រាជធានីភ្នំពេញ ៖ ដោយសាររដូវវស្សាចូលមកដល់ប្រជាពលរដ្ឋរស់នៅអមដងផ្លូវលំមួយខ្សែក្នុងភូមិទ្រាទី៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ លំបាកធ្វើដំណើរ ព្រោះទឹកដក់ផ្លូវនោះ លោកសេង សាញ់ ចៅសង្កាត់ និងលោកឈិន តារា ប្រធានភូមិបានចលនាប្រជាពលរដ្ឋប្រមូលថវិកាស្ថាបនាប្រព័ន្ធលូមួយខ្សែដើម្បីបង្ហូរទឹកភ្លៀង និងទឹកសំណល់ផ្សេងៗ ។
ប្រជាពលរដ្ឋបានស្រុះស្រួលគ្នាស្ថាបនាប្រព័ន្ធលូមួយខ្សែមានប្រវែង៤៧០កង់ និងមានមុខកាត់៦តឹកដោយចំណាយថវិកាអស់ចំនួន៩.៤០០ដុល្លារ។ នៅរសៀលថ្ងៃទី២៩ ឧសភា លោកចៅសង្កាត់ស្ទឹងមានជ័យ និងលោកមេភូមិទ្រាទី៤ បានទៅពិនិត្យការដ្ឋានស្ថាបនាប្រព័ន្ធលូថ្មីនោះ ហើយណែនាំអ្នកស្ថាបនាត្រូវធ្វើឱ្យមានគុណភាព។ ក្នុងឱកាសនោះលោកចៅសង្កាត់បានចលនាប្រជាពលរដ្ឋឱ្យប្រមូលថវិកាស្ថាបនាផ្លូវមួយខ្សែនោះចាក់បេតុងក្នុងពេលឆាប់ៗខាងមុខ។
លោកសេង សាញ់ មានប្រសាសន៍ថា ក្រោមការដឹកនាំរបស់លោកគួច ចំរើន អភិបាលខណ្ឌមានជ័យ សង្កាត់ស្ទឹងមានជ័យទាំងមូលបានកែប្រែផ្លូវថ្នល់រីកចំរើនជាបន្តបន្ទាប់ ជាក់ស្តែងរហូតមកដល់ពេលនេះផ្លូវដីជាង៥០% បានប្រែក្លាយទៅជាផ្លូវបេតុង៕
ចែករំលែកព័តមាននេះ