ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អណ្ដាតភ្លើង​ឆាបឆេះ​ពលរដ្ឋ​អស់​១៤​ខ្នង​យ៉ាង​សន្ធោសន្ធៅ ផ្អើល​ក្បែរ​វត្ត​ឧណ្ណាលោម

2 ខែ មុន
  • ភ្នំពេញ

អណ្ដាតភ្លើង​បាន​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​១​ខ្នង រហូត​ឆេះ​រាលដាល​អស់​១៣​ខ្នង​ទៀត​យ៉ាង​សន្ធោសន្ធៅ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​មន្ត្រី​ជំនាញ​ចេញ​រថយន្ត​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​ជា​ច្រើន​គ្រឿង

រាជធានី​ភ្នំពេញ ៖ អណ្ដាតភ្លើង​បាន​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​១​ខ្នង រហូត​ឆេះ​រាលដាល​អស់​១៣​ខ្នង​ទៀត​យ៉ាង​សន្ធោសន្ធៅ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​មន្ត្រី​ជំនាញ​ចេញ​រថយន្ត​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​ជា​ច្រើន​គ្រឿង ធ្វើការ​អន្តរាគមន៍​បា​.​ញ់​ទឹក​ពន្លត់ កាលពី​វេលា​ម៉ោង​៧​និង​៣៥​នាទី​យប់ ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២៤ នៅ​លើ​កំណាត់​វិ​ថី​សម្តេច​សុធារស ក្បែរ​វត្ត​ឧណ្ណាលោម ស្ថិត​ក្នុង​សង្កាត់​ជ័យជម្នះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

យោង​តាម​ប្រភព​ពី​កន្លែង​កើតហេតុ បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​ផ្សែង​ហ៊ុយ​ចេញពីផ្ទះ​កើតហេតុ បន្ទាប់​មក​ក៏​មាន​អណ្តាតភ្លើង​ឆាបឆេះ​ចេញ​មក​ក្រៅ​យ៉ាង​សន្ធោសន្ធៅ​។ ដោយសារ​តែ​ឃើញ​ថា មិន​ស្រួល អ្នក​ភូមិ​ក៏​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ភ្លាម​ៗ ដើម្បី​សុំ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជួយ​អន្តរាគមន៍​តែ​ម្ដង​។

ក្រោយ​ទទួល​ពី​ដំណឹង​ខាងលើ​នេះ​ភ្លាម ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចេញ​រថយន្ត​ជា​ច្រើន​គ្រឿង​ទៅ​កាន់​ទីតាំង​កើតហេតុ ដើម្បី​ធ្វើការ​អន្តរាគមន៍​បា​.​ញ់​ទឹក​ពន្លត់​ភ្លាម​ៗ​ផង​ដែរ​។ ដោយ​ការ​អន្តរាគមន៍​នេះ មន្ត្រី​ជំនាញ​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​ជា​ច្រើន​គ្រឿង និង​ប្រើប្រាស់​ទឹក​អស់យ៉ាង​ច្រើន ដើម្បី​ទប់ស្កាត់​អណ្តាតភ្លើង​កុំឱ្យ​ឆេះ​រាលដាល​អ្នក​ជិតខាង​ជា​បន្ត​ទៀត​។

សូម​បញ្ជាក់​ផង​ដែរ​ថា ករណី​អគ្គិភ័យ​នេះ ដំបូង​ឡើយ គឺ​អណ្ដាតភ្លើង​បាន​ឆាបឆេះ​ចេញ​ផ្ទះ​១​ខ្នង នៅ​ជាន់​ទី​៣ ដែល​មាន​ទំហំ​៨​ម៉ែត្រ x ៨​ម៉ែត្រ បន្ទាប់​មក​ក៏​ឆេះ​រាលដាល​ដល់​ផ្ទះ​ចំនួន​១៣​ខ្នង​ទៀត​យ៉ាង​សន្ធោសន្ធៅ ប៉ុន្តែ​មិន​បាន​បង្ក​ឱ្យ​នរណា​ម្នាក់​រង​របួស​នោះ​ទេ គ្រាន់តែ​មាន​អ្នក​ភ័យ​ពេក រហូត​ដល់​សន្ល​.​ប់​តែ​ប៉ុណ្ណោះ ។

ពាក់ព័ន្ធ​នៅ​ក្នុង​ហេតុការណ៍​អគ្គិភ័យ​ខាងលើ​នេះ មន្ត្រី​ជំនាញ​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​ជា​ច្រើន​គ្រឿង​រួម​មាន ៖ រថយន្ត​របស់​ការិយាល័យ​នគរបាល​បង្ក​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចំនួន​២២​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​៦៦​ឡាន ។ រថយន្ត​ជំនួយ​អន្តរាគមន៍ មាន​រថយន្ត​អគ្គិភ័យ​ក្រសួងមហាផ្ទៃ​ចំនួន​១​គ្រឿង ពុំ​បាន​ប្រើប្រាស់​ទឹក​, រថយន្ត​អគ្គិភ័យ​៧១១ ចំនួន​០៣​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​២​ឡាន និង​រថយន្ត​អគ្គិភ័យ​កងរាជអាវុធហត្ថ ចំនួន​៣​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​៣​ឡាន​។

រថយន្ត​អគ្គិភ័យ​ទីក្រុង​អូ​ឡាំ​ព្យា ចំនួន​១​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​១​ឡាន​, រថយន្ត​អគ្គិភ័យ​បុរី​ប៉េង​ហួត ចំនួន​២​ឡាន ប្រើប្រាស់​ទឹក​អស់​ចំនួន​២​ឡាន និង​រថយន្ត​អគ្គិភ័យ​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា ចំនួន​២​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​២​ឡាន​។ រថយន្ត​អគ្គិភ័យ​ទីក្រុង​កោះ​ពេជ្រ ចំនួន​៣​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​៦​ឡាន​, រថយន្ត​អគ្គិភ័យ​ទីក្រុង​ជ្រោយចង្វា ចំនួន​៥​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​១០​ឡាន ។ រថយន្ត​អគ្គិភ័យ​ទីក្រុង​ន​រា ចំនួន​១​គ្រឿង ពុំ​បាន​ប្រើប្រាស់​ទឹក ។

គួរ​បញ្ជាក់​ផង​ដែរ​ថា គ្រោះ​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​១៤​ខ្នង​ខាងលើ​នេះ ត្រូវ​បាន​រថយន្ត​ពន្លត់​អគ្គិភ័យ​អន្តរាគមន៍​បា​.​ញ់​ទឹក​រហូត​ដល់​ម៉ោង​២១​និង​៣០​នាទី​យប់ នា​ថ្ងៃខែឆ្នាំដដែល ទើប​អណ្ដាត​ភ្លើង​រលត់​ទៅ​វិញ​ទាំងស្រុង ។ ហើយ​ចំពោះ​មូលហេតុ​ដែល​បង្ក​ឱ្យ​មាន​ភ្លើង​ឆាបឆេះ​នេះ មន្ត្រី​ជំនាញ​កំពុង​តែ​បើក​ការ​ស្រាវជ្រាវ និង​អនុវត្ត​បន្ត​តាម​នីតិវិធី​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ