើយហា ស្រុកមឿងមិនចូវ ខេត្តតៃនិញ ។
ជនជាតិវៀតណាមទាំង៨នាក់ ត្រូវបានអាជ្ញាធរក្រុងបាវិតនិងសមត្ថកិច្ចនគរបាលខេត្តប្រគល់ទៅឱ្យភាគីអាជ្ញាធរវៀតណាមនៅអធិការដ្ឋាននគរបាលក្រុងបាវិត កាលពីថ្ងៃទី៣០ ឧសភា វេលាម៉ោង៣រសៀល ដើម្បីបញ្ជូនទៅប្រទេសវៀតណាមវិញ ។ លោករស់ វីរ៉ាវុធ បន្តទៀតថា ចំពោះជនសង្ស័យ៤នាក់នោះ មាន១-ឈ្មោះង្វៀង បួយអាញ់ ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិង៉ឺយអាង សង្កាត់ហាបួយកិម ស្រុកថាន់វិញអាង ខេត្តណាអា ២-ឈ្មោះង្វៀង យ៉ាងហ៊ូ ភេទប្រុស អាយុ៥០ឆ្នាំ នៅភូមិបេនមឿង ឃុំថាន់ឌឹក ស្រុកកូយ៉ូវ ខេត្តតៃនិញ ៣-ឈ្មោះតាំងបាក់តេវ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិបេនមឿង ឃុំថាន់ឌឹក ស្រុកកូយ៉ូវ ខេត្តតៃនិញ និង៤-ឈ្មោះង្វៀង យ៉ាំងម៉ាង ភេទប្រុស អាយុ២៨ឆ្នាំ ទីលំនៅភូមិតាយ៉ ឃុំថាន់ឌឹក ស្រុកកូយ៉ូវ ខេត្តតៃនិញ ប្រទេសវៀតណាម ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការតាមច្បាប់ កាលពីថ្ងៃទី៣១ ឧសភា និងចេញដីកាឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្ត ។
ចំពោះជនជាមេខ្លោងគឺមានឈ្មោះគឹមកាង ភេទប្រុស និងឈ្មោះក្វាង ភេទប្រុស ទាំង២នាក់ជាបុគ្គលិករ៉ូលីងនៅកាស៊ីណូក្រុងបាវិត បានរត់គេចខ្លួនបាត់ ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួនតែដោយពួកគេសុទ្ធសឹងជាជនជាតិយួនទើបពិបាកក្នុងការស្រាវជ្រាវ។ ម្យ៉ាងទៀតនៅតាមកាស៊ីណូមិនអាចចូលរកបានស្រួលៗទេ នេះដោយសារកាស៊ីណូ VIP បិទទ្វារទើបចូលបង្ក្រាបបាន រីឯកាស៊ីណូឆាតូវិញមិនទាន់ចាប់ខ្លួនជនល្មើសបាននៅឡើយ ។ សូមបញ្ជាក់ថា ពួករ៉ូលីងគឺជាអ្នករកម៉ូយនិងជាអ្នកប្តូរកាក់សម្រាប់ឱ្យភ្ញៀវលេងល្បែងក្នុងកាស៊ីណូ ៕
ចែករំលែកព័តមាននេះ