ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​សម្រេច​ឃុំខ្លួន​បុរស​ប្រឌិត​រឿង​ប៉ូលិស​ចរាចរណ៍​ផាកពិន័យ​ស្ត្រី​ឈ្មោះ​ម៉ូ​លី​កា ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន

2 ខែ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២៤​នេះ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន លើ​ជន​ត្រូវ​ចោទ​ឈ្មោះ យឹ​ម…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២៤​នេះ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន លើ​ជន​ត្រូវ​ចោទ​ឈ្មោះ យឹ​ម សុ​ផា​ណា ដើម្បី​បន្ត​ការ​ស៊ើបសួរ​តាម​នីតិវិធី​ច្បាប់ ករណី​ប្រឌិត​អង្គហេតុ នៃ​ការ​ទារប្រាក់​ផាកពិន័យ ចំពោះ​មន្ត្រី​នគរបាល​ចរាចរ​ណ៏ គោលដៅ​ស្ដុ​ប​ក្ដាន់​ពីរ ។

អ្នកនាំពាក្យ សាលាដំបូង​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា កាលពី​វេលា​ម៉ោង​១៥​និង​៣០​នាទី​ថ្ងៃ​ទី​០២ ខែកុម្ភៈ ឆ្នាំ​២០២៤ មាន​បុគ្គល​ជា​ជនសង្ស័យ​មួយ​ក្រុម បាន​ប្រើប្រាស់​បណ្តាញ​សង្គម​គណនី​ឈ្មោះ គង់ ម៉ូ​លី​ណា បាន​ដាក់​ពាក្យបណ្តឹង​ផ្ញើ​ចូល​ទៅ​ក្នុង​គ្រុប​សុវត្ថិភាព​ចរាចរណ៍​យើង បាន​ប្ដឹង​ទៅ​លើ​ឈ្មោះ ខៀវ សុខ​ឡាយ ជា​មន្ត្រី​នគរបាល​ចរាចរណ៍​ប្រចាំការ​នៅ​ស្តុ​ប​ក្ដាន់​ពីរ អំពី​រឿងហេតុ នៃ​ការ​ទារប្រាក់​ផាកពិន័យ ទៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។ តាម​ល​ទ្ឋ​ផល​ស្រាវជ្រាវ និង​ស៊ើបអង្កេត​របស់​សមត្ថកិច្ច បាន​កំណត់​មុខសញ្ញា​ជនសង្ស័យ​ឈ្មោះ យឹ​ម សុ​ផា​ណា ដែល​បាន​ប្រឌិត​អង្គហេតុ បរិហារ​បង្កាច់​កេរ្តិ៍ និង​ក្លែងបន្លំ ទៅ​លើ​ឈ្មោះ ខៀវ សុខ​ឡាយ ដែល​ការ​ពិត​ក្នុង​អង្គ​ហេតុនេះ ឈ្មោះ ខៀវ សុខ​ឡាយ ពុំ​បាន​ប្រព្រឹត្ត​នោះ​ឡើយ​។ នៅ​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២៤ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​និង​កំពុង​ចាត់ការ​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​១០៥៦ ចុះ​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២៤ ទាក់ទិន​នឹង​ករណី​ប្តឹង​បរិហារ​បង្កាច់​កេរ្តិ៍ និង​ក្លែងបន្លំ ដែល​មាន​ជន​ត្រូវ​ចោទ ឈ្មោះ ឃឹម សុ​ផា​ណា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ ប្តឹង​បរិហារ​បង្កាច់​កេរ្តិ៍ និង​បទ​ក្លែងបន្លំ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​០២ ខែកុម្ភៈ ឆ្នាំ​២០២៤​។ បទល្មើស​ព្រហ្មទណ្ឌ ដែល​មាន​ចែង​ឱ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​៣១១ មាត្រា​៣១២ មាត្រា​៦២៦ និង​មាត្រា​៦២៧ ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

បន្ទាប់​ពី​បាន​សួរ​ចម្លើយ​ជន​ត្រូវ​ចោទ ឈ្មោះ យឹ​ម សុ​ផា​ណា និង​បាន​ពិនិត្យ​ភស្តុ​តាង ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​លើ​ជន​ត្រូវ​ចោទ​ឈ្មោះ យឹ​ម សុ​ផា​ណា ដើម្បី​បន្ត​ការ​ស៊ើបសួរ​តាម​នីតិវិធី​ច្បាប់ ។

គួរ​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​១៦ កុម្ភៈ ម្សិលមិញ​នេះ ជន​ត្រូវ​ចោទ​ឈ្មោះ យឹ​ម សុ​ផា​ន់​ណា ភេទ​ប្រុស ត្រូវ​បាន​តំណាង​អយ្យការ​សម្រេច​ចោទប្រកាន់​ហើយ ចំនួន​០២​បទល្មើស រួច​បញ្ជូន​សំណុំរឿង​ទៅ​ចៅក្រម​ស៊ើបសួរ ។ បទល្មើស ចំនួន ២ រួម​មាន ៖
១. ការ​ប្តឹង​បរិហារ​បង្កាច់​កេរ្តិ៍ ទោស​ដាក់​ពន្ធនាគារ​ពី ១​ខែ ទៅ ១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១០​ម៉ឺន ទៅ​២​លាន​រៀល ។
២. បទ​ក្លែងបន្លំ ទោស​ដាក់​ពន្ធនាគារ​ពី ១​ឆ្នាំ ទៅ ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន ទៅ ៦​លាន​រៀល ។

សូម​បញ្ជាក់​ដែរ ជនសង្ស័យ ត្រូវ​បាន​នគរបាល​រាជធានី​ភ្នំពេញ ប​ញ្ចូ​ន​ខ្លួន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២៤ ពាក់ព័ន្ធ​ចូលរួម​រៀបចំ​ផែនការ​ប្រឌិត​រឿង​ក្លែងក្លាយ​ចោទប្រកាន់​មក​លើ​មន្ត្រី​នគរបាល​ចរាចរណ៍ នៅ​គោលដៅ​ស្តុ​ប​ក្ដាន់​២ ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​របស់​មន្ត្រី​នគរបាល​ជាតិ ។

ករណី​នេះ​ដែរ លោក​វរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ​នគរបាល​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា ជនសង្ស័យ​រូប​នេះ ស្ថិត​ក្នុង​ចំណោម​បក្ខពួក​ជា​ច្រើន​នាក់​ទៀត ដែល​កំពុង​រត់គេច​ខ្លួន ខណៈ​សមត្ថកិច្ច កំពុង​បន្ត​ការ​ស្រាវជ្រាវ​ក្នុង​ការ​តាម​ចាប់ខ្លួន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ