ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក គួ​ច ខេ​វិ​ន ក៏​អាច​ឈរឈ្មោះ​បោះ​ឆ្នោត​ធ្វើ​ជា​ប្រធាន សមាគម​សិល្បករ​ខ្មែរ អាណត្តិ​ថ្មី ផង​ដែរ

10 ខែ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា ប្រកាស​បញ្ចប់​អាណត្តិ​របស់​ខ្លួន​ពី​ប្រធាន «​សមាគម​សិល្បករ​ខ្មែរ​» នៅ​ក្នុង​ឆ្នាំ​២០២៤​នេះ រួច​មក មិន​ត្រឹមតែ​មាន​អ្នក​នាង…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា ប្រកាស​បញ្ចប់​អាណត្តិ​របស់​ខ្លួន​ពី​ប្រធាន «​សមាគម​សិល្បករ​ខ្មែរ​» នៅ​ក្នុង​ឆ្នាំ​២០២៤​នេះ រួច​មក មិន​ត្រឹមតែ​មាន​អ្នក​នាង ខាត់ សុ​ឃី​ម ព្រម​ឈរឈ្មោះ​បោះ​ឆ្នោត​ប៉ុណ្ណោះ​ទេ លោក គួ​ច ខេ​វិ​ន ផលិតករ​កម្មវិធី​កម្សាន្ត​ល្បីឈ្មោះ​មួយ​រូប ក៏​អាច ឈរឈ្មោះ​បោះ​ឆ្នោត​ធ្វើ​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ អាណត្តិ​ថ្មី ផង​ដែរ ។

សំ​ណេ​រ​របស់​លោក គួ​ច ខេ​វិ​ន នៅ​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២៤​នេះ និង​ដោយ​មាន​សំណួរ​ពី​អ្នក​សារព័ត៌មាន​កោះសន្តិភាព និង​ផ្សេង​ៗ​ទៀត មក​កាន់​លោក គួ​ច ខេ​វិ​ន ហើយ​លោក​កំពុង​ស្ថិត​នៅ​ប្រទេស​ថៃ​នោះ លោក​សុំ​ផ្តល់​ចម្លើយ​ថា ចំពោះ​ការ​ជ្រើសរើស​អ្នកដឹកនាំ សមាគម​សិល្បករ​ខ្មែរ លោក​គិត​ថា អ្នកមាន​ទេព​កោសល្យ មាន​ស្នាដៃ​ល្អ​ៗ​ជា​ច្រើន ដែល​ធ្លាប់​បាន​ចូលរួម លើកតម្កើង​វិស័យ​សិល្បៈ ឲ្យ​រីក​ចម្រើន​កន្លង​ទៅ ហើយ​ចំពោះ​រូប​លោក​ផ្ទាល់ បើ​ឯកឧត្តម លោក​ជំទាវ លោក​ឧកញ៉ា បងប្អូន​មិត្ត​សិល្បៈ បងប្អូន ពូ​មីង ជា​សិល្បករ សិល្បការ​នី ក្មេង​ចាស់ យល់​ឃើញ​ថា​រូប​លោក​មាន​លទ្ធភាព មាន​សមត្ថភាព ទេព​កោសល្យ អាច​ធ្វើ​ទៅ​បាន លោក​អាច​ឈរឈ្មោះ​ឲ្យ​ពួក​គាត់​ជ្រើសរើស សម្រាប់​អាណត្តិ​ថ្មី​នេះ ។

ជាមួយ​គ្នា​នេះ​លោក គួ​ច ខេ​វិ​ន ក៏​សូម​អរគុណ​ចំពោះ​សំណួរ នឹង​ការ​ចាប់អារម្មណ៍​របស់​ឯកឧត្តម លោក​ជំទាវ លោក​ឧកញ៉ា បងប្អូន​មិត្ត​សិល្បៈ បងប្អូន ទស្សនិកជន បណ្តាសារ​ព័ត៌មាន ទាំងអស់ ចំពោះ​រូប​លោក ដោយ​ប៉ុន្មាន​ឆ្នាំ​មកនេះ លោក​ហាក់​បាន​ឃ្លាតឆ្ងាយ​ពី​ការងារ​សិល្បៈ ដោយ​ងាក​ទៅ​ប្រកប​កិច្ចការ រកស៊ី​ដីធ្លី ស្រែ​ចំការ​បន្តិចបន្តួច ហើយ​ឃើញ​ថា កាក់កប​គ្រាន់បើ ប៉ុន្តែ​លោក នៅ​តែ​ស្ថិត​នៅ​ក្បែរ នឹង​ឃ្លាំមើល​វិស័យ​សិល្បៈ របស់​ខ្មែរ​ជា​និច្ច​ដែរ ទោះជា​ពេល​ខ្លះ លោក​ត្រូវ​ទៅ​ប្រទេស​អា​មេ​រិ​ក​ក្តី​។ កា​រដក​ឃ្លាតឆ្ងាយ​បន្តិច​ពី​សង្គម​សិល្បៈ ក៏​ដោយសារ​តែ​បរិយាកាស​ក្នុង​ពិភព​សិល្បៈ ហាក់​ច្របូកច្របល់ ហើយ​មាន​ស្ថានភាព​ទីផ្សារ​ការងារ មិនសូវ​ល្អ​ប្រសើរ ស្រប​ពេល ដែល​មិត្តភក្តិ​មួយ​ចំនួន ក៏​ដកឃ្លា​ដែរ ។

ចំពោះ​សំណួរ​ថា តើ​គួរ​ពង្រឹង​អ្នកដឹកនាំ​សមាគម​ថ្មី យ៉ាងណា​នោះ ? លោក គួ​ច ខេ​វិ​ន ក៏​បាន​លើក​ឡើង​ថា គឺ​វា​មាន​លក្ខណៈ​ដោយឡែក​ៗ ព្រោះថា​សមាគម មិនមែន​ទើបតែ​បង្កើត​ម្សិលមិញ​នោះ​ទេ គឺ​ពីរ បី អាណត្តិ​មក​ហើយ ហើយ​ក៏​មិនមែន​គ្រប់​សកម្មភាព​កន្លង​ទៅ សុទ្ធតែ​ទន់ជ្រាយ​នោះ​ឡើយ យើង​នឹង​ពិនិត្យ​ឡើង​វិញ អំពី​លទ្ធផល​ការងារ​វិជ្ជមាន និង​អវិជ្ជមាន ដែល​ទទួល​បាន ហើយ​ត្រូវ​កែ​លម្អ បំពេញបន្ថែម ទៅ​តាម​ស្ថានភាព​ជាក់ស្តែង មិន​ថា តែ​គណនេយ្យ​ភាព តម្លាភាព ទាក់ទង​នឹង​ថវិការ​នោះ​ទេ គឺ​លើ​គ្រប់​សកម្មភាព​ការងារ​របស់​សមាគម តែ​ម្តង ។

លោក គួ​ច ខេ​វិ​ន ឆ្លើយ​ចំពោះ​សំណួរ​ថា តើ​អ្នកដឹកនាំ​ល្អ ត្រូវ​រៀបចំ​ផែនការ​យ៉ាងណា ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ទំនាស់​របស់​អ្នកសិល្បៈ​នោះ ? គឺ​វា​អាស្រ័យ​ទៅ​លើ​ទិដ្ឋភាព​ទំនាស់ បើ​វា​ជា​រឿង​បុគ្គល ហើយ​ជះ​ឥទ្ធិពល មក​លើ​សង្គម​សិល្បៈ​ទាំងមូល ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស សេចក្តី​ថ្លៃថ្នូរ នៃ​វប្បធម៌ ប្រពៃណី​ជាតិ​នោះ គឺ​អាស្រ័យ​លើ​ច្បាប់ តែបើ​ជា​រឿង​បុគ្គល និង​បុគ្គល គឺ​អាស្រ័យ​លើ​ការ​សម្របសម្រួល តាម​ហេតុ បច្ច័យ និង​ផល ។ លោក​យល់​ថា វិបត្តិ​ទំនាស់​ផ្សេង​គ្នា វិធី​ដោះស្រាយ​ក៏​ផ្សេង​គ្នា​ដែរ ប៉ុន្តែ​អ្វី​ដែល​ត្រូវ​យក​មក​គិតគូរ ធ្វើ​ឲ្យ​ល្អ​ប្រសើរ​ជា​មុន គឺ​សីលធម៌ គុណធម៌ និង​សេចក្តី​ថ្លៃថ្នូរ​របស់​សិល្បករ សិល្ប​ការិនី នៅ​ក្នុង​សង្គម​សិល្បៈ​ខ្មែរ​យើង​ទាំងមូល សូម​អរគុណ ។

ពាក់ព័ន្ធ​នឹង​ការ​ឈរឈ្មោះ​បោះ​ឆ្នោត​ធ្វើ​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ អាណត្តិ​ថ្មី​នេះ កាលពី​យប់​ថ្ងៃ​ទី​១៦ កុម្ភៈ​នេះ អ្នក​នាង ខាត់ សុ​ឃី​ម ក៏​ព្រម​ឈរឈ្មោះ​បោះ​ឆ្នោត​ធ្វើ​ជា​ប្រធាន​ផង​ដែរ ដោយ​រឿង​ឈរឈ្មោះ​ជា​នេះ អ្នក​នាង​មិន​បានដឹង រឺ​ត្រៀម​ទុក​មុន ធ្វើ​នោះ​ទេ ប៉ុន្តែ​បើ​មានការ​គាំទ្រ នឹង​ទុកចិត្ត​ពី​បងប្អូន​សិល្បករ ទស្សនិកជន អ្នក​នាង​នឹង​គិតគូរ​ស្វែង​យល់​បន្ថែម​ចំពោះ​រឿង​នេះ ។

សូម​ជម្រាប​ថា អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម​កាលពី​ថ្ងៃ​ទី​១៣ ខែកុម្ភៈ កន្លង​មក​ថា ក្នុង​នាម​សមាគម​សិល្បករ​ខ្មែរ នាង​ខ្ញុំ​មាន​កិត្តិយស​សូម​គោរព​ជម្រាប​ជូន​លោក​ជំទាវ​ម៉ែ ហ៊ុន ស៊ី​ណាត និង​បងប្អូន​សិល្បករ​-​សិល្ប​ការិនី ក៏​ដូច​ជា​សាធារណជន​ទាំងអស់ មេត្តា​ជ្រាប​ថា យោង​តាម​លក្ខន្តិកៈ​របស់​សមាគម​សិល្បករ​ខ្មែរ ដែល​ទទួលស្គាល់​ដោយ​ក្រសួងមហាផ្ទៃ ការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធាន​សមាគម​មាន​អាណត្តិ​៥​ឆ្នាំ​ម្ដង ។

ដោយឡែក សម្រាប់​អាណត្តិ​នាង​ខ្ញុំ ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​០៧ ខែកក្កដា ឆ្នាំ​២០១៧ រហូត​មក​ដល់​ពេល​នេះ មាន​រយៈពេល​ជាង​៦​ឆ្នាំ​ហើយ​។ នោះ​ក៏​ព្រោះតែ​ឆ្នាំ​ទី​៥ ដែល​ត្រូវ​បោះ​ឆ្នោត គឺជា​ពេលវេលា​កំពុង​មាន​វិបត្តិ​ធ្ងន់ធ្ងរ នៃ​ជំងឺ​កូ​វី​ដ​-១៩ រាជរដ្ឋាភិបាល​មិន​អនុញ្ញាត​ឱ្យ​មានការ​ជួបជុំ​ឡើយ ទើប​ថ្នាក់ដឹកនាំ​របស់​សមាគម​សម្រេច​ពន្យារពេល​បោះ​ឆ្នោត​អាណត្តិ​ថ្មី រហូត​មក​ដល់​បច្ចុប្បន្ន ។

ទោះបីជា​យ៉ាងណា សមាគម​កំពុងធ្វើការ​ជាមួយ​ស្ថាប័ន ដែល​ពាក់ព័ន្ធ ដើម្បី​រៀបចំ​ការ​បោះ​ឆ្នោត​អាណត្តិ​ថ្មី នៅ​ក្នុងឆ្នាំនេះ ហើយ​សមាគម​សូម​ស្វាគមន៍​យ៉ាង​កក់ក្ដៅ ចំពោះ​រៀមច្បង​សិល្បករ និង​បងប្អូន​សិល្បករ សិល្ប​ការិនី​ទូទៅ ដែល​មាន​បំណង​ចង់​ឈរឈ្មោះ​បោះ​ឆ្នោត ដើម្បី​បន្ត​ដឹកនាំ​សមាគម​សិល្បករ​ខ្មែរ​ក្នុង​អាណត្តិ​ថ្មី​ឱ្យ​កាន់តែ​រីក​ចម្រើន​សំដៅ​គាំពារ​ដល់​សិល្បករ​គ្រប់​ទម្រង់​ជា​ពិសេស​សិល្បករ​ចាស់ជរា មាន​ពិការ​ភាព និង​មាន​ជីវភាព​ខ្វះខាត​ជាដើម​។ សូម​គោរព​អរគុណ​ដល់​ថ្នាក់ដឹកនាំ និង​បងប្អូន​សិល្បករ​ទាំងអស់ ដែល​បាន​គាំទ្រ​រូប​នាង​ខ្ញុំ កន្លង​មក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ