រាជធានីភ្នំពេញ ៖ ក្រុមភ្នំពេញក្រោនម្ចាស់ជើងឯកលីកឆ្នាំ២០១០ រកបានតែ១ពិន្ទុប៉ុណ្ណោះ ខណៈពេលលេងស្មើ៤-៤ នៅក្នុងការប្រកួតវគ្គសន្សំពិន្ទុុក្របខណ្ឌ Metfone Cambodia League 2011 កាលពីថ្ងៃអាទិត្យ ទី២៩ ឧសភា នៅលើទីលានពហុកីឡដ្ឋានជាតិ។
ប៉ុន្តែទោះជាយ៉ាងណាក្តី ក្រុមភ្នំពេញក្រោន នៅតែរក្សាតំណែងជួរមុខគេក្នុងតារាងដដែល ព្រោះថាឆ្លងកាត់ការប្រកួតទាំង៦លើកមកនេះ គេរកបាន១៤ពិន្ទុ ។ ចំណែកឯក្រុមគិរីវង់សុខសែនជ័យ ទើបតែរកបាន១១ពិន្ទុប៉ុណ្ណោះ ។ ក្រុមភ្នំពេញក្រោនជួបក្រុមគិរីវង់សុខសែនជ័យថ្ងៃនោះលេងមិនសូវបានល្អទាល់តែសោះ ជាពិសេសនៅក្នុងតង់ទី១បណ្តោយឱ្យក្រុមគិរីវង់សុខសែនជ័យស៊ុតបាល់បញ្ចូលទីនាំមុខ២-១។ គ្រាប់បាល់ដែលក្រុមគិរីវង់សុខសែនជ័យរកបាននៅតង់ទី១ ដោយកីឡាករអ៊ិន វិច្ឆិកា ពាក់អាវលេខ១១ នៅនាទីទី១៩ និងកីឡាករ AYODELE SILVA SUDAY ពាក់អាវលេខ២៧ នៅនាទីទី២៧ ។ លុះដល់នាទីទី២៤ កីឡាករចាន់ ឆាយ៉ា ពាក់អាវលេខ៩ របស់ក្រុមភ្នំពេញក្រោនរកបាន១គ្រាប់សងវិញ ។
ចូលដល់តង់ទី២លេងបាន៣នាទី នៅនាទីទី៤៨ កីឡាករអុិន វិច្ឆិកា របស់ក្រុមគិរីវង់សុខសែនជ័យរកបាន១គ្រាប់ទៀត ។ ក្រុមភ្នំពេញក្រោនរកបាន១គ្រាប់សងវិញនៅនាទីទី៦៦ដោយកីឡាករ NWAFOR TOBE KENNETH ពាក់អាវលេខ៧ ។ កីឡាករ MUHAMMEA BEREJO ពាក់អាវលេខ៧៧ របស់ក្រុមគិរីវង់ ធ្វើឱ្យបាល់ប៉ះជើងចូលទីខ្លួនឯង១គ្រាប់ នៅនាទីទី៨៤ ខណៈពេលដែលកីឡាករ EDEM BRYAN ពាក់អាវលេខ២៥ របស់ក្រុមគិរីវង់សុខសែនជ័យរកបាន១គ្រាប់ ចុងក្រោយ នៅនាទីទី៨៩ ។ នៅជិតបញ្ចប់ម៉ោងប្រកួតទៅហើយ ក្រុមភ្នំពេញក្រោនមានឱកាសយកឈ្នះក្រុមគិរីវង់សុខសែនជ័យបានយ៉ាងងាយ នៅពេលដែលកីឡាករសូ វីរៈ ពាក់អាវលេខ១១ រកបាន១គ្រាប់ទៀត នៅនាទីទី៩០។ ប៉ុន្តែត្រូវកីឡាករ OBADIN ODION ANTHONY ពាក់អាវលេខ១២ របស់ក្រុមភ្នំពេញក្រោន ទាត់បាល់ប៉េណាល់ទីចម្ងាយ១១ម៉ែត្រ មិនបានសម្រេច ។
ប្រកួតជើងទី២ នៅថ្ងៃនោះដែរ ក្រុមបៀលប្រាយយូណាយធីត បានលត់ក្រុមក្រសួងការពារជាតិ ២-១ ។ គិតមកត្រឹមសប្តាហ៍ទី៦នេះ ក្រុមណាហ្គាខប បានឡើងមកនៅលេខរៀងទី២ ក្នុងតារាង ឯក្រុមក្រសួងការពារជាតិធ្លាក់មកនៅលេខ៣ និងក្រុមគិរីវង់សុខសែនជ័យស្ថិតនៅលំដាប់លេខ៤ ៕
ចែករំលែកព័តមាននេះ