រាជធានីភ្នំពេញ ៖ តារាពហុជំនាញអ្នកនាង ខាត់ សុឃីម បានធ្វើការចែករំលែកនូវបទពិសោធន៍របស់ខ្លួនពីវិធីខ្លះៗ នៅក្នុងការដោះស្រាយបំណុល ដើម្បីជាការឆ្លើយតបទៅនឹងការចង់បានពីមហាជនមួយចំនួនដែលកំពុងជាប់ផុងនឹងបំណុល ដោយស្នើសុំឲ្យរូបនាងបង្ហើបនូវគន្លឹះមួយនេះ ។

តាមរយៈវីដេអូឃ្លីបបង្ហោះនៅលើបណ្តាញសង្គម អ្នកនាង ខាត់ សុឃីម បានលើកឡើងថា ប្រសិនបើយើងកំពុងជាប់ផុងនឹងបំណុលពិបាកដោះស្រាយនោះជាដំបូងយើងត្រូវមើលថែខ្លួនឯងជាមុនសិន ពោល គឺកុំសម្ងំនៅក្នុងផ្ទះម្នាក់ឯង ត្រូវដើរចេញក្រៅ និងព្យាយាមហាត់ប្រាណ ជាពិសេសនោះត្រូវមើលថែគ្រួសារ និងអ្នកមានគុណ ហើយបើអាចស្វែងរកអ្នកអាចប្រឹក្សាផ្តល់យោបល់ល្អៗឲ្យយើងរក្សាភាពវិជ្ជមាននៅក្នុងខ្លួន ។នាងបន្តថា យើងត្រូវព្យាយាមទាក់ទងដោះស្រាយបំណុលជាមួយម្ចាស់បំណុល ហើយកុំបិទលេខទូរស័ព្ទ ឬហ្វេសប៊ុកគេចោល ដោយទុកឲ្យគេអាចមើលឃើញសកម្មភាពរបស់យើង ដើម្បីឲ្យដឹងថា យើងពិតជាប្រឹងប្រែងរកប្រាក់ ដើម្បីដោះបំណុលមែន ។

នាងបញ្ជាក់ថា សម្រាប់បងប្អូនដែលមានបំណងចង់ដោះបំណុលធំនោះ គឺវាងាយស្រួលចចារទេ ព្រោះបំណុលធំយើងមានទ្រព្យបញ្ចាំ ដោយយើងអាចនិយាយជាមួយម្ចាស់បំណុលឲ្យគាត់ជួយដោះដូរទ្រព្យបញ្ចាំយើង ឬជួយចាត់ចែងឲ្យយើងតែម្តង ប្រសិនយើងគ្មានសមត្ថភាព ។ ជាឧទាហរណ៍សម្រាប់បទពិសោធន៍នាងផ្ទាល់ គឺនាងបានចចារជាមួយធនាគារឲ្យគាត់ជួយសម្រួលពន្យារការប្រាក់សម្រាប់បង់ ហើយគាត់ក៏ព្រម ដោយក្នុងរយៈពេល៦ខែនោះ គឺត្រូវទុកដង្ហើមឲ្យនាងបានរស់បន្តទៀត ដើម្បីរកប្រាក់បង់ទៅពួកគាត់ ។


បើតាមអ្នកនាង ខាត់ សុឃីម យើងត្រូវគិតថា ម្ចាស់បំណុលណាក៏ដូចគ្នាដែរ គឺគេតែងតែទុកឱកាសឲ្យយើង ដើម្បីឲ្យយើងសងបំណុលគេ ដោយគេមិនចង់ឲ្យយើងជាប់គុកអ្វីឡើយ ព្រោះគេចង់បានតែលុយគេមកវិញប៉ុណ្ណោះ មិនចង់បានអ្វីក្រៅពីនេះឡើយ ។
អ្នកនាង ខាត់ សុឃីម បានលើកឡើងបន្ថែមថា បើយើងជំពាក់គេហើយ គឺត្រូវតែសន្យានឹងខ្លួនឯង គឺត្រូវតែប្រឹងធ្វើការងារ ដើម្បីរកលុយមកបង់ឲ្យគេ ហើយបើអាចត្រូវប្រាប់សាច់ញាតិ បងប្អូនយើងឲ្យចេញទៅរកស៊ីធ្វើការ ដើម្បីបានចំណូលផ្គត់ផ្គង់ និងទ្រទ្រង់គ្រួសារ និងដោះបំណុលគេ ។ នាងបញ្ជាក់ថា ប្រសិនបើយើងរស់នៅក្នុងវិបត្តិបំណុល គឺក្លាយជាមនុស្សម្នាក់ដែលគិតអ្វីមិនឃើញឡើយ ហើយប្រសិនបើមានអ្នកណានិយាយាថា ទៅនេះទៅនោះបានលុយ គឺយើងនឹងទៅភ្លាម នោះហើយដែលយើងនឹងធ្លាក់ខ្លួនចា.ញ់បោ.កគេ និងផុងក្នុងបំណុលជាលើកទី២ ។
យ៉ាងណា បើតាមអ្នកនាង ខាត់ សុឃីម ប្រសិនបើយើងជំពាក់បំណុលគេ គឺយើងត្រូវមានការតាំងចិត្ត ដើម្បីសងគេ តែបើមិនចង់សងទេនោះទោះជំពាក់តិចក៏សងគេមិនបានផង ហើយកុំបណ្តោយឲ្យបំណុលនោះតដល់កូនចៅ ៕






ចែករំលែកព័តមាននេះ