ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ប្រទេស​ណាខ្លះ ដែល​អ្នក​កាន់​លិខិតឆ្លងដែន​ចិន​អាច​ទៅ ​ដោយ​មិន​ចាំបាច់​មាន​ទិដ្ឋាការ?

2 ខែ មុន

ចិន ៖ ប្រទេស​ចិន​ចាប់តាំងពី​បើក​ព្រំដែន​ខ្លួន​ឡើង​វិញ​នៅ​ក្នុង​ឆ្នាំ ២០២៣ បន្ទាប់​ពី​បិទ​អស់​រយៈ

ចិន ៖ ប្រទេស​ចិន​ចាប់តាំងពី​បើក​ព្រំដែន​ខ្លួន​ឡើង​វិញ​នៅ​ក្នុង​ឆ្នាំ ២០២៣ បន្ទាប់​ពី​បិទ​អស់​រយៈពេល​៣​ឆ្នាំ ដោយសារ​តែ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​នោះ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​លើកលែង​ទិដ្ឋាការ​ជាមួយ​ប្រទេស​មួយ​ចំនួន ដើម្បី​លើកទឹកចិត្ត​ដល់​ការ​ធ្វើ​ដំណើរ​ពលរដ្ឋ​ខ្លួន ដែល​ជា​ផលប្រយោជន៍​ដល់​គោលដៅ​បរទេស ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន​។ នេះ​បើ​យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២៤​។

ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ដូច​គ្នា ប្រទេស​ចិន​ក៏​បាន​លើកលែង​លក្ខខណ្ឌ​តម្រូវ​ទិដ្ឋាការ​សម្រាប់​ពលរដ្ឋ​មក​ពី​ប្រទេស​មួយ​ចំនួន​រួម​ទាំង​ថៃ​, ម៉ា​ឡេ​ស៊ី និង​សិង្ហ​បុរី សម្រាប់​រយៈពេល​៣០​ថ្ងៃ ទោះបី​ខ្លួន​មិន​ទាន់​បាន​ស្ដារ​ឡើង​វិញ​នូវ​គោលនយោបាយ​គ្មាន​ទិដ្ឋាការ​សម្រាប់​អ្នកទេសចរ​ជប៉ុន​រយៈពេល​ខ្លី ចំ​ពេល​ទំនាក់ទំនង​ទ្វេភាគី​មាន​ភាព​តានតឹង​យ៉ាងណា​ក៏​ដោយ​។

ប្រទេស​ចិន​ថែម​ទាំង​បាន​អនុញ្ញាត​ឱ្យ​ចូល​ទឹកដី​ខ្លួន ដោយ​គ្មាន​ទិដ្ឋាការ​ជា​ឯកតោភាគី​សម្រាប់​ពលរដ្ឋ​មក​ពី​ប្រទេស​នានា​ដូច​ជា អា​ល្លឺ​ម៉​ង់​, បារាំង​, អេ​ស្ប៉ា​ញ​, ហូ​ឡង់ និង​អ៊ី​តា​លី សម្រាប់​រយៈពេល​១៥​ថ្ងៃ ខណៈ​ដែល​ប្រទេស​អឺរ៉ុប​ទាំង​៥​នេះ មិន​ទាន់​មានការ​តបស្នង​ជាមួយនឹង​ការ​រៀបចំ​ស្រ​ដៀង​គ្នា សម្រាប់​ពលរដ្ឋ​ចិន​នៅឡើយ​ទេ​។

ខាងក្រោម​នេះ គឺជា​កិច្ចព្រមព្រៀង​ទិដ្ឋាការ​ផ្សេង​ៗ ដែល​ប្រទេស​ចិន​បាន​ធ្វើ​មក​ទល់​ពេល​នេះ ៖
-​ការ​លើកលែង​ទិដ្ឋាការ​ទៅ​វិញ​ទៅ​មក (Mutual visa exemption)
ប្រទេស​ចិន និង​ថៃ​បាន​ព្រមព្រៀង​គ្នា​កាលពី​ថ្ងៃអាទិត្យ​ស​ប្តា​ហ៍​មុន ដើម្បី​លើកលែង​លក្ខខណ្ឌ​ទិដ្ឋាការ​អចិន្ត្រៃយ៍​សម្រាប់​ពលរដ្ឋ​រវាង​គ្នា ដែល​កិច្ចព្រមព្រៀង​បាន​សម្រេច​អំឡុង​ពេល​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការ​បរទេស​ចិន លោក Wang Yi នៅ​ប្រទេស​ថៃ​។ ផែនការ​ទៅ​វិញ​ទៅ​មក​ដែល​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១ ខែមីនា ខាង​មុខ​នេះ បាន​កើតឡើង​ដោយសារ​កិច្ចព្រមព្រៀង​ស្រ​ដៀង​គ្នា​រវាង​ចិន និង​សិង្ហ​បុរី ដែល​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​៩ ខែកុម្ភៈ ដោយ​នាំ​ឱ្យ​ចំនួន​ប្រទេស​ក្នុង​ការ​លើកលែង​ទៅ​វិញ​ទៅ​ឈាន​មក​ដល់​២២​ប្រទេស​។ ប្រទេស​ភាគច្រើន​ដែល​មាន​កិច្ចព្រមព្រៀង​លើកលែង​ទិដ្ឋាការ​ទៅ​វិញ​ទៅ​មក​ជាមួយ​ចិន គឺ​ស្ថិត​នៅ​ក្នុង​ទ្វីបអាស៊ី ដែល​រួម​មាន កា​ហ្សា​ក់​ស្ថាន​, អេ​មី​រ៉ាត​អា​រ៉ាប់​រួម​, កា​តា​, ម៉ា​ល់​ឌី​វ និង​អា​មេ​នី​។

ប្រទេស​អឺរ៉ុប​ទាំង ៥ ដែល​បាន​យល់ព្រម​លើ​ការ​លើកលែង​ទិដ្ឋាការ​ទៅ​វិញ​ទៅ​មក​មាន អាល់​បា​នី​, បេឡា​រុស​, បូ​ស្នៀ និង​ហឺ​ហ្សេ​ហ្គោ​វី​ណា​, ស៊ែ​ប និង​សាន់​ម៉ា​រី​ណូ​។ ប្រទេស​នៅ​ទ្វីបអាមេរិក​ចំនួន ៦ បាន​យល់ព្រម​លើ​ការ​រៀបចំ​បែប​នេះ ដែល​រួម​មាន បា​បា​ដុស (Barbados), បា​ហា​ម៉ា​, អេ​ក្វា​ឌ័​រ​, ដូ​មី​នី​ក​, ហ្គ្រេ​ណា​ដា និង សូ​រី​ណា​ម (Suriname)​។ កិច្ចព្រមព្រៀង​គ្មាន​ទិដ្ឋាការ​ទៅ​វិញ​ទៅ​មក ក៏​អនុវត្ត​ផង​ដែរ​ចំពោះ​ប្រទេស​អាហ្វ្រិក​២​គឺ ម៉ូ​រី​ស (Mauritius) និង​ស៊ី​សែ​ល (Seychelles) និង​ប្រទេស​ដែនសមុទ្រ​ចំនួន​២​គឺ ហ្វី​ជី (Fiji) និង​តុង​ហ្គា (Tonga)​។

ប្រទេស​ចិន កាលពី​ចុងខែ​វិច្ឆិកា ឆ្នាំ​២០២៣ បាន​ប្រកាស​ថា ខ្លួន​នឹង​ផ្តល់​ជូន​អ្នក​កាន់​លិខិត​ឆ្លងដែន​ម៉ា​ឡេ​ស៊ី​ដោយ​មិន​ប្រើ​ទិដ្ឋាការ​រហូត​ដល់​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២៤ ខណៈ​ដែល​ប៉ុន្មាន​ថ្ងៃ​ក្រោយមក ម៉ា​ឡេ​ស៊ី​ក៏​ប្រកាស​ថា ខ្លួន​នឹង​លើកលែង​តម្រូវការ​ទិដ្ឋាការ​សម្រាប់​អ្នក​កាន់​លិខិតឆ្លងដែន​ចិន​រហូត​ដល់​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២៤​។

-​ការ​លើកលែង​ទិដ្ឋាការ​ដោយ​ឯកតោភាគី (Unilateral visa exception)
ប្រទេស និង​តំបន់​ជាង ២០ ដែល​ផ្តល់​សិទ្ធិ​ជា​ឯកតោភាគី​ដោយ​គ្មាន​ទិដ្ឋាការ​ដល់​អ្នក​កាន់​លិខិតឆ្លងដែន​ចិន​។ ប្រទេស​ដែល​គ្មាន​ទិដ្ឋាការ​ឯកតោភាគី​នៅ​អា​មេ​រិ​ក​គឺ អង់​ទី​ហ្គា និង បា​ប៊ុ​យ​ដា (Antigua and Barbuda), សង់​ឃី​ត និង​ណេ​វី​ស (Saint Kitts and Nevis), ហៃ​ទី​, សង់​លូ​សៀ (Saint Lucia) និង ចា​ម៉ៃ​កា ។

នៅ​ទ្វីបអាស៊ី ពលរដ្ឋ​ចិន​អាច​ចូល​ប្រទេស​អូ​ម៉​ង់ កោះ​ជេ​ជូរ​បស់​កូរ៉េ​ខាងត្បូង អ៊ូ​ស​បេ​គី​ស្ថាន អ៊ី​រ៉​ង់ កោះត្រល់ (Phu Quoc) ក្នុង​ប្រទេស​វៀតណាម និង​ហ្ស​ក​ហ្ស៊ី ដោយ​មាន​ទិដ្ឋាការ​។ រីឯ​ប្រទេស​ដែនសមុទ្រ​រួម​មាន មីក្រូ​ណេ​ស៊ី (Micronesia), នី​យូ (Niue), សា​ម័​រ (Samoa), ប៉ូ​លី​ណេ​ស៊ី​បារាំង (French Polynesia) និង​គី​រី​បាទី (Kiribati)​។ ចំណែក​ក្នុង​ចំណោម​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​អាហ្វ្រិក​មាន​ប្រទេស ហ្គា​បុ​ង​, ម៉ា​រ៉ុ​ក​, ម៉ូ​ហ្សាំ​ប៊ិក (Mozambique), ទុ​យ​នេ​ស៊ី​, ហ្សាំ​ប៊ី​, អង់​ហ្គោ​ឡា និង​បេ​នី​ន​។

-​ទិដ្ឋាការ​នៅ​ពេល​មក​ដល់ (Visa on arrival)
អ្នក​កាន់​លិខិតឆ្លងដែន​ចិន អាច​ទទួល​បាន​ទិដ្ឋាការ​ពេល​មក​ដល់​នៅ​ក្នុង​ប្រទេស និង​តំបន់​ជាង ៤០ រួម​ទាំង កម្ពុជា​, ឡាវ​, វៀតណាម​, ម៉ា​ដា​ហ្គា​ស្ការ (Madagascar), បូ​លី​វី​, កោះ​ខូ​ក (Cook Islands), ប៉ា​លូ (Palau) និង​អេ​ហ្ស៊ី​ប​។

-​ការ​លើកលែង​ទិដ្ឋាការ​ឆ្លងកាត់ (Transit visa exemption)
អ្នកដំណើរ​ចិន​ត្រូវ​បាន​លើកលែង​ពី​តម្រូវការ​ទិដ្ឋាការ​ឆ្លងកាត់​នៅ​ក្នុង​ប្រទេស និង​តំបន់​ចំនួន ៤០ រួម​ទាំង អូ​ទ្រី​ស ប៉ូ​ឡូញ ស្វី​ស ស៊ី​ប ស្លូ​វ៉ា​គី ហុង​គ្រី និង​អ៊ី​តា​លី​៕ (​ប្រភព ៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ