រាជធានីភ្នំពេញ ៖ យុវជនម្នាក់ព្យាយាមធ្វើអត្ដឃាតដោយឈរអារ.កនឹងអំបែងដបហូរឈាមរហាមនៅក្នុងទឹកបឹងឈូកតាប៉ែន ហើយឈរស្រែកឡូឡាតែម្នាក់ឯង កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី៣០ ឧសភា ក្នុងភូមិគោកឃ្លៀង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ហេតុការណ៍នេះត្រូវបានប្រជាពលរដ្ឋប្រទះឃើញរួចរាយការណ៍ប្រាប់ប៉ូលិសប៉ុស្ដិ៍ភ្នំពេញថ្មី ដើម្បីចុះទៅធ្វើការហាមឃាត់។
ប្រភពព័ត៌មានពីមន្ត្រីប៉ូលិសប៉ុស្ដិ៍ភ្នំពេញថ្មីបានឱ្យដឹងថា នៅវេលាម៉ោង២រសៀលថ្ងៃដដែលនោះ ប្រជាពលរដ្ឋបានរាយការណ៍ថា ឃើញមានម៉ូតូស្មាស់ ពណ៌ខ្មៅ មួយគ្រឿងពាក់ស្លាកលេខកណ្ដាល 1Z-5629 ទុកចោលនៅមាត់បឹងតាប៉ែន។ លុះដល់ម៉ោង២និង៣០នាទីរសៀលប្រជាពលរដ្ឋបានរាយការណ៍មកម្ដងទៀតថា មានយុវជនម្នាក់កំពុងស្រែកឡូឡាក្នុងទឹកបឹង តាប៉ែន ហើយថែមទាំងអារ.កមានឈាមហូរស្រោចពេញខ្លួនប្រាណទៀតផង។ ពេលទទួលបានដំណឹងនេះ នាយប៉ុស្ដិ៍ភ្នំពេញថ្មីក៏ដឹកនាំកម្លាំងចុះទៅដល់កន្លែងកើតហេតុ ស្រាប់តែឃើញយុវជននោះកំពុងតែស្រែកថា ខឹងចិត្ដនឹងប៉ូលិសចាប់ផាកពិន័យរឿងអត់កញ្ចក់ និងមួកសុវត្ថិភាព ។
ប្រភពដដែលបន្ដថា ដោយសារឃើញឈាមហូរពេញខ្លួនដូច្នេះក៏ហៅយុវជននោះឱ្យឡើងមកលើគោកវិញ តែយុវជននោះមិនព្រមឡើងមកទេ ចេះតែដើរទៅមុខបន្ដទៀត។ ភ្លាមនោះប៉ូលិសពីរនាក់បានចុះទៅចាប់យុវជននេះឡើងពីក្នុងទឹកវិញ ទម្រាំតែចាប់បានប្រើរយៈពេលមួយម៉ោង ទើបចាប់យុវជននោះចេញពីក្នុងទឹកបាន។ បន្ទាប់មកឃើញស្ថានភាពមុខរបួសធ្ងន់ធ្ងរ សមត្ថកិច្ចបានបញ្ជូនទៅធ្វើការសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈតែម្ដង ។
ខណៈមកដល់មន្ទីរពេទ្យយុវជនអារ.កខ្លួនឯងនេះ ត្រូវបានគ្រូពេទ្យជួយសង្គ្រោះ ដោយយុវជននេះបានអារដាច់សរសៃបំពង់.កមិនអាចនិយាយកើតទេ តែបានសរសេរលើក្រដាសប្រាប់គ្រូពេទ្យថា គេឈ្មោះខុន សុភ័ក្ដ្រ អាយុ២០ឆ្នាំ ជានិស្សិតឆ្នាំទីមួយ តែមិនដឹងរៀននៅសាកលវិទ្យាល័យណានោះទេ ។ គេសរសេរទៀតថា ខ្លួនមានស្រុកកំណើតនៅភូមិបឹងក្អែក ឃុំព្រែករកា ស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល បច្ចុប្បន្នស្នាក់នៅផ្ទះជួលជិតផ្សារអូរឫស្សី ក្នុងសង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា មានឪពុកឈ្មោះនឹម ខុន និងម្ដាយឈ្មោះគ្រឿង សុវ៉ាត តែមិនចាំឈ្មោះបងប្អូន។
យុវជនរូបនោះបានសរសេរប្រាប់ទៀតថា បានជាចង់សម្លាប់ខ្លួន ព្រោះចាញ់ចិត្តមិត្ដភក្ដិ ដែលនិយាយថាបាត់លុយ៦០ដុល្លារអាមេរិក ហើយចោទថារូបគេជាអ្នកយក។ ហេតុនេះហើយទើបគេខឹងចិត្ដក៏យកសំបកដបបោកឱ្យបែករួចយកអំបែងមកអារ.កសម្លាប់ខ្លួនតែម្ដង ដើម្បីបញ្ជាក់ប្រាប់មិត្តភក្តិថា ខ្លួនជាមនុស្សបរិសុទ្ធ។
ចំណែកប្រភពព័ត៌មានពីអ្នកជិតខាងនៅផ្សារអូរឫស្សីនោះវិញ បានឱ្យដឹងថា យុវជនរូបនេះមិនបានចូលផ្ទះប្រមាណ៣ទៅ៤យប់ហើយ។ ប៉ូលិសបានសន្និដ្ឋានជាជំហានដំបូងថា យុវជនរូបនេះញៀនថ្នាំបានជាអារ.កខ្លួនឯងដូច្នេះ ហើយម្យ៉ាងទៀតម៉ូតូរបស់យុវជននោះ អស់គ្រឿងក្នុងទៅហើយសូម្បីតែកុងទ័រក៏អត់មានដែរ ប្រហែលជាយុវជនរូបនេះដោះយកទៅលក់ ដើម្បីយកប្រាក់មកសេពគ្រឿងញៀន។ ទោះបីជាបែបណាមិនមានការអះអាងពីក្រុមគ្រួសារនៅឡើយទេ៕
ចែករំលែកព័តមាននេះ