ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ច្រើន ពិសេស​ប៉ុន្មាន​ករណី​ចុង​ក្រោយ​នៅ​ភ្នំពេញ​ដែល​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ដោយ​អ្នកបើកបរ​ឡាន ផឹកស្រា​ស្រវឹង ហើយ​បើក​បុក​ស្លា​.​ប់​មនុស្ស​ច្រើន​នាំ​ឱ្យ​នាយក​រដ្ឋមន្ត្រី សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ក្នុង​ពិធី​បិទ​សន្និបាត​ក្រសួង​ព័ត៌មាន…

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ច្រើន ពិសេស​ប៉ុន្មាន​ករណី​ចុង​ក្រោយ​នៅ​ភ្នំពេញ​ដែល​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ដោយ​អ្នកបើកបរ​ឡាន ផឹកស្រា​ស្រវឹង ហើយ​បើក​បុក​ស្លា​.​ប់​មនុស្ស​ច្រើន​នាំ​ឱ្យ​នាយក​រដ្ឋមន្ត្រី សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ក្នុង​ពិធី​បិទ​សន្និបាត​ក្រសួង​ព័ត៌មាន កាលពី​ល្ងាច​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២៤ បាន​ប្រកាស​ណែនាំ​ឱ្យ​មេ​ប៉ូលិស​ចាត់ចែង​កម្លាំង​ប៉ូលិស​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​អ្នកបើកបរ ដែល​មាន​ជាតិ​ស្រវឹង ។

ទទួល​បាន​បទបញ្ជា​នេះ ប៉ូលិស​បាន​ប្រជុំ និង​ដាក់​ផែនការ​ឆ្មក់​ត្រួតពិនិត្យ​ជាតិ​អាល់កុល លើ​អ្នកបើកបរ​តាម​ផ្លូវ​នានា ពិសេស​នៅ​ភ្នំពេញ ប៉ូលិស​តាម​ខណ្ឌ​នានា នៅ​យប់​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២៤ បាន​ចាប់ផ្តើម​ដាក់​កម្លាំង​ចេញ​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍ រួម​ទាំង​ការ​ពិនិត្យ​ជាតិ​អាល់កុល លើ​អ្នកបើកបរ​តាម​ផ្លូវ​ជា​ច្រើន ។

មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២៤ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រកាស​លទ្ធផល​នៃ​ការ​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ត្រួតពិនិត្យ​ជាតិ​អាល់កុល នៅ​យប់​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២៤ តាម​បណ្តា​អធិការដ្ឋាន​នគរបាល​ខណ្ឌ​នានា រួម​មាន ៖ ឃាត់​យានយន្ត​ល្មើស​សរុប​ចំនួន​២៣៤​គ្រឿង (​រថយន្ត​០៥​គ្រឿង ម៉ូតូ​ចំនួន​២២៩​គ្រឿង​) ។

ក្នុង​នោះ ល្មើស​ជាតិ​ស្រវឹង​ចំនួន​២៣​គ្រឿង ដោយ​ក្នុង​កម្រិត​០.២៥- ០.៣៩ mg/L ចំនួន ០៧​គ្រឿង (​អ្នកបើកបរ​ម៉ូតូ ចំនួន​០៤​នាក់ និង​អ្នកបើកបរ​រថយន្ត​ចំនួន​០៣​នាក់​) និង​កម្រិត​០.៤៩ mg/L ឡើង ចំនួន​១៦​គ្រឿង (​អ្នកបើកបរ​ម៉ូតូ​ចំនួន​១៤​នាក់ និង​អ្នកបើកបរ​រថយន្ត ចំនួន​០២​នាក់​) ។

ចំណែក​បទល្មើស​ផ្សេង​ៗ ក្នុង​ប្រតិបត្តិការ កាលពី​យប់​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២៤ ក៏​ត្រូវ​បាន​ប៉ូលិស​ប្រកាស​ថា មាន​ចំនួន​២១១​គ្រឿង ( អត់​មួក​សុវត្ថិភាព​ចំនួន​២០៤​គ្រឿង គ្មាន​កញ្ចក់​មើល​ក្រោយ​ចំនួន​០២​គ្រឿង កែ​ច្នៃ​ស៊ី​ម៉ាំង​ចំនួន​០២​គ្រឿង និង​ម៉ូតូ​គ្មាន​ផ្លា​ក​លេខ ចំនួន​០៣​គ្រឿង​)​។

ចំពោះ​ប្រតិបត្តិការ​របស់​ប៉ូលិស​ត្រួតពិនិត្យ នៅ​ពេល​យប់​នេះ គេ​ឃើញ​នៅ​តាម​ហ្វេ​ស​ប៊ុ​ក ក្នុង​ក្រុម​ឆាត messenger និង​នៅ​តាម​ក្រុម​តេ​ឡេ​ក្រាម​ជា​ច្រើន​បាន​ចែកចាយ​នូវ​ក្រដាស​ផែនការ​របស់​ប៉ូលិស ដែល​នឹង​ដាក់​កម្លាំង​ស្ទាក់​ចាប់​ត្រួតពិនិត្យ អ្នកបើកបរ​ល្មើសច្បាប់ រួម​ទាំង​អ្នក​ផឹកស្រា​ស្រវឹង ហើយ​មក​បើកបរ ។ ក្នុង​នោះ​ក៏​មាន​អ្នក​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​កថា​«​យប់​នេះ កម្លាំង​សមត្ថកិច្ច​បើក​ប្រតិបត្តិការ​ត្រួតពិនិត្យ​គ្រឿង​ស្រវឹង​លើ​អ្នកបើកបរ គ្រប់​គោលដៅ ក្នុង​រាជធានី​ភ្នំពេញ​! អ្នក​ផឹក គួរ​បន្ថយ ផង​!»​។

សារ​នេះ បង្ហាញ​ទៅ​កាន់​អ្នក​ផឹកស្រា ហើយ​បើកបរ​យានយន្ត ម៉ូតូ​ឡាន នៅ​ពេល​យប់​ៗ​ថា កុំ​ផឹកស្រា ហើយ​បើកបរ​ព្រោះ​បើ​ផឹកស្រា ហើយ​បើកបរ​ម៉ូតូ ឡាន នឹង​ត្រូវ​ប៉ូលិស​ចាប់​។ ដូច្នេះ​ក្រុម​អ្នក​ផឹកស្រា​នោះ គឺ​ខ្លាច​ប៉ូលិស​ចាប់​ទើប​មិន​ផឹកស្រា ។ មិនមែន​ផឹកស្រា ហើយ​បើកបរ​ខ្លាច​ល្មើសច្បាប់ និង​ខ្លាច​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​ឯណា ។

ក្នុង​សង្គម​យើង អ្នកបើកបរ និង​អ្នក​ធ្វើ​ដំណើរ​តាម​ម៉ូតូ​ឡាន​មួយ​ចំនួន​សព្វ​ថ្ងៃនេះ ខ្លាច​ប៉ូលិស​ចាប់​ច្រើន​ជាង​ខ្លាច​ច្បាប់ និង​ខ្លាច​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍ ។ អ្នក​ធ្វើ​ដំណើរ​តាម​ម៉ូតូ​ខ្លះ​ពាក់មួក​សុវត្ថិភាព ក៏​ព្រោះតែ​ខ្លាច​ប៉ូលិស​ចាប់​ផាកពិន័យ ។ បើ​ធ្វើ​ដំណើរ​ជិត​ៗ​ផ្ទះ ឬ​នៅ​ផ្លូវ​ក្នុង​ៗ​នៅ​ភ្នំពេញ ហើយ​ច្រើន​បំផុត​នៅ​តាម​បណ្តា​ខេត្ត គឺ​មិន​ពាក់មួក​សុវត្ថិភាព​ឡើយ ។ នេះ​ជា​រឿង​ពិត​មួយ ។

ដូច​គ្នា​ដែរ អ្នកបើកបរ​ម៉ូតូ និង​ឡាន​មួយ​ចំនួន​ទៀត​នៅ​ពេល​ជួបជុំ​មិត្តភក្តិ ក្រុម​គ្រួសារ ឬ​ក៏​ចូលរួម​ពិធីការ គឺ​ផឹកស្រា ហើយ​ក៏​ជជែក​គ្នា​ថា «​មិន​ហ៊ាន​ផឹក​ច្រើន​ទេ ខ្លាច​ប៉ូលិស​ចាប់​វាស់​ជាតិ​អាល់កុល​» ឬ​ក៏​អ្នកខ្លះ​ថា មិន​អី​ទេ ផ្លូវ​ទៅ​ផ្ទះ​វិញ គឺ​មិន​មាន​ប៉ូលិស​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ទេ​! កុំ​ខ្លាច​លើក​ដាច់​ទៅ​…»​។

យ៉ាងណា​ក៏​ដោយ ទាំង​អ្នកបើកបរ​ម៉ូតូ ទាំង​អ្នក​ធ្វើ​ដំណើរ​តាម​ម៉ូតូ ត្រូវ​តែ​ពាក់មួក​សុវត្ថិភាព ទោះជា​ធ្វើ​ដំណើរ​ផ្លូវ​ជិត ឬ​នៅ​ជិត​ៗ​ផ្ទះ ឬ​ក៏​ជិះ​តាម​ផ្លូវ​ក្នុង​ៗ ឬ​ផ្លូវ​តូច​ៗ​ក៏​ដោយ ។ មូលហេតុ គឺ​ពាក់មួក​សុវត្ថិភាព​ពេល​បើកបរ និង​រួម​ដំណើរ​ជិះ​តាម​ម៉ូតូ ដើម្បី​តែ​ការពារ​កុំឱ្យ​បែកក្បាល​របស់​ខ្លួនឯង​នៅ​ពេល​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ឬ​ដួល​ម៉ូតូ ។ រីឯ​អ្នកបើកបរ​ឡាន ក៏​ត្រូវ​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព រៀង​រាល់​ឡើង​កាន់ចង្កូត​ឡាន ឬ​អង្គុយ​កៅអី​ខាង​មុខ​មិន​ថា ទៅ​ជិត​ៗ​ឬ​ទៅ​ផ្លូវ​ឆ្ងាយ ឬ​ក៏​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​នោះ​ទេ ។ ការ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ពេល​បើកបរ​ក៏​មិន​ត្រូវធ្វើ​ទេ ព្រោះ​វា​អាច​បង្ក​គ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ ។

បើ​ផឹកស្រា គឺ​មិន​ត្រូវ​បើកបរ​ដាច់ខាត ។ មិន​ថា ផឹក​តិច​ផឹក​១​កំប៉ុង ២​កំប៉ុង ឬ​៣​កំប៉ុង​ទេ​។ បើ​ផឹក​ត្រូវ​តែ មាន​អ្នកបើកបរ​ឱ្យ​មិន​ថា ម៉ូតូ ឬ​ឡាន​ទេ ។ បើ​ថា មិន​មាន​អ្នក​បើកឡាន ឬ​បើក​ម៉ូតូ​ឱ្យ​ទេ ហើយ​ផឹកស្រា គឺ​មធ្យោបាយ​ល្អ​បំផុត ហើយ​សុវត្ថិភាព​បំផុត​នោះ គឺ​ហៅ​ឡាន​តាក់ស៊ី ឬ​ម៉ូតូ​កង់​បី Pass App ជិះ ។ អស់​លុយ​តិច ហើយ​សុវត្ថិភាព​ជា​ជាង​បើកបរ​ទាំង​ស្រវឹង​ដែល​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់ ប៉ូលិស​ចាប់​ផាក ហើយ​អាច​នឹង​បង្ក​គ្រោះថ្នាក់​ដល់​ខ្លួន​ដែល​កំពុង​ស្រវឹងស្រា​ផង និង​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ​ថែម​ទៀត​ផង​។ ទម្រាំ​តែ​ស្វាង ពេល​នោះ អ្វី​ៗ អាច​ហួសពេល​អស់​ទៅ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ