ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេចបវរធិបតី ៖ រឿងទឹកដី រាជរដ្ឋាភិបាលមិនដែលភ្លេចក្នុងមួយវិនាទីណាឡើយ

1 នាទី មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ប្រកាស​ថា រាជរដ្ឋាភិបាល​មិន​ភ្លេច​រឿង​ទឹកដី​ក្នុង​មួយ​វិនាទី​ណា​ឡើយ ហើយ​ក៏​គ្មាន​ចុះហត្ថលេខា​កាត់​ទឹកដី​នោះ​ទេ ។

ការ​លើក​ឡើង​របស់​សម្តេច​ធិ​បតី​នាយក បន្ទាប់​ពី​មាន​ក្រុម​អ្នកប្រឆាំង​នៅ​ក្រៅប្រទេស​មួយ​ចំនួន​បាន​វាយប្រហារ​សម្តេច​ថា មិន​បាន​គិតគូរ​ការ​ឈ្លានពាន​រំលោភ​ទឹកដី​ពី​សំណាក់​ថៃ ។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ មន្ទីរពេទ្យ​ហ្លួង ម៉ែ នៅ​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៦ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត មាន​ប្រសាសន៍​ថា «​រឿង​ទឹកដី​យើង​មិន​ដែល​ភ្លេច​ទេ ការ​ដោះស្រាយ​គ្រប់​វិធី​ទាំងអស់ មិន​ដែល​ភ្លេច​ក្នុង​មួយ​វិនាទី ។ រាល់ថ្ងៃ កងទ័ព​យើង​នៅ​ឈរជើង​នៅ​ជួរ​មុខ​ដើម្បី​ទប់ស្កាត់ និង​ការ​ពង្រឹង​ប្រៀប​ការពារ​ជាតិ ។ បងប្អូន​អត់​បាន​ចោល​ទេ មេទ័ព​យើង ដែល​ឈរជើង​ត្រៀមប្រយុទ្ធ​អត់​មាន​ពី​ណា​បោះបង់​ទឹកដី​ឲ្យ​ពី​ណា​គេ​ទេ​» ។

សម្ដេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី បាន​លើក​ឡើង​ថា បើ​និយាយ​ថា បាត់​ទឹកដី ទាល់តែ​រដ្ឋាភិបាល​ចុះហត្ថលេខា​ឯកភាព ។ សម្ដេច​ថា «​យើង​អត់​មាន​ចុះហត្ថលេខា​ឯកភាព​ទេ ។ ស្អី​ទៅ​ដែល​មាន​ឯកភាព​ជាមួយ​ថៃ? មាន​តែ​ទី​មួយ​រឿង​ផែនទី មាន​តែ​សន្ធិសញ្ញា​១៩០៤ អនុសញ្ញា​១៩០៧ សន្ធិសញ្ញា​១៩២៥ បារាំង​-​សៀម ដែល​បារាំង​ចុះហត្ថលេខា​ជាមួយ​រដ្ឋបាល​សៀម​នា​ពេល​នោះ​» ។

សម្ដេច​ធិ​បតី បន្ថែម​ថា កម្ពុជា មិន​ទាន់​មាន​ចុះហត្ថលេខា​ឯកភាព​គ្នា នៅ​លើ​ព្រំ​ដែនទឹក ព្រំដែន​គោក​ទេ ។ JBC ចុះ​ធ្វើការ​២០​ឆ្នាំ បាន​ឯកភាព​ទៅ​លើ​បង្គោល​មួយ​ចំនួន ប៉ុន្តែ​មិន​ទាន់​មានការ​ផ្ទៀងផ្ទាត់​ឡើង​វិញ នៅ​ខ្សែ​ព្រំដែន​ដែល​បាន​វាស់​តាំងពី​ឆ្នាំ​១៩០៧ នោះ​ទេ​។ អត់​មាន​ខ្សែ​ព្រំដែន​ថ្មី​ដែល​ត្រូវធ្វើ​ទេ ។

សម្តេច​បាន​គូសបញ្ជាក់​ថា ៖ ការ​ចុះ​ទៅ​លើ​ដី​អ្នកខ្លះ​ថា បង្គោល​ថ្មី​មែន? តែ​សូម​ប្រាប់​ថា​គេ​ចុះ​ទៅ​មិនមែន​កំណត់​បង្គោល​នោះ​ទេ គឺ​គេ​រក​ទីតាំង​បង្គោល ។ បង្គោល​ខ្លះ​វា​ចាស់​ឬ ថ្មី បើសិន​វា​នៅ​ខុស​ទីតាំង​ដែល​កំណត់​ដោយ​សន្ធិសញ្ញា គឺ​ត្រូវ​រំកិល ដូច​ច្នេះ​បង្គោល​លេខ​៥៨, ៥៩ ដែល​ចូល​ក្នុង​ដី​យើង​ត្រូវ​រំកិល​ទៅ​វិញ ដូច្នេះ​មាន​អស់ហើយ យើង​អត់​មាន​ស៊ី​ញ៉េ​រ​ដី​ឱ្យ​អ្នក​ណា​ទេ ៕