រាជធានីភ្នំពេញ ៖ ព្រះពិរុណ ជាទេពមួយអង្គក្នុងចំណោមអាទិទេពជាច្រើននៅក្នុងព្រហ្មញ្ញសាសនាដែលមានតាំងពីជំនាន់គម្ពីរវេទមក និងជាទេពមួយអង្គក្នុងចំណោមទេពប្រចាំទិសទាំង៩(នព្វគ្រោះ) ។ ព្រះពិរុណ គង់ចាំទិសខាងលិចមានការទាក់ទងជាមួយទឹក ដែលសន្មតថា គឺជាទេពប្រចាំនៅមហាសមុទ្រខាងលិច ។ គេយល់ថាព្រះអង្គពូកែខាងមន្តអាគម ហើយមានយានជំនិះជាហង្ស ដូចព្រះព្រហ្មដែរ។
បើតាមឯកសារសារមន្ទីរជាតិ សមុច្ច័យដែលយកមកបង្ហាញនេះ ជាបដិមាព្រះពិរុណធ្វើអំពីថ្មភក់មានប្រភពមកពីប្រាសាទគុកដូន ខេត្តសៀមរាប ។ តាមរយៈសិល្បៈបង្ហាញរបស់បដិមាអង្គនេះ គឺស្ថិតនៅក្នុងរចនាបទប្រែរូប នាសម័យអង្គរ ស្ថិតនៅអំឡុងពាក់កណ្តាលទីពីរសតវត្សទី១០ នៃគ.ស.។
ព្រះអង្គគង់នៅលើហង្សចំនួន៤បែរទៅគ្រប់ទិសទាំងបួន ដោយឡែកក្នុងចំណោមហង្សទាំង៤នោះ មានហង្សមួយបែរស្របទិសនឹងព្រះពិរុណ គឺបើកចំហមាត់ និងមានលម្អដោយគ្រឿងអលង្ការ ។ ចំណែកព្រះពិរុណមានពាក់មកុដ ទឹកមុខញញឹមស្ងប់ មុខជ្រុង ថ្គាមខ្លា មានពុកមាត់ និងពុកចង្កា ។ ដោយឡែកព្រះហស្តស្តាំ ដែលបាត់ទៅនោះប្រហែលជាមានកាន់ព្រ័ត្រ ដ្បិតជាកេតនភណ្ឌរបស់ទេពនិករអង្គនេះ ។
ស្លៀកសំពត់ចងក្បិនមានចាប់ភ្លីនៅខាងមុខធំ ព្រះអង្គអង្គុយបញ្ឈរជង្គង់ម្ខាង ។ ជាប្រភេទចម្លាក់ឆ្លាក់ឡើងដោយមានភាពវិចិត្រឥតខ្ចោះ រាប់ទាំងទឹកមុខ និងដងខ្លួន គឺមានភាពរស់រវើកដូចមានក្នុងធម្មជាតិជាក់ស្តែងដែលនេះជាលក្ខណៈសម្គាល់មួយរបស់សិល្បៈបដិមាស្ថិតក្នុងរចនាបថប្រែរូប ។
បដិមាព្រះពិរុណដែលជាសមុច្ច័យសារមន្ទីរជាតិកម្ពុជា មានលេខបញ្ជីសារពើភ័ណ្ឌក.១៥៧៩ អង្គនេះ ធ្លាប់យកទៅតាំងពិព័រណ៍លើឆាកអន្តរជាតិនៅតាមបណ្តាប្រទេសមួយចំនួនដូចជា៖ ប្រទេសបារាំង ប្រទេសជប៉ុន ប្រទេសកូរ៉េខាងត្បូង និងប្រទេសអាឡឺម៉ង់ ។
សព្វថ្ងៃព្រះពិរុណកំពុងដាក់តាំងបង្ហាញនៅសាលសម័យអង្គរ (សាលខាងត្បូង) នៃសារមន្ទីរជាតិកម្ពុជា ៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ