ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ដាយ​ជន​បើករថយន្ត Jeep បុក​មនុស្ស​ស្លា​.​ប់ ដក​ពាក្យបណ្តឹង​វិញ ក្រោយ​ប្ដឹង​ប្រពន្ធ​ស​.​ព និង​សាច់ញាតិ​ជន​រង​គ្រោះ ទារ​៨០​ម៉ឺន​ដុល្លារ?

3 ខែ មុន

រាជធានី​ភ្នំពេញ ៖ ករណី​បើករថយន្ត Jeep បុក​មនុស្ស​ស្លា​.​ប់ ម្ដាយ​ជន​បង្ក ដែល​ប្ដឹង​ប្រពន្ធ​ស​.​ព និង​សាច់ញាតិ​ជន​រង​គ្រោះ​នោះ បាន​ដក​ពាក្យបណ្តឹង​របស់​ខ្លួន​វិញ​ហើយ កាលពី​ថ្ងៃ​ទី​២៣…

រាជធានី​ភ្នំពេញ ៖ ករណី​បើករថយន្ត Jeep បុក​មនុស្ស​ស្លា​.​ប់ ម្ដាយ​ជន​បង្ក ដែល​ប្ដឹង​ប្រពន្ធ​ស​.​ព និង​សាច់ញាតិ​ជន​រង​គ្រោះ​នោះ បាន​ដក​ពាក្យបណ្តឹង​របស់​ខ្លួន​វិញ​ហើយ កាលពី​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២៤ ម្សិលមិញ​នេះ ក្រោយប្ដឹងទារ​សំណង​សរុប​៨០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ពីប្រពន្ធ​ស​.​ព និង​សាច់ញាតិ​ជន​រង​គ្រោះ​ នេះ​បើ​យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ឈ្មោះ គ្រុយ ឈិ​ញ​លាំង ​ដែល​ត្រូវជា​ប្រពន្ធ​របស់​សព​ជន​រង​គ្រោះ​ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ទទួល​ចាត់ការ​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​០៤៥ ចុះ​ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ​២០២៤ ដែល​មានឈ្មោះ សុខ លី​ណា ភេទ​ស្រី បាន​ប្តឹង​លើ​ឈ្មោះ គ្រុយ ឈិ​ញ​លាំង ភេទ​ស្រី​, ឈ្មោះ សៀង សេរីរ​ដ្ឋា ភេទ​ស្រី​, ឈ្មោះ សៀង មួយ​អេ​ង ភេទ​ស្រី និង​ឈ្មោះ សំ​រិ​ទ្ធ សា​រុន ភេទ​ប្រុស ថា​បាន​ធ្វើការ​បរិហារកេរ្តិ៍​ជា​សាធារណៈ បរិហារកេរ្តិ៍​តាម​សារព័ត៌មាន និង​ជេរ​ប្រមាថ​ជា​សាធារណៈ មក​លើ​រូប​ខ្លួន​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក (Facebook) និង​បណ្តាញសារព័ត៌មាន​ជា​ច្រើន ។

អ្នកនាំពាក្យ បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២៤ ឈ្មោះ សុខ លី​ណា បាន​ដាក់​ពាក្យសុំ​ដក​ពាក្យបណ្ដឹង​របស់​ខ្លួន​ដែល បាន​ប្ដឹង​ខាងលើ មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

យោង​តាម​មាត្រា ៣០៩ នៃ​ក្រមព្រហ្មទណ្ឌ ចែង​ថា «….​ពាក្យ​ប្ដឹង​របស់​សាមីខ្លួន គឺជា​លក្ខខណ្ឌ​ចាំបាច់ នៃ​ការ​ចោទប្រកាន់​ពី​បទល្មើស​ព្រហ្មទណ្ឌ ហើយ​ការ​ដក​ពាក្យបណ្តឹង​របស់​អ្នក​ប្តឹង​វិញ នាំ​ឱ្យ​បណ្តឹងអាជ្ញា​រលត់​… ។ ផ្អែក​លើ​មូលដ្ឋាន​ផ្លូវ​ច្បា​ន​ច្បាប់​នេះ តំណាង​អយ្យការ​បាន​សម្រេច​តម្កល់​សំណុំរឿង​ព្រហ្មទណ្ឌ​ខាងលើ ទុក​ឥត​ចាត់ការ​» ។

សូម​ជម្រាប​ឡើង​វិញ​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២៣ ជន​បង្ក​ឈ្មោះ ព្រហ្ម​វិចិត្រ សុ​សក្តា បើករថយន្ដ​ម៉ាក Jeep បុក​យុវជន​ម្នាក់​ស្លា​.​ប់​ភ្លាម​ៗ នៅ​ខណ្ឌទួលគោក​នោះ ខណៈ​មិន​ទាន់​ធ្វើបុណ្យ​១០០​ថ្ងៃ​ផង ស្រាប់តែ​ម្ដាយ​ជន​បង្ក (​ឈ្មោះ សុខ លី​ណា​) បាន​ដាក់​ពាក្យបណ្ដឹង ប្តឹង​មនុស្ស​០៤​នាក់ រួម​មាន ៖ ប្រពន្ធ​ស​.​ព​ជន​រង​គ្រោះ និង​០៣​នាក់​ទៀត ជា​សាច់ញាតិ​ជន​រង​គ្រោះ ពី​បទ បរិហា​កេរ្តិ៍​ជា​សាធារណៈ ពី​បទ បរិហារកេរ្តិ៍​តាម​សារព័ត៌មាន និង​ពី​បទ ជេរ​ប្រមាថ​ជា​សាធារណៈ ទារ​សំណង​សរុប​៨០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក នេះ​បើ​យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ឈ្មោះ គ្រុយ ឈិ​ញ​លាំង (​ដែល​ត្រូវជា​ប្រពន្ធ​របស់​សព​ជន​រង​គ្រោះ​) ។

ជាមួយ​គ្នា​នេះ​ដែរ លោកស្រី គ្រុយ ឈិ​ញ​លាំង បាន​បង្ហោះ​សារ កាលពី​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២៤ ថា ៖ ពី “​ជន​រង​គ្រោះ​” ក្លាយទៅជា “​ជនសង្ស័យ​” ។ ឃើញ​ដីការ​កោះហៅ នាង​ខ្ញុំ​ហួសចិត្ត​មិនដឹង​និយាយ​យ៉ាងណា​ឱ្យ​សម​! ជន​បង្ក​ប្តឹង គ្រួសារ​ជន​រង​គ្រោះ ដែល​ព្យាយាម​ស្ងប់ស្ងាត់​ចាំ​ការ​កោះហៅ​ក្នុង​ការ​ចូលខ្លួន​ដោះស្រាយ​តាម​ផ្លូវច្បាប់ ? ហេតុ​អ្វី មិន​ដោះស្រាយ​រឿង​បុក​ប្តី​ខ្ញុំ​ស្លា​.​ប់ ដើម្បី​ឲ្យ​ខ្ញុំ និង​កូន ព្រមទាំង​គ្រួសារ​សាច់ញាតិ​បាន​ស្ងប់ចិត្ត បែរជា​មក​ប្តឹង​ខ្ញុំ​ជា​ប្រពន្ធ ព្រមទាំង​ឪពុកធំ​របស់​ប្តី​ខ្ញុំ និង​ប្អូនថ្លៃ​ខ្ញុំ ២​នាក់​ទៀត ដែល​ជា​ប្អូនស្រី​បង្កើត​របស់​ប្តី​ខ្ញុំ ? ក្រុម​គ្រួសារ​យើង​បាន​សំងំ​ស្ងប់ រង់ចាំ​ការ​ដោះស្រាយ​តាម​ផ្លូវ​តុលាការ និង​រង់ចាំ​មើល​ឆន្ទៈ​របស់​អ្នក តែ​អ្នក​បែរជា​ធ្វើ​បែប​នេះ ?

នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក មានការ​ចែកចាយ​ព្រោងព្រាត នូវ​ដីកាកោះ​៤​សន្លឹក ដែល​ចេញ​ដោយ​លោក សេង ម៉េ​ង​ស្រ៊ុ​ន ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​កោះហៅ​ជនសង្ស័យ​ចំនួន​៤​នាក់ រួម​មាន ៖
ទី​១. ឈ្មោះ គ្រុយ ឈិ​ញ​លាំង ភេទ​ស្រី (​ប្រពន្ធ​ជន​រង​គ្រោះ​)
ទី​២. ឈ្មោះ សំ​រិ​ទ្ធ សា​រុន ភេទ​ប្រុស (​ឪពុកធំ​ជន​រង​គ្រោះ​)
ទី​៣. ឈ្មោះ សៀង មួយ​អេ​ង ភេទ​ស្រី (​ប្អូនបង្កើត​ជន​រង​គ្រោះ​)
និង​ទី​៤. ឈ្មោះ សៀង សេរីរ​ដ្ឋា ភេទ​ស្រី (​ប្អូនបង្កើត​ជន​រង​គ្រោះ​)​។

ក្នុង​ដីកា​នោះ បាន​បញ្ជាក់​ទៀត​ថា ធ្វើ​ឡើង​តាម​បណ្ដឹង​ឈ្មោះ សុខ លី​ណា (​ម្ដាយ​ជន​បង្ក​) ពី​បទ បរិហា​កេរ្ដិ៍​ជា​សាធារណៈ​, បរិហា​កេរ្ដិ៍​តាម​សារព័ត៌មាន និង​បទ ជេរ​ប្រមាថ​ជា​សាធារណៈ ដែល​កំណត់​ឲ្យ​ចូល​ទៅ​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០២៤ ។

ពាក់ព័ន្ធ​ករណី​នេះ មហាជន​សុទ្ធតែ​បង្ហាញ នូវ​ការ​ហួសចិត្ត និង​រិះគន់​យ៉ាងច្រើន​ពេញ​បណ្ដាញ​សង្គម ដោយ​អ្នកខ្លះ​ថា ទើបតែ​ឃើញ​ករណី​នេះ ជា​លើក​ទី​១ ដែល​ភាគី​ជន​បង្ក បុក​មនុស្ស​ស្លាប់ ហើយ​ប្ដឹង​គេ​វិញ ថែម​ទៀត ខណៈ​បុណ្យ​១០០​ថ្ងៃ មិន​បាន​ធ្វើ​នៅឡើយ ។

គេ​នៅ​ចាំ​បាន​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ ជន​បង្ក ដែល​ជា​អ្នកបើកបរ​រថយន្ដ​ទំនើប​ម៉ាក Jeep បណ្តាល​ឲ្យ​បុក​ស្លា​.​ប់​បុរស​ម្នាក់​ជិះ​ម៉ូតូ នៅ​កន្លែង​កើតហេតុ បាន​កើតឡើង ក្នុង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​យប់​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២៣​។ ភ្លាម​ៗ យុវជន​នោះ បាន​គេចខ្លួន​ពី​កន្លែង​កើតហេតុ ។

បន្ទាប់​ពី​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ប្រកាស​ឱ្យ​តុលាការ​ចាត់វិធានការ​ម៉ឹង​ម៉ាត់​តាម​ច្បាប់​លើ​អ្នកបើកបរ​រថយន្ត Jeep បុក​បុរស​អ្នក​ជិះ​ម៉ូតូ​ស្លា​.​ប់​រួច​មក លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​អ្នក​បើករថយន្ដ Jeep ឈ្មោះ ព្រហ្ម វិចិត្រ​សុស​ក្ដា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ត្រូវ​បង្ហាញខ្លួន​នៅ​តុលាការ ឲ្យ​បាន​មុន​ថ្ងៃ​ទី​០៩ ខែមករា ឆ្នាំ​២០២៤ ។ ក្នុង​ដីកា​នោះ ក៏​បាន​អនុញ្ញាត​ឲ្យ​មន្ដ្រី​នគរបាល​យុត្តិធម៌ ប្រើប្រាស់​កម្លាំង​សាធារណៈ ដើម្បី​បង្ខំ​ឲ្យ​បុគ្គល​ឈ្មោះ ព្រហ្ម វិចិត្រ​សុស​ក្ដា ចូលខ្លួន​ឲ្យ​បាន​មុន​ថ្ងៃ​កំណត់ ។

ក្រោយមក លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក៏​បាន​ប្រកាស​ឲ្យ​ចូលខ្លួន​សារភាព​ជា​បន្ទាន់​! បើ​មិន​ដូច្នោះ​ទេ សមត្ថកិច្ច​នឹង​តាម​ចាប់ខ្លួន ខណៈ​ដីកា​ធ្លាក់​មក​ដល់​ដៃ​សមត្ថកិច្ច​ហើយ​។ រហូត​ដល់​ក្រុម​គ្រួសារ និង​សាមីខ្លួន បាន​មក​ប្រគល់​ខ្លួន នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២៣ ។ បន្ទាប់​ពី​ជន​បង្ក​បាន​ចូលខ្លួន​ទទួលស្គាល់​កំហុស​នោះ សមត្ថកិច្ច​នគរបាល​ជំនាញ​ការិយាល័យ​ចរាចរ​ផ្លូវគោក បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ។

ជន​បង្ក​ដែល​ជា​អ្នកបើកបរ​រថយន្ដ​ទំនើប​ម៉ាក Jeep បណ្តាល​ឲ្យ​បុក​ស្លា​.​ប់​អ្នក​ដទៃ​នៅ​កន្លែង ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចោទប្រកាន់ និង​ឃុំខ្លួន​ជនសង្ស័យ​នោះ​នៅ​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​ហើយ នៅ​ពន្ធនាគារ PJ ក្រោយ​ការ​ប៉ូលិស​បាន​បញ្ជូន​ជន​នោះ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃអាទិត្យ ទី​២៤ ខែធ្នូ ឆ្នាំ​២០២៣ ។

ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន ចេញ​ដោយ​ចៅក្រម ហុង ម៉ា​រី​ណិ​ច នៅ​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០២៣ បាន​សម្រេច​ចោទប្រកាន់ ព្រហ្ម​វិចិត្រ សុ​សក្តា ដែល​កំពុង​រៀន​ថ្នាក់អនុបណ្ឌិត ពី​បទ «​បើកបរ​ដោយ​ធ្វេសប្រហែស ខ្ជីខ្ជា មិន​ប្រុង​ប្រយ័ត្ន ឬ​មិន​គោរព​កាតព្វកិច្ច ដែល​បទ​ប្បញ្ញត្តិ ស្តី​ពី ចរាចរណ៍​ផ្លូវគោក​តម្រូវ បណ្តាល​ឱ្យ​ស្លា​.​ប់​អ្នក​ដទៃ និង​បទ​រត់គេច​ខ្លួន​» តាម​មាត្រា ៨៥ នៃ​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក និង​មាត្រា ៥៤៣ នៃ​ក្រមព្រហ្មទណ្ឌ​។

មាត្រា​៨៥ នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក បាន​ចែង​ថា «​ជន​ណា ដែល​បើកបរ​ដោយ​ធ្វេសប្រហែស ខ្ជីខ្ជា មិន​ប្រុង​ប្រយ័ត្ន ឬ​មិន​គោរព​កា​ព​ត្វ​កិច្ច ដែល​បទ​ប្បញ្ញតិ ស្តី​ពី ចរាចរណ៍​ផ្លូវគោក​តម្រូវ បណ្ដាល​ឲ្យ​ស្លា​.​ប់​អ្នក​ដទៃ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ឆ្នាំ ទៅ ៣​ឆ្នាំ ពិន័យ​ជា​ប្រាក់​ពី​៤០០០០០០ (​បួន​លាន​) រៀល ទៅ ១៥ ០០០ ០០០ (​ដប់​ប្រាំ​លាន​) រៀល​»​។

ចំណែក​មាត្រា ៥៤៣ នៃ​ក្រមព្រហ្មទណ្ឌ បាន​ចែង​ពី «​បទ​រត់​គេ​ខ្លួន​» ដោយ​កំណត់​ថា « អំពើ​ប្រព្រឹត្ត​ដោយ​អ្នកបើកបរ​យានជំនិះ​ផ្លូវគោក ឬ​ផ្លូវទឹក ដែល​បានដឹង​ច្បាស់​ថា ខ្លួន​ទើបតែ​បង្ក​ឱ្យ មាន​គ្រោះថ្នាក់ ឬ​ការ​ខូចខាត ហើយ​មិន​ព្រម​ឈប់ ដើម្បី​គេចខ្លួន​ពី​ការ​ទទួលខុសត្រូវ​ព្រហ្មទណ្ឌ ឬ​រដ្ឋប្បវេណី ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ ពី ៦​ខែ ទៅ ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១​លាន​រៀល ទៅ ៤​លាន​រៀល​»​។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២៣ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង រវាង​រថយន្ត Jeep ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 2CB-9963 និង​ម៉ូតូ បុក​គ្នា​នៅ​ត្រង់​ចំណុច​ផ្លូវ​ប្រសព្វ លើ​ផ្លូវ​លេខ​៣១៧ ប្រសព្វ​ផ្លូវ​លេខ​៥៦៦ ភូមិ​៦ សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។ ក្រោយ​កើតហេតុ​អ្នក​បើករថយន្ដ​បាន​គេចខ្លួន​បាត់​។ សព​ជន​រង​គ្រោះ ត្រូវ​បាន​ក្រុម​គ្រួសារ និង​សាច់ញាតិ នាំ​យក​ទៅ​ធ្វើបុណ្យ​បូជា​តាម​ប្រពៃណី​។ ចំណែក​រថយន្ត និង​ម៉ូតូ ត្រូវ​បាន​សមត្ត​កិច្ច​នាំ​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរ​ផ្លូវគោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ