ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ធិ​បតី ៖ ភារកិច្ច​ស្នូល​របស់​កងទ័ព គឺ​ត្រៀមប្រយុទ្ធ ដើម្បី​ជាតិ​មាតុភូមិ

3 ខែ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​គូសបញ្ជាក់​ថា ភារកិច្ច​ស្នូល​របស់​កងទ័ព​កម្ពុជា គឺ​ត្រៀមប្រយុទ្ធ និង​បំពេញភារកិច្ច​ជូន​ជាតិ​មាតុភូមិ…

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​គូសបញ្ជាក់​ថា ភារកិច្ច​ស្នូល​របស់​កងទ័ព​កម្ពុជា គឺ​ត្រៀមប្រយុទ្ធ និង​បំពេញភារកិច្ច​ជូន​ជាតិ​មាតុភូមិ ជា​និច្ច ។

ថ្លែង​ក្នុង​ពិធី​អបអរសាទរ “​ខួប​អនុស្សាវរីយ៍ លើក​ទី​២៥ ថ្ងៃ​បង្កើត​បញ្ជាការដ្ឋាន​កងទ័ពជើងគោក នៃ​កង​យោធពលខេមរភូមិន្ទ ២៤ មក​រា ១៩៩៩-២៤ មក​រា ២០២៤” នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០២៤ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖ «​ខ្ញុំ​ស្នើ​សុំ​ឲ្យ​មានការ​កែសម្រួល​កម្មវិធី​ហ្វឹកហ្វឺន​របស់​កងទ័ព ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ ហើយ​មុន​នឹង​ចប់​តួនាទី​ជា​មេបញ្ជាការ​កងទ័ពជើងគោក ខ្ញុំ​បាន​ចុះ​នៅ​តាម​ទូ​ទាំង​ប្រទេស និង​អង្គភាព​ជួរ​មុខ ខ្ញុំ​ចង់​ដឹង ហើយ​ក្នុង​នោះ​ការងារ​ស្នូល គឺ​ការងារ​ហ្វឹកហ្វឺន​» ។

សម្តេច​ធិ​បតី បាន​លើក​ឡើង​ថា នៅ​ពេល​ចុះ​ជួប​ផ្ទាល់ សម្តេច​បាន​ក្ដាប់​បាន នូវ​តម្រូវ​ចាំបាច់ ក៏​ដូច​ជា​នូវ​កង្វះខាត​មួយ​ចំនួន ដែល​ត្រូវ​គិតគូរ ហើយ​ភារកិច្ច​ស្នូល​របស់​កងទ័ព គឺ​ត្រៀម និង​បំពេញភារកិច្ច ថែរក្សា​ជាតិ មាតុភូមិ សន្តិសុខ ការពារ​ទឹកដី និង​ប្រជាជន ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ធិ​បតី ក៏​បាន​ស្នើ​ឲ្យ​កងទ័ពជើងគោក បន្ត​យកចិត្តទុកដាក់​លើ​ភារកិច្ច ដែល​បាន​ដាក់​ចេញ ឲ្យ​បាន​ម៉ឺងម៉ាត់ ។

សម្ដេច​ធិ​បតី នាយក​រដ្ឋមន្ត្រី សង្កត់ធ្ងន់​ថា «​កំណែទម្រង់កងទ័ព ត្រូវ​ផ្អែក​លើ​មូលដ្ឋាន នៃ​ស្មារតី​ជាតិនិយម នេះ​ជា​កិច្ចការ ដែល​យើង​ត្រូវធ្វើ តែ​យ៉ាងម៉េច​ក៏​ដោយ កុំ​ឲ្យ​បាត់​អត្តសញ្ញាណ និង​ស្មារតី​ក្នុង​ការ​ការពារ​ជាតិ ការ​ស្មោះត្រង់ ដាច់ខាត​ចំពោះ​ជាតិ និង​ប្រជាជន នេះ​ហើយ​ជា​មូលដ្ឋាន និង​ស្មារតី នៃ​ការ​ធ្វើ​កំណែទម្រង់កងទ័ព​របស់​យើង នេះ​គឺ​ត្រូវធ្វើ​ឲ្យ​បាន ការពារ​ជាតិ សាសនា និង​ព្រះមហាក្សត្រ និង​ថែរក្សា​សុខ​សន្តិភាព ឲ្យ​បានជា​ដាច់ខាត ការ​កែទម្រង់​ទំនើប​កម្ម​យ៉ាងណា ក៏​ដោយ​ត្រូវ​ផ្អែក​លើ​មូលដ្ឋាន​នេះឯង ពង្រឹងកម្លាំង​ជាតិ ដើម្បី​បម្រើ​ប្រទេស​ជាតិ និង​ប្រជាជន ការពារ​ឲ្យ​បានជា​ដាច់ខាត នូវ​សុខ​សន្តិភាព ស្ថេ​រ​ភាព ជូន​ប្រទេស​ជាតិ និង​ប្រជាជន​របស់​យើង​» ។

សម្ដេច​លើក​ឡើង​ថា សុខ​សន្តិភាព គឺ​ត្រូវ​ថែរក្សា​ឲ្យ​បាន​ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ ហើយ​ស្ថេ​រ​ភាព​សង្គម សន្តិសុខ​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ ក៏​ជា​រឿង​ចាំបាច់ ដែល​យើង​ត្រូវ តែ​ធ្វើ ដើម្បី​ធានា​នូវ​បរិស្ថាន ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​ភាព​កក់​កៅ្ត មាន​លទ្ធភាព ប្រកប​របរ​ចិញ្ចឹមជីវិត និង​ចូលរួម​ជា​កម្លាំង​ពលកម្ម របស់​ជាតិ​យើង ។

សម្ដេច​ប្រមុខ​រាជរដ្ឋាភិបាល ថ្លែង​ថា ក្នុង​តួនាទី​របស់​កងទ័ព​របស់​យើង និង​និយាយ ដោយឡែក កងទ័ពជើងគោក ក៏​ត្រូវ​ចូលរួម​កិច្ច​ការងារ​នេះ ហើយ​ក៏​ត្រូវ​បន្ត​កំណែទម្រង់ និង​បង្កើន​សមត្ថ ភាព​កងទ័ព ដើម្បី​ធានា​ប្រសិទ្ធភាព ប្រតិបត្តិការ​បាន​ជោគជ័យ ក្នុង​រយៈពេល​វែង ។

សម្ដេច​ធិ​បតី​ក៏​គូសបញ្ជាក់​ថា ការងារ​ស្នូល​របស់​កងទ័ពជើងគោក ជាមួយ​កម្លាំង​គ្រប់ ប្រភេទ​ទាំងអស់​របស់​ជាតិ បាន​ដើរតួ​នាទី​យ៉ាង​សំខាន់ ក្នុង​ការ​ចូលរួម​ថែរក្សា​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ ។ សម្ដេច​ថា «​កងទ័ព​គឺជា​កម្លាំង​មួយ​ដែល​អាច​ធ្វើ​ឲ្យ​ផ្ទុះ​សង្គ្រាម ឬ​មួយ​ក៏​រក្សា​សន្តិភាព ជា​កម្លាំង​ស្នូល​ធំ​ណាស់​» ។

សម្ដេច​ធិ​បតី លើក​ឡើង​ទៀត​ថា គ្រប់​បណ្ដា​ប្រទេស ដែល​អនុវត្ត​ចលនា​បះបោរ​ផ្សេង​ៗ មិន​ផ្លាស់​ប្ដូរ​តាម​លទ្ធិប្រជាធិបតេយ្យ គឺ​ភាគច្រើន​ប្រើប្រាស់​កងទ័ព ហើយ​ជាក់ស្ដែង​កម្ពុជា ខ្លួន ឯង​ការ​ផ្លាស់​ប្ដូរ​តាម​រយៈ​រដ្ឋប្រហារ​បាន​ធ្វើ​ឲ្យ​យើង​វេទនា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ