ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងសុខាភិបាល ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន ចំពោះ​ការ​ប្រើប្រាស់​វ៉ាក់សាំង​បង្ការ​ជំងឺគ្រុនឈាម ខណៈ WHO មិន​ទាន់​ទទួលស្គាល់

3 ខែ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​កម្ពុជា បាន​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន ចំពោះ​ការ​ប្រើប្រាស់​វ៉ាក់សាំង​បង្ការ​ជំងឺគ្រុនឈាម ដោយសារ អង្ក​ការ​សុខភាព​ពិភពលោក (WHO) ពុំ​ទាន់​ទទួលស្គាល់ នោះ​ទេ…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​កម្ពុជា បាន​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន ចំពោះ​ការ​ប្រើប្រាស់​វ៉ាក់សាំង​បង្ការ​ជំងឺគ្រុនឈាម ដោយសារ អង្ក​ការ​សុខភាព​ពិភពលោក (WHO) ពុំ​ទាន់​ទទួលស្គាល់ នោះ​ទេ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០២៤ សូម​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន ក្នុង​ការ​ប្រើប្រាស់​វ៉ាក់សាំង​បង្ការ​ជំងឺគ្រុនឈាម ដែល​ពុំ​ទាន់​បានការ​ទទួលស្គាល់​ពី​អង្គការ​សុខភាព​ពិភពលោក ដោយ​បាន​លើក​ឡើង​ថា ក្រសួងសុខាភិបាល សូម​ជម្រាប​ជូន​ដល់​សាធារណជន​ទាំងអស់ មេត្តា​ជ្រាប​ថា បច្ចុប្បន្ន​នេះ មាន​បណ្តាញ​ទំនាក់ទំនង​សង្គម និង​បុគ្គល​មួយ​ចំនួន កំពុងធ្វើការ​ផ្សព្វផ្សាយ​ឱ្យ​ប្រើប្រាស់​វ៉ាក់សាំង​បង្ការ​ជំងឺគ្រុនឈាម​ឈ្មោះ Qdenga ។

ក្រសួងសុខាភិបាល សូម​បញ្ជាក់​ថា ៖ «​បច្ចុប្បន្ន​នេះ វ៉ាក់សាំង​បង្ការ​ជំងឺគ្រុនឈាម ឈ្មោះ Qdenga កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​សិក្សា​ទី​៣ នៃ​ដំណាក់កាល​សិក្សា​សរុប​ទាំង​៤ នៅឡើយ​។ ទន្ទឹម​នឹង​នេះ អង្គការ​សុខភាព​ពិភពលោក (WHO) និង​នាយកដ្ឋាន​ចំណីអាហារ និង​ឱសថ​សហរដ្ឋអាមេរិក (FDA) ក៏​មិន​ទាន់​ទទួលស្គាល់​វ៉ាក់សាំង Qdenga នៅឡើយ​ដែរ​» ។

ក្រសួង​បាន​បន្ត​ថា ក្នុង​ខណៈ​នេះ​អង្គការ​សុខភាព​ពិភពលោក (WHO) ក៏​បាន​ព្រមាន អំពី​ការ​ប្រើប្រាស់ Qdenga ចំពោះ​អ្នក​មិន​ធ្លាប់​កើត​ជំងឺគ្រុនឈាម កន្លង​មក វ៉ាក់សាំង​នេះ​ដើរតួ​នាទី​ជា​ការ​ចម្លងជំងឺ​គ្រុនឈាម​លើក​ទី​១ ហើយ​នៅ​ពេល​បុគ្គល​នេះ​កើត​ជំងឺគ្រុនឈាម ម្ដងទៀត វា​ក្លាយទៅជា​ការ​កើត​ជំងឺគ្រុនឈាម​លើក​ទី​២ ដែល​អាច​នឹង​វិ​វត្ត​ទៅ​រក​ជំងឺគ្រុនឈាម​ធ្ងន់ធ្ងរ ។

ក្រសួងសុខាភិបាល​កម្ពុជា បាន​គូសបញ្ជាក់​ថា ៖ «​បច្ចុប្បន្ន​នេះ វ៉ាក់សាំង​បង្ការ​ជំងឺ គ្រុនឈាម​ឈ្មោះ Qdenga មិន​ទាន់​ត្រូវ​បាន​ចុះបញ្ជី​កា​នៅ​ក្នុង ប្រទេស​កម្ពុជា​នៅឡើយ​។ ក្រសួងសុខាភិបាល សូម​អំពាវនាវ​ដល់​សាធារណជន ស្វែង​យល់ និង​បន្ត​ការ យកចិត្តទុកដាក់ ក្នុង​ការ​ថែទាំ​សុខភាព ដោយ​មធ្យោបាយ​សម​ស្រប ដែល​មានការ​អនុញ្ញាត​ដោយ​ក្រសួងសុខាភិបាល​» ។

ក្រសួង​បាន​លើក​ឡើង​ទៀត​ថា ជាមួយ​គ្នា​នេះ ដើម្បី​បង្ការ​ការ​ចម្លងជំងឺ​គ្រុនឈាម ក្រសួងសុខាភិបាល សូម​អំពាវនាវ​ដល់ សាធារណជន រួម​ទាំង​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​សកម្ម​ចូល រួម​កម្ចាត់​ដង្កូវទឹក នៅ​តាម​ទីកន្លែង ដែល​មានទឹក​ដក់ ដូច​ជា​សំបក​កង់​ឡាន ម៉ូតូ ពាង សំបក​ដប កំប៉ុង ត្រឡោក​ដូង និង​វត្ថុ​ដក់​ទឹក​ផ្សេង​ទៀត​។ ក្នុង​ករណី​មាន​រោគ សញ្ញា​ក្តៅខ្លួន​ខ្លាំង​ភ្លាម​ៗ ត្រូវ​ប្រញាប់​នាំ​អ្នកជំងឺ​ទៅ​រក​សេវា​ពិនិត្យ និង​ព្យាបាល​នៅ​តាម​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ ដែល​នៅ​ជិត​បំផុត ជា​បន្ទាន់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ