ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាសគាំទ្រ​អ្នកឧកញ៉ា ឡេ​ង ណា​វ៉ា​ត្រា ដែល​ចង់​ឈរឈ្មោះ​បោះ​ឆ្នោត​ជា​ប្រធាន​«​សមាគម​សិល្បករ​ខ្មែរ​»

10 ខែ មុន

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន ជា​ប្រធាន​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ បាន​ប្រកាស​គាំទ្រ​អ្នកឧកញ៉ា ឡេ​ង ណា​វ៉ា​ត្រា បន្ទាប់​ពី​បានឃើញ​អ្នកឧកញ៉ា…

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន ជា​ប្រធាន​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ បាន​ប្រកាស​គាំទ្រ​អ្នកឧកញ៉ា ឡេ​ង ណា​វ៉ា​ត្រា បន្ទាប់​ពី​បានឃើញ​អ្នកឧកញ៉ា ឡេ​ង ណា​វ៉ា​ត្រា ចង់​ចូលរួម​ឈរឈ្មោះ​បោះ​ឆ្នោត​ធ្វើ​ជា​ប្រធាន «​សមាគម​សិល្បករ​ខ្មែរ​» ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម ថា «​បន្ទាប់​ពី​បានឃើញ​អ្នកឧកញ៉ា ឡេ​ង ណា​វ៉ា​ត្រា បង្ហាញ​ពី​បំណង​ចង់​ឈរឈ្មោះ​ជា​ប្រធាន​សមាគម​សិល្បៈ រួច​មក ខ្ញុំ​មាន​អារម្មណ៍​កក់ក្តៅ​សម្រាប់ អនាគត​សមាគម​មួយ​នេះ​»​។

សម្តេច​តេ​ជោ ហ៊ុន សែន បន្ត​ថា កន្លង​មក​ក៏​ដូច​ជា​បច្ចុប្បន្ន ខ្ញុំ​ក៏​បាន​រួមចំណែក​ជួយ​ដល់​សិល្បករ សិល្បការី​នី ដែល​ជួប​ការ​លំបាក​តាម​រយៈ​សមាគម​ផង និង​តាម​បុគ្គល​ផង ខ្ញុំ​គិត​ថា បញ្ហា​ថវិកា​ទ្រទ្រង់​សមាគម ដើម្បី​ជួយ​ដោះស្រាយ​ការ​លំបាក​របស់​សមាគម នៅ​តែ​ជា​បញ្ហា​ប្រឈម​ដ៏​ធំ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្ថែម​ទៀត​ថា ដូច្នេះ​ប្រ​សិន​បាន​អ្នកឧកញ៉ា ឡេ​ង ណា​វ៉ា​ត្រា ជា​ប្រធាន​សមាគម យើង​ពិតជា​ដោះស្រាយ​បាន​មួយ​ផ្នែក​ធំ រាប់​ទាំង​ស្នាក់​ការ​ធ្វើការ​របស់​សមាគម​ផង ។

យ៉ាងណា សម្តេច​តេ​ជោ បាន​បញ្ជាក់​ថា សម្តេច​មិន​ជ្រៀត​ជ្រែ​ត​លើ​ការ​បោះ​ឆ្នោត រើស​ប្រធាន​សមាគម​ទេ តែ​ដោយសារ​យើង​ត្រូវការ​សិល្បៈ ដែល​មានការ​សាមគ្គីភាព និង​រីក​ចម្រើន​ទៅ​មុខ ទើប​សម្តេច​ផ្តល់​ការ​គាំទ្រ បែប​នេះ ។

សម្តេច​តេ​ជោ ប្រកាស​គាំទ្រ​បែប​នេះ បន្ទាប់​ពី​អ្នកឧកញ៉ា ឡេ​ង ណា​វ៉ា​ត្រា បាន​ប្រកាស​នៅ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​នៅ​ថ្ងៃ​ទី​២០ កុម្ភៈ​នេះ​ថា ៖ «​ប្រសិនបើ​មានការ​គាំទ្រ ខ្ញុំបាទ​សូម​ចូលរួម​ឈរឈ្មោះ​ជា​បេក្ខភាព​ប្រធាន​សមាគម​សិល្បករ​ខ្មែរ មួយ​រូប​ដែរ ដើម្បី​ចូលរួម​ចំណែក​តាម​លទ្ធភាព និង​សមត្ថភាព​» ។

សូម​ជម្រាប​ថា អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម​កាលពី​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ថា ក្នុង​នាម​សមាគម​សិល្បករ​ខ្មែរ នាង​ខ្ញុំ​មាន​កិត្តិយស​សូម​គោរព​ជម្រាប​ជូន​លោក​ជំទាវ​ម៉ែ ហ៊ុន ស៊ី​ណាត និង​បងប្អូន​សិល្បករ​-​សិល្ប​ការិនី ក៏​ដូច​ជា​សាធារណជន​ទាំងអស់ មេត្តា​ជ្រាប​ថា យោង​តាម​លក្ខន្តិកៈ​របស់​សមាគម​សិល្បករ​ខ្មែរ ដែល​ទទួលស្គាល់​ដោយ​ក្រសួងមហាផ្ទៃ ការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធាន​សមាគម​មាន​អាណត្តិ​៥​ឆ្នាំ​ម្ដង ។

ដោយឡែក សម្រាប់​អាណត្តិ​នាង​ខ្ញុំ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​០៧ ខែកក្កដា ឆ្នាំ​២០១៧ រហូត​មក​ដល់​ពេល​នេះ មាន​រយៈពេល​ជាង​៦​ឆ្នាំ​ហើយ ។ នោះ​ក៏​ព្រោះតែ​ឆ្នាំ​ទី​៥ ដែល​ត្រូវ​បោះ​ឆ្នោត គឺជា​ពេលវេលា​កំពុង​មាន​វិបត្តិ​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូ​វី​ដ​-១៩ រាជរដ្ឋាភិបាល​មិន​អនុញ្ញាត​ឱ្យ​មានការ​ជួបជុំ​ឡើយ ទើប​ថ្នាក់ដឹកនាំ​របស់​សមាគម​សម្រេច​ពន្យារពេល​បោះ​ឆ្នោត​អាណត្តិ​ថ្មី រហូត​មក​ដល់​បច្ចុប្បន្ន ។

ទោះបីជា​យ៉ាងណា សមាគម​កំពុងធ្វើការ​ជាមួយ​ស្ថាប័ន​ដែល​ពាក់ព័ន្ធ ដើម្បី​រៀបចំ​ការ​បោះ​ឆ្នោត​អាណត្តិ​ថ្មី​នៅ​ក្នុងឆ្នាំនេះ ហើយ​សមាគម​សូម​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​រៀមច្បង​សិល្បករ និង​បងប្អូន​សិល្បករ សិល្ប​ការិនី​ទូទៅ ដែល​មាន​បំណង​ចង់​ឈរឈ្មោះ​បោះ​ឆ្នោត ដើម្បី​បន្ត​ដឹកនាំ​សមាគម​សិល្បករ​ខ្មែរ​ក្នុង​អាណត្តិ​ថ្មី​ឱ្យ​កាន់តែ​រីក​ចម្រើន​សំដៅ​គាំពារ​ដល់​សិល្បករ​គ្រប់​ទម្រង់​ជា​ពិសេស​សិល្បករ​ចាស់ជរា មាន​ពិការ​ភាព និង​មាន​ជីវភាព​ខ្វះខាត​ជាដើម​។ សូម​គោរព​អរគុណ​ដល់​ថ្នាក់ដឹកនាំ និង​បងប្អូន​សិល្បករ​ទាំងអស់ ដែល​បាន​គាំទ្រ​រូប​នាង​ខ្ញុំ​កន្លង​មក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ