វៀតណាម៖ អគ្គិភ័យដ៏សន្ធោសន្ធៅបានឆាបឆេះបំផ្លិញបំផ្លាញរូបសំណាក់នាគកម្ពស់ជាង៥ម៉ែត្រ នៅកណ្តាលទីក្រុងឆ្នេរសមុទ្រណាចាង (Nha Trang) ប្រទេសវៀតណាម ធ្វើឲ្យមនុស្សជាច្រើនភ័យស្លន់ស្លោរ និងព្រួយបារម្ភថា អាចជាប្រផ្នូលមិនល្អ ឬជាសញ្ញាចង់ប្រាប់ថា អាចនឹងមានគ្រោះកាចក្នុងឆ្នាំថ្មី ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន VN Express នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ។
ប្រភពពីប៉ូលិសក្នុងតំបន់បានឱ្យដឹងថា នៅម៉ោងប្រហែល៥ល្ងាច កាលពីរសៀលថ្ងៃទី៣០ ខែមករា ភ្លើងនិងផ្សែងបានហុយចេញយ៉ាងទ្រលោមចេញពីរូបសំណាក់នាគនេះ ដោយផ្តើមឆេះចេញពីរូបត្រីនៅផ្នែកខាងក្រោម ដោយបន្តឆេះរាលដាលទៅលើរូបសំណាកទាំងមូល ។
ប្រជាពលរដ្ឋមួយចំនួននៅក្បែរនោះបានស្រែកឆោឡោ ហើយកម្លាំងសន្តិសុខបានប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យខ្នាតតូចដើម្បីពន្លត់ភ្លើង ប៉ុន្តែមិនអាចទប់ស្កាត់អណ្តាតភ្លើងបាននោះទេ ដោយសារខ្យល់បក់ខ្លាំង ជាពិសេស រូបសំណាកនេះធ្វើពីប្លាស្ទិក និងស្នោដែលងាយឆេះ ធ្វើឱ្យរូបសំណាកទាំងមូលត្រូវបានឆាបឆេះខ្ទេចខ្ទីរនៅសល់តែឆ្អឹងដែកក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ ។
រូបសំណាកនាគដែលរងការឆាបឆេះនោះ ត្រូវបានរចនាឡើងដោយរួមបញ្ចូលជាមួយត្រីមាសជាច្រើនក្បាលហែលឡើងលើពពក ហើយប្រែក្លាយទៅជាសត្វនាគ ។ នៅផ្នែកកំពូល គឺជារូបនាគដែលត្រូវបានឆ្លាក់យ៉ាងប៉ិនប្រសប់ និងមានពណ៌ភ្លឺចែងចាំង ។
រូបសំណាកនាគនេះ ស្ថិតនៅក្នុងចំណោមរូបសំណាកជាច្រើនទៀត ដែលបានតម្លើងចាប់តាំងពីថ្ងៃទី១៥ មករា ហើយកិច្ចការនេះ បានប្រព្រឹត្តទៅអស់រយៈពេលជាងពីរសប្តាហ៍មកហើយ ដែលរំពឹងថានឹងបញ្ចប់មុនថ្ងៃទី២ ខែកុម្ភៈ សម្រាប់ពិធីបុណ្យផ្កានិទាឃរដូវ Nha Trang-Khanh Hoa ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅចន្លោះថ្ងៃទី២-១៤ ខែកុម្ភៈ។
យោងតាមក្រុមហ៊ុន Green Plant Enterprise របស់ក្រុមហ៊ុន Nha Trang Urban Environment Joint Stock Company អះអាងថា គម្រោងតុបតែងពិធីបុណ្យផ្កានិទាឃរដូវនៅក្នុងឧទ្យាន Yen Phi រួមមាន តុក្កតាធំនិងតូចចំនួន៩ជាមួយនឹងរូបសំណាកនាគរហូតដល់១៣នាគ ។
មុនពេលកើតមានហេតុការណ៍អគ្គិភ័យ គឺកម្មករបានដំឡើងផ្សារដែកប្រព័ន្ធទឹក បណ្តាលឱ្យមានផ្កាភ្លើង ទើបបណ្តាលឱ្យឆាបឆេះលើរូបសំណាកតែម្តង។ នៅពេលនេះ ភាគីក្រុមហ៊ុនកំពុងព្យាយាមដោះស្រាយបញ្ហាដើម្បីរករូបសំណាកថ្មីមកជំនួស មុនពេលពិធិបុណ្យចាប់ផ្តើម ។
គួរកត់សម្គាល់ថា រូបសំណាកសត្វនាគតូចធំ រហូតឈានដល់ខ្នាតយក្សរាប់រយនាគត្រូវបានតម្លើងតុបតែងស្ទើតែគ្រប់ទីកន្លែងក្នុងប្រទេសវៀតណាម ជាពិសេស នៅតាមទីក្រុងធំៗ និងតំបន់ទេសចរណ៍ល្បីៗ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម ឆ្នាំនេះ គឺឆ្នាំនាគ ដែលនឹងចូលមកដល់នាពេលដ៏ឆាប់ខាងមុខ ។
នាគគឺជាសត្វតំណាងនៅក្នុងរឿងព្រេងនិទាន និងទេវកថាវៀតណាម។ តាមទេវកថាដើមកំណើតបុរាណ ជនជាតិវៀតណាមមានដើមកំណើតមកពីនាគ និងទេពអប្សរ ។ នាគជានិមិត្តរូបនៃការនាំទឹកភ្លៀង ដែលសំខាន់សម្រាប់វិស័យកសិកម្ម។ វាតំណាងឱ្យអធិរាជ ភាពរុងរឿង និងអំណាចរបស់ប្រទេសជាតិ។
ចុះតើលោកអ្នកយល់យ៉ាងណាដែរចំពោះការឆាបឆេះនាគ មុនចូលឆ្នាំនាគបែបនេះ ។ អត្ថបទ៖ អោម ចែតច័ន្ទណារ៉ា
ចែករំលែកព័តមាននេះ