ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ជាតិ​អប្សរា បញ្ចប់​ការងារ​ជួសជុល​ប្រាង្គ​កណ្ដាល នៃ​ប្រាសាទតាព្រហ្មកិល ជា​ស្ថាពរ

3 ខែ មុន

ខេត្តសៀមរាប ៖ បន្ទាប់​ពី​បាន​ចំណាយ​ពេលវេលា​ជួសជុល​អស់​រយៈពេល​ជា​ច្រើន​ខែ​មក នា​ចុងឆ្នាំ​២០២៣ កន្លង​ទៅ​ថ្មី​ៗ​នេះ អាជ្ញាធរ​ជាតិ​អប្សរា បាន​បញ្ចប់​រួចរាល់​ការ​ជួសជុល​ប្រាសាទតាព្រហ្មកិល ឱ្យ​ងើបឈរ​បង្ហាញ​រូបរាង​ជា​ថ្មី​ឡើង​វិញ ដើម្បី​ទុកជា​ប្រយោជន៍​សម្រាប់​មនុស្សជាតិ​ជំនាន់​ក្រោយ នេះ​បើ​យោង​តាម​អាជ្ញាធរ​ជាតិ​អប្សរា…

ខេត្តសៀមរាប ៖ បន្ទាប់​ពី​បាន​ចំណាយ​ពេលវេលា​ជួសជុល​អស់​រយៈពេល​ជា​ច្រើន​ខែ​មក នា​ចុងឆ្នាំ​២០២៣ កន្លង​ទៅ​ថ្មី​ៗ​នេះ អាជ្ញាធរ​ជាតិ​អប្សរា បាន​បញ្ចប់​រួចរាល់​ការ​ជួសជុល​ប្រាសាទតាព្រហ្មកិល ឱ្យ​ងើបឈរ​បង្ហាញ​រូបរាង​ជា​ថ្មី​ឡើង​វិញ ដើម្បី​ទុកជា​ប្រយោជន៍​សម្រាប់​មនុស្សជាតិ​ជំនាន់​ក្រោយ នេះ​បើ​យោង​តាម​អាជ្ញាធរ​ជាតិ​អប្សរា ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០២៤​នេះ ។

លោក ម៉ៅ សុខ​នី ប្រធាន​ការដ្ឋាន​ជួសជុល​ប្រាសាទតាព្រហ្មកិល និង​ជា​ស្ថាបត្យករ នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា បានឱ្យ​ដឹង​ថា នៅ​ក្នុង​ដំណើរការ​ជួសជុល​ប្រាសាទតាព្រហ្មកិល បាន​ចែក​ចេញ​ជា ២​ដំណាក់កាល ដោយ​ដំណាក់កាល​ទី​១ គឺ​ការ​សិក្សា​ស្រាវជ្រាវ គូស​ប្លង់ និង​កំណាយ​ស្រាវជ្រាវ​។ ដំណាក់កាល​ទី​២ បាន​ចាប់ផ្តើម​តាំងពី​អំឡុង​ខែមីនា មក​ដល់​ខែធ្នូ ឆ្នាំ​២០២៣ ថ្មី​ៗ​នេះ បាន​បញ្ចប់​ការងារ​ជួសជុល​ធ្វើ​ឱ្យ​រចនា​សម្ពន្ធ​របស់​ប្រាសាទ​បាន​រឹង​មាំ​ជាង​ពេល​មុន ដែល​ធ្លាប់តែ​ទ្រេត បាក់​ធ្លាក់ និង​ទល់​ទ្រ​ជា​ញឹកញាប់ ។

ប្រធាន​ការដ្ឋាន​ជួសជុល​ប្រាសាទតាព្រហ្មកិល បាន​បញ្ជាក់​ថា ប្រាសាទ​នេះ បាន​រង​ការ​ខូចខាត​ទ្រុឌទ្រោម​ខ្លាំង ដោយសារ ថ្ម​ខ្លះ​បាន​ធ្លាក់​កប់​ដី នៅ​រាយ​ប៉ាយ ហើយ​តួ​ប៉ម​កណ្តាល បាន​បាក់​រលុះ​អស់​មួយ​ចំហៀង នៅ​ជ្រុង​ខាងត្បូង និង​ខាងលិច​។ ដូច្នេះ​ចំពោះ​ការងារ​ជួសជុល គឺ​ពង្រឹង​រចនា​សម្ពន្ធ​នៃ​ជ្រុង​ដែល​បាក់​ធ្លាក់​ឱ្យ​រឹង​មាំ​ឡើង​វិញ ដោយ​មាន​ជំនួស​នូវ​ថ្ម​ថ្មី​ខ្លះ​ៗ ។

លោក ម៉ៅ សុខ​នី បន្ថែម​ថា មក​ដល់​ពេល​នេះ ក្រុមការងារ​កំពុង​រៀបចំ​ជា​វង់​ទស្សនា​សម្រាប់​ភ្ញៀវ សម្អាត​ប្រព័ន្ធ​លូ​ទឹក ដើម្បី​ឱ្យ​ហូរ​ចូល​ទៅ​ក្នុង​ស្រះ​ផ្នែក​ខាងជើង និង​រៀបចំ​ទីធ្លា​ប្រាសាទ​ឱ្យ​មាន​សណ្តាប់ធ្នាប់​ឡើង​វិញ ដើម្បី​ងាយស្រួល​ភ្ញៀវ​ដើរ​ទស្សនា​ប្រាសាទ ។

សូម​ជម្រាប​ថា ប្រាសាទតាព្រហ្មកិល មាន​តួនាទី​ជា​ហោ​សម្រាប់​មនុស្ស​បន់ស្រន់ នៅ​ក្នុង​មន្ទីរពេទ្យ​មួយ ក្នុង​ចំណោម​មន្ទីរពេទ្យ​ទាំង​៤​ជុំវិញ​ក្រុង​អង្គរធំ​។ កសាង​ឡើង​ក្នុង​រាជ​កាល​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ នា​ចុង​សតវត្ស​ទី​១២ នៃ​គ្រឹ​ស្ត​រាជ​។ ប្រាសាទ​នេះ មា​នទី​តាំងនៅ​ផ្នែក​ខាងលិច​ឆៀង​ខាងជើង នៃ​ប្រាសាទអង្គរវត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ