ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​សេដ្ឋកិច្ច​ជំរុញ​ពលរដ្ឋ​ ឱ្យ​ចាប់​យក​ជំនាញ​វិជ្ជាជីវៈ​ លើ​វិស័យ​ឧស្សាហកម្ម​ និង​សេវាកម្ម ព្រោះ​មាន​តម្រូវការ​ទីផ្សារ​ការងារ​ខ្ពស់

5 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ព្យាករ​ថា នៅ​ឆ្នាំ​២០២៥ ទីផ្សារ​ការងារ​លើ​វិស័យ​កសិកម្ម​ នឹង​មានការ​ធ្លាក់​ចុះ ខណៈ​ទីផ្សារ​ការងារ​លើ​វិស័យ​ឧស្សាហកម្ម និង​វិស័យ​សេវាកម្ម​នឹង​មាន​កំណើន​ការងារ​ខ្ពស់ ។ ការ​ព្យាករ​នេះ បាន​ធ្វើការ​ប្រៀបធៀប​នៅ​ឆ្នាំ​២០១៨​…

រាជធានីភ្នំពេញ៖ ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ព្យាករ​ថា នៅ​ឆ្នាំ​២០២៥ ទីផ្សារ​ការងារ​លើ​វិស័យ​កសិកម្ម​ នឹង​មានការ​ធ្លាក់​ចុះ ខណៈ​ទីផ្សារ​ការងារ​លើ​វិស័យ​ឧស្សាហកម្ម និង​វិស័យ​សេវាកម្ម​នឹង​មាន​កំណើន​ការងារ​ខ្ពស់ ។

ការ​ព្យាករ​នេះ បាន​ធ្វើការ​ប្រៀបធៀប​នៅ​ឆ្នាំ​២០១៨​ ដល់​ឆ្នាំ​២០២៥ ។ ជាក់ស្តែង​វិស័យ​កសិកម្ម​ធ្លាក់​ចុះ​ពី​ ៣៥,៥%​ នៅ​ឆ្នាំ​២០១៨ មក​ត្រឹម​២៧,៥% នៅ​ឆ្នាំ​២០២៥ ​។ ដោយឡែក​វិស័យ​ឧស្សាហកម្ម​ បាន​កើនឡើង​ពី​២៦,៥% នៅ​ឆ្នាំ​២០១៨ ដល់​៣១,៤% នៅ​ឆ្នាំ​២០២៥​ ។ រី​ឯក​វិស័យ​សេវាកម្ម​ក៏​មានការ​កើនឡើង​ផង​ដែរ​ គឺ​ពី​៣៨% ដល់​៤១,១%​ ។

លោក​បណ្ឌិត​គី សេរី​វឌ្ឍន៍ អ្នកជំនាញ​សេដ្ឋកិច្ច​ នៃ​រាជ្យ​បណ្ឌិតសភា​កម្ពុជា​បាន​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​គួរ​ចាប់​យក​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស លើ​វិស័យ​សេវាកម្ម និង​ឧស្សាហកម្ម ព្រោះ​ការ​មាន​ជំនាញ​ លើ​វិស័យ​ទាំងនេះ​នឹង​ជួយ​ឱ្យ​ប្រជាពលរដ្ឋ​ ងាយ​ស្វែងរក​ការងារ​ធ្វើ និង​មាន​ប្រាក់​ចំណូល​សមរម្យ​ ។

លោក​បណ្ឌិត​បន្ថែម​ថា ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​វិស័យ​ឧស្សាហកម្ម​ ដែល​មាន​តម្លៃបន្ថែម​ខ្ពស់ ជំនាញ​វិជ្ជាជីវៈ​ដែល​បាន​រៀបចំ​បណ្តុះបណ្តាល ដោយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ពិតជា​មាសារ​សំខាន់​ក្នុង​ការ​ជួយ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ មានការ​ងារ​ធ្វើ មាន​ចំណូល​សមរម្យ និង​ងាយស្រួល​ក្នុង​ការ​បំពេញការងារ​ផង​ដែរ​ ។

អ្នកជំនាញ​សេដ្ឋកិច្ច​រូប​នេះ​បាន​បន្ថែម​ទៀត​ថា ជំនាញ​វិជ្ជាជីវៈ​និង​បច្ចេកទេស​នេះ គឺជា​ជំនាញ​ដែល​បង្កើត​កម្រៃ​បន្ថែម​ នៅ​ក្នុង​ការងារ​ខ្ពស់​ជាង​វិស័យ​កសិកម្ម ហើយ​ខ្ពស់​ជា​ជាង​ការងារ​ដែល​មិន​មាន​ប្រើប្រាស់​ជំនាញ​វិជ្ជាជីវៈ​ ។

បើ​តាម​ការ​ចុះ​ផ្សាយ​ព្រឹត្តិបត្រ​ព័ត៌មាន​ទីផ្សារ​ការងារ សម្រាប់​ឆមាស​ទី​១ ឆ្នាំ​២០២៤ របស់​ក្រសួង​ការងារ កាលពី​ថ្ងៃ​ទី​០៩ ខែកុម្ភៈ ឆ្នាំ​២០២៤ បាន​បញ្ជាក់​ថា តាម​ការ​ព្យាករ ចន្លោះ​ឆ្នាំ ២០២៤-២០២៦​ខាង​មុខ កម្ពុជា​អាច​នឹង​បង្កើត​ការងារ​បន្ថែម ជូន​ប្រជាពលរដ្ឋ​ប្រមាណ​២៣,៥​ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំ ​។

គួរ​កត់សម្គាល់​ដែរ​ថា វិស័យ​ឧស្សាហកម្ម​ដែល​ជា​ក្បាលម៉ាស៊ីន​បង្កើត​ការងារ​ត្រូវ​បាន​ព្យាករ​ថា នឹង​បង្កើត​ការងារ​ប្រមាណ ​១៦,៥​ ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំ ឬ​ស្មើនឹង​អត្រាកំណើន​ការងារ​ ៥,៧%​ ។

រីឯ​វិស័យ​សេវាកម្ម​វិញ ត្រូវ​បាន​រំពឹង​ថា ​នឹង​បង្កើត​ការងារ​ប្រមាណ​ ១៦,៧​ ម៉ឺន​នាក់ ​ក្នុង​មួយ​ឆ្នាំ ស្មើនឹង​អត្រាកំណើន​ការងារ​ ៤,៤% ​។ និន្នាការ​កំណើន​ការងារ​នៅ​ក្នុង​វិស័យ​ទាំង ​២ ​នេះ គឺ​ដោយសារ​ការ​កើនឡើង ​នៃ​តម្រូវការ​ក្នុង​ការ​ពង្រីក​ផលិតកម្ម​ និង​អាជីវកម្ម ព្រមទាំង​ការ​ផ្លាស់​ប្តូរ​ការងារ​ពី​វិស័យ​កសិកម្ម ដែល​ត្រូវ​បាន​ព្យាករ​ថា​ ចំនួន​ការងារ​នឹង​ថយ​ចុះ​ប្រមាណ ​៩,៨ ​ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំ​ស្មើនឹង​អត្រា​ថយ​ចុះ ​ការងារ​ ៣,៥% ​ក្នុង​មួយ​ឆ្នាំ ​៕ អត្ថបទសហការ