រាជធានីភ្នំពេញ ៖ នៅទីបំផុត សំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ បើករថយន្ត Jeep បុកកីឡាករវាយសីជម្រើសជាតិម្នាក់ បណ្តាលឲ្យស្លា.ប់ ដែលកក្រើកតាមបណ្តាញសង្គម និងមានការចាប់អារម្មណ៍ខ្លាំងនោះ បានឈានដល់ដំណោះស្រាយមួយហើយ គឺភាគីក្រុមគ្រួសាររបស់អ្នកបើករថយន្ត បានយល់ព្រមសងសំណងរដ្ឋប្បវេណី ចំនួន៩៥,០០០ដុល្លារ ដល់គ្រួសារជនរងគ្រោះ ។
បើតាមសារព័ត៌មានហ្វ្រេសញ៉ូបានចុះផ្សាយពីការកិច្ចព្រមព្រៀងជាសះ លើសំណងរដ្ឋប្បវេណី រវាងភាគីទាំង២ កាលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ។
ដំណោះស្រាយ ដែលភាគីទាំង២ បានទទួលយក ដោយគ្មានការបង្ខិតបង្ខំនេះ បានធ្វើឡើងក្រោមការសម្របសម្រួល យ៉ាងប៉ិនប្រសប់របស់ឯកឧត្តម គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្ត សម្តេចតេជោសែន និងសហការីរបស់លោក ។
តាមរយៈសំណងរដ្ឋប្បវេណីនេះ ភាគីក្រុមគ្រួសាររងគ្រោះវិញ ក៏បានយល់ព្រមដកពាក្យបណ្តឹងវិញ ពីស្ថាប័នតុលាការ ហើយភាគីទាំង២នាក់ បានឯកភាពគ្នា មិនប្តឹងផ្តល់ ហើយមិនឆ្លើយឆ្លងនៅតាមបណ្តាញសង្គម តទៅទៀតទេ ។
ប្រភព បានលើកឡើងថា ជាមួយគ្នានេះ ភាគីទាំង២ បានសន្យាជាមួយគ្នាថា បញ្ឈប់ការឆ្លើយឆ្លងតាមបណ្តាញសង្គម ឬធ្វើសកម្មភាពណាមួយ ដែលនាំឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ រវាងភាគីទាំង២ និងមិនបង្ក ជាបញ្ហាវិវាទណាមួយ ដែលនឹងអាចកើតមានឡើងទាក់ទង នឹងសំណុំរឿងនេះបន្តទៀត ។
ក្រោយទទួលបានសំណងពីលោក ព្រហ្ម វិចិត្រសុភា និងលោកស្រី សុខ លីណា ដែលជាឪពុកម្តាយជនត្រូវចោទ រួចមក នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ភាគីក្រុមគ្រួសារជនរងគ្រោះ គឺលោក សៀង ប៊ុនហេង ដែលជាឪពុក និងលោកស្រី គ្រុយ ឈិញលាង ដែលជាប្រពន្ធរបស់ជនរងគ្រោះ ក៏បានដកពាក្យបណ្តឹង នៅស្ថាប័នតុលាការ ។
នៅក្នុងលិខិតដកពាក្យបណ្តឹង ដែលដាក់ជូនប្រធានសាលាដំបូងរាជធានីភ្នំពេញលោក សៀង ប៊ុនហេង និងលោកស្រី គ្រុយ ឈិញលាង បានបញ្ជាក់ថា ៖ «នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ដោយសារតែមានកិច្ចសម្របសម្រួលដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ទេសរដ្ឋមន្ត្រី គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្ត សម្តេចតេជោសែន យើងខ្ញុំ បានព្រមព្រៀង និងឯកភាពសះជាលើសំណងរដ្ឋប្បវេណី ជាមួយក្រុមគ្រួសាររបស់ជនត្រូវចោទ ដែលបានបង្កឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យស្លាប់បាត់បង់ជីវិតជនរងគ្រោះឈ្មោះ សៀង គឹមហុង កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅនេះ។ ដោយសារតែយើងខ្ញុំ បានទទួលប្រាក់សំណងរួចរាល់ ហេតុដូចនេះ យើងខ្ញុំស្នើសុំកពាក្យបណ្តឹងបានដាក់នៅដំណាក់កាលមន្ត្រី នគរបាលយុត្តិធម៌ និងនៅចំពោះមុខចៅក្រមស៊ើបសួរវិញ និងមិនបន្តប្តឹងផ្តល់ភាគីជនត្រូវចោទទៀតនោះទេ» ។
សូមជម្រាបថា កាលពីយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ «បន្ថែមលើការដកពាក្យបណ្តឹង ម្ដាយជនបង្ក បានសុំទោសក្រុមគ្រួសារនៃស.ព ករណីបើករថយន្ត Jeep បុកមនុស្សស្លា.ប់» យោងតាមគណនីហ្វេសប៊ុកឈ្មោះ សុខ លីណា ដែលអះអាងខ្លួនថាត្រូវជាម្តាយរបស់ជនបើករថយន្ត Jeep បុកមនុស្សស្លា.ប់ បានបង្ហោះសារយ៉ាងដូច្នេះថា ៖ «នាងខ្ញុំ និងក្រុមគ្រួសារ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមទេសរដ្ឋមន្ត្រី គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្ត សម្តេចតេជោសែន ដែលបានចំណាយពេលវេលាដ៏មានតម្លៃ មានភាពយុត្តិធម៌ ចំពោះភាគី ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈខ្ពស់ ចំណេះដឹង និងបទពិសោធន៍ខ្ពស់ ណែនាំផ្សះផ្សាសម្របសម្រួលបញ្ចប់ករណីបណ្តឹងបរិហារកេរ្តិ៍របស់នាងខ្ញុំ ទៅលើក្រុមគ្រួសារលោកស្រី គ្រុយ ឈិញលាំង និងឯកឧត្តម សំរិទ្ធ សារុន កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ កន្លងមកនេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី ដោយគោរពអនុវត្តយកគំរូតាមគោលនយោបាយឈ្នះៗ របស់សម្តេចពុក (សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន) ដែលជាបិតាស្ថាបនិក នៃសន្តិភាព ការផ្សះផ្សាជាតិ និងការបង្រួបបង្រួមជាតិ ព្រមទាំងគោរពតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញកន្លងមកលើកិច្ចការងារផ្សះផ្សាវិវាទ ចៀសវាងការប្តឹងផ្តល់គ្នានៅតុលាការ» ។
លោកស្រី សុខ លីណា បានអោយដឹងបន្តថា ៖ «នាងខ្ញុំ សូមសម្តែង នូវការសោកស្តាយជាពន់ពេក ចំពោះក្រុមគ្រួសារលោកស្រី គ្រុយ ឈិញលាំង ចំពោះការបាត់បង់ដ៏ធំធេង នូវស្វាមីជាទីគោរពស្រលាញ់ ហើយនាងខ្ញុំ និងក្រុមគ្រួសារ សូមចូលរួម រំលែកទុក្ខដ៏ក្រៀមក្រំនេះ និងសូមលើកដៃប្រាំ ផ្គុំសំពះសុំអភ័យទោស និងការលើកលែងយោគយល់ពីក្រុមគ្រួសារស.ព ចំពោះឧបទ្ទវហេតុតាមដងផ្លូវ ដែលគ្មានអ្នកណាចង់ឱ្យកើតមាននោះឡើយ» ។
លោកស្រី សុខ លីណា អោយដឹងទៀតថា ៖ «ទន្ទឹមនឹងនេះ នាងខ្ញុំ និងក្រុមគ្រួសារ ក៏សូមលើកម្រាមដៃផ្គុំសំពះសុំអភ័យទោសចំពោះការដាក់ពាក្យបណ្តឹងបរិហារកេរ្តិ៍ដែលនាងខ្ញុំបានធ្វើទៅលើក្រុមគ្រួសារលោកស្រី គ្រុយ ឈិញលាំង និងឯកឧត្តម សំរិទ្ធ សារុន កន្លងមក ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កេរ្តិ៍ឈ្មោះ ជាពិសេស ប៉ះពាល់ដល់អារម្មណ៍ដែលកំពុងបាត់បង់ជីវិតមនុស្សជាទីគោរពស្រលាញ់ក្នុងក្រុមគ្រួសារ។ នាងខ្ញុំ និងក្រុមគ្រួសារ សង្ឃឹមថាក្រុមគ្រួសារលោកស្រី គ្រុយ ឈិញលាំង និងឯកឧត្តម សំរិទ្ធ សារុន ទទួលយកនូវការសុំអភ័យទោសជាសាធារណៈនេះ ហើយយោគយល់បន្តផ្តល់ឱកាសឱ្យនាងខ្ញុំ និងក្រុមគ្រួសារ បានជួបប្រាស្រ័យទាក់ទងដើម្បីចូលរួមរំលែកទុក្ខ និងដោះស្រាយបញ្ហាដែលនៅសេសសល់ផ្សេងៗទៀតជាពិសេសសំណងក្នុងមនោសញ្ចេតនាគោរពរាប់អាននិងសុំការយោគយល់ដោយសេចក្តីអនុគ្រោះបំផុត» ។
លោកស្រី សុខ លីណា បានបន្ថែមថា ៖ «ជាថ្មីម្តងទៀត នាងខ្ញុំ និងក្រុមគ្រួសារសូមគោរពថ្លែងអំណរគុណជាអណេកចំពោះ ឯកឧត្តមទេសរដ្ឋមន្ត្រី គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ដែលបានខិតខំរកដំណោះស្រាយប្រកបដោយសច្ចៈភាព សម្រាប់គូភាគី ដោយនាងខ្ញុំ និងក្រុមគ្រួសារសុខចិត្តអនុវត្តតាមការណែនាំរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី គី តិច ដោយសុខចិត្ត និងដោយក្តីគោរព ដកពាក្យបណ្តឹង ព្រមទាំងដោយការគោរពចំពោះក្រុមគ្រួសារលោកស្រី គ្រុយ ឈិញលាំង និងឯកឧត្តម សំរិទ្ធ សារុន» ។
គួររំលឹកថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ រវាងរថយន្ត Jeep ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2CB-9963 និងម៉ូតូ ត្រង់ចំណុចផ្លូវប្រសព្វ លើផ្លូវលេខ៣១៧ ប្រសព្វផ្លូវលេខ៥៦៦ ភូមិ៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បណ្ដាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។
ក្រោយកើតមានករណីនេះ ចៅក្រមស៉ើបសួរសាលាដំបូងរាជធានីភ្នំពេញ ហុង ម៉ារីណិច បានចេញដីកាបង្គាប់ឲ្យជនខ្លួនអ្នកបើកបររថយន្ដ Jeep ឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា ក្រោមការពិនិត្យពីបទ «បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ច ដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវ បណ្តាលឲ្ហស្លាប់អ្នកដទៃ និងបទរត់គេចខ្លួនប្រព្រឹត្តនៅចំណុចផ្លូវលេខ៣១៧ ប្រសព្វផ្លូវលេខ៥៦៦ សង្កាត់បឹងកក់ទី២ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ តាមមាត្រា៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមាត្រា ៥៤៣ នៃក្រមព្រហ្មទណ្ឌ» ៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ