ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ហត្ថ​លេខា​​​លើ​កិច្ច​ព្រម​ព្រៀង​​​ស្តីពី​កម្ម​វិធី​​សិទ្ធិ​ដីធ្លី​ជំហាន​ទី១​ក្នុង​ទឹកប្រាក់​៤,៥៥​លានអឺរ៉ូ

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ព្រឹក​ថ្ងៃទី​២៥ ខែ​ឧសភា​ ឆ្នាំ២០១១ នៅទីស្តីការ​​បណ្តោះ​អាសន្ន​​​ក្រសួង​រៀបចំ​ដែនដីនគរូបនីយកម្ម និងសំណង់​​ មាន​​រៀបចំ​ពិធី​ចុះ​ហត្ថ​លេខា​​​លើ​កិច្ច​​ព្រម​ព្រៀង​​​ស្តីពី​កម្ម​វិធី​​សិទ្ធិ​ដីធ្លី​ជំហាន​ទី១ (ខែ​មីនា​ ២០១១-ខែកុម្ភៈ ២០១៣)​ រវាង​​ក្រសួង​​រៀបចំ​​​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ និងភ្នាក់​​​ងារ​​អភិវឌ្ឍន៍ GIZ នៃ​​សាធារណរដ្ឋ​

រាជធានីភ្នំពេញ ៖ ​ព្រឹក​ថ្ងៃទី​២៥ ខែ​ឧសភា​ ឆ្នាំ២០១១ នៅទីស្តីការ​​បណ្តោះ​អាសន្ន​​​ក្រសួង​រៀបចំ​ដែនដីនគរូបនីយកម្ម និងសំណង់​​ មាន​​រៀបចំ​ពិធី​ចុះ​ហត្ថ​លេខា​​​លើ​កិច្ច​​ព្រម​ព្រៀង​​​ស្តីពី​កម្ម​វិធី​​សិទ្ធិ​ដីធ្លី​ជំហាន​ទី១ (ខែ​មីនា​ ២០១១-ខែកុម្ភៈ ២០១៣)​ រវាង​​ក្រសួង​​រៀបចំ​​​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ និងភ្នាក់​​​ងារ​​អភិវឌ្ឍន៍ GIZ នៃ​​សាធារណរដ្ឋ​សហព័ន្ធ​​អាល្លឺ​ម៉ង់ ក្រោម​អធិបតីភាព​​លោក​​ទេសរដ្ឋ​មន្ត្រី​អ៊ឹម ​ឈុន​ឈឹម រដ្ឋមន្ត្រី​​​ក្រសួង​​រៀបចំ​​ដែន​ដី​​នគរូបនីយកម្ម​ និងសំណង់ ។​

ថ្លែង​​ក្នុង​ឱកាស​​នោះ លោក​ប្រាក់​ ហម រដ្ឋលេខាធិការ​​ក្រសួង​​រៀបចំ​​ដែនដី​នគរូបនីយ​កម្ម ​និងសំណង់ បាន​​គូសបញ្ជាក់​​ថា នេះ​ជា​​កិច្ច​ព្រម​ព្រៀង​​អនុវត្ត​ស្តីពី​កម្ម​វិធី​​សិទ្ធិលើ​ដីធ្លី​ជំហាន​​ទី១ មាន​ទំហំទឹក​ប្រាក់​៤,៥៥​លាន​​អឺរ៉ូ​ ជាថវិកា​​ជំនួយ​​​​ សហប្រតិបត្តិការ​​​​សម្រាប់​​​អនុវត្ត​កម្ម​វិធី​វិស័យ​​ដីធ្លី​ ដែល​រួម​មាន​៣​អនុវិស័យ​ គឺ​អនុវិស័យ​​រដ្ឋ​បាល ដីធ្លី អនុវិស័យ​រៀបចំ​ដែនដី និងអនុវិស័យ​​បែង​​ចែក​ដីធ្លី​រយៈពេល​២ឆ្នាំ​ គឺចាប់​​ពីខែ​មីនា ឆ្នាំ​២០១១ ដល់​ខែកុម្ភៈ​ ឆ្នាំ២០១៣ ហើយ​ដែល​រាជ​រដ្ឋា​ភិបាល​​កម្ពុជា​ក៏​បាន​រួម​បដិភាគ​ចំនួន​​​២.៧១០.០០០​អឺរ៉ូ ក្នុង​១ឆ្នាំ​ផងដែរ ជាការ​រួម​ចំណែក​​យ៉ាង​ធំដល់​ការអនុវត្ត​កម្ម​វិធី​វិស័យ​​ដីធ្លី​ នេះ ។ 

រាជ​រដ្ឋា​ភិបាល​​កម្ពុជា​ ជាពិសេស​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​ជា​​ស្ថាប័ន​​​អនុវត្ត​ផ្ទាល់​ជឿជាក់​យ៉ាង​មុតមាំ​ថា ជំនួយ​សហប្រតិបត្តិការ​​នេះ ពិតជា​​ជួយ​ចូល​រួម​ចំណែក​​ដល់​ការ​កាត់​បន្ថយ​​ភាព​ក្រីក្រ​​ និង​លើក​​​កម្ពស់​សិទ្ធិ​ដីធ្លី​របស់​​ប្រជាពលរដ្ឋ​ តាម​រយៈ​​ការ​ទទួលបាន​​​នូវប័ណ្ណ​​​កម្មសិទ្ធិ​ដីធ្លី​ស្រប​​ច្បាប់​​ សុវត្ថិភាព​ កាន់​កាប់​ដី និងការ​ទទួល​បានដី​តាម​រយៈ​សម្បទាន​​ដីសង្គម​កិច្ច និងសូម​សន្យា​ថា នឹង​ប្រើ​ប្រាស់​​​ថវិកា​​ជំនួយ​នេះ​​ឱ្យ​មាន​តម្លាភាព​ និង​ចំ​គោល​ដៅ​ ដើម្បី​​ឈាន​ទៅ​សម្រេច​ទិសដៅ​ដូចដែល​​បាន​គ្រោង និងរំពឹង​ទុក​តាម​​សូចនាករ​ដែល​​បាន​កំណត់​រួមគ្នា​រួចហើយ​នោះ ។

 ក្នុងពិធីនោះដែរ​ លោក​ Heinrich Jurgen Schilling  នាយក​ GIZ ប្រចាំ​ប្រទេស​​កម្ពុជា​​ បាន​សម្តែង​​​នូវការ​ត្រេកអរ និង​សង្ឃឹម​ថា កម្ម​វិធី​​​​កំណែទម្រង់​​ដីធ្លី​របស់​ប្រទេស​​កម្ពុជានឹង​ដំណើរ​​ការទៅមុខ ហើយ​នឹង​មាន​ភាព​ជឿន​លឿន និង​មានភាពរីកចម្រើន​​បន្ថែមទៀត ។ ការងារ​កំណែទម្រង់​ដីធ្លី គឺជាការ​ងារមួយ​ដែល​មាន​ភាព​​ទូលំទូលាយ​ ដែល​ទាមទារនូវ​កិច្ច​សហ​ការ​ពីគ្រប់​ភាគី និង​ការពិភាក្សា​​យ៉ាង​ស៊ីជម្រៅ​​ជា​មួយ​ស្ថាប័ន​​​រដ្ឋ ដែល​ពាក់ព័ន្ធ​​ដទៃទៀត ដើម្បី​​សម្រេច​​នូវ​កម្ម​វិធី​​កំណែទម្រង់​​នេះ​។

លោក​ទេសរដ្ឋមន្ត្រី​​អ៊ឹម ឈុនលឹម រដ្ឋ​មន្ត្រី​​ក្រសួង​​រៀបចំ​ដែនដីនគរូបនីយកម្ម និង​សំណង់​ បាន​ថ្លែង​​ការអរគុណ​ចំពោះ​​ភាគីអាល្លឺម៉ង់​ដែល​បាន​​​​ផ្តល់​​ជំនួយ​ជាច្រើន​ដល់​វិស័យ​​អភិវឌ្ឍន៍​ជន​បទ​ សេដ្ឋ​កិច្ច​​​តំបន់ សុខាភិបាល និងអភិបាល​កិច្ច​ល្អ ។ ភាគី​អាល្លឺម៉ង់​បាន​ផ្តល់​ជំនួយ​​ដល់​វិស័យ​​​​កំណែទម្រង់​ដីធ្លី​នេះ​តាំងពី​ពាក់​កណ្តាល​​​ទសវត្ស​ឆ្នាំ៩០​មក​ម៉្លេះ​ ហើយ​បាន​សហការ​​យ៉ាង​ល្អ​ប្រសើរ​​ជា​មួយ​បណ្តា​ដៃគូ​អភិវឌ្ឍ​ន៍​​អន្តរជាតិ​ឯ​ទៀត​​​​​ មាន​ដូចជា ​ហ្វាំង​ឡង់​ កាណាដា ធនាគារ​​ពិភព​លោក​ និង​សហគមន៍​អឺរ៉ុប​ ដើម្បី​ជួយ​លើក​កម្ពស់​​សិទ្ធិ​​​ដីធ្លី​ប្រទេស​កម្ពុជា ។ កាយ​វិការ​​ប្រកប​ដោយ​​​មនុស្ស​ធម៌​​​​របស់​ដៃគូ​អភិវឌ្ឍន៍​​ទាំងអស់​ ធ្វើ​​ឱ្យរាជ​រដ្ឋា​ភិបាល​កម្ពុជា​មិន​អាច​​បំភ្លេច​​​បានទេ​ និង​សូម​អរគុណ​យ៉ាងជ្រាល​ជ្រៅ​​ចំពោះ​ជំនួយ​គាំទ្រ​ទាំង​នេះ ។

យើង​នៅ​ចាំ​បាន​ថា​ ក្នុង​កាលៈ​ទេសៈ​​ដ៏​លំ​បាក​ ភាគី​អាល្លឺម៉ង់​​តែង​​តែនៅ​ជាប់​​ជាមួយ​យើង​ជានិច្ច​ ហើយ​បាន​ប្រកៀក​ស្មា​​ជា​មួយ​ដៃគូ​អភិវឌ្ឍន៍នានា​​​ជួយ​ដល់​វិស័យ​ដីធ្លី​នៅកម្ពុជា ។ ដើម្បី​​ឱ្យ​សម្រេច​​ទៅ​នឹង​ទំហំ​​​នៃ​ជំនួយ​នេះ ក្រសួង​បេ្តជ្ញា​​ខិតខំ​​ប្រឹង​ប្រែង​​បន្ថែម​ទៀត​​ ដោយ​​សហ​ការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា​ ដើម្បី​​​ធ្វើ​ឱ្យ​វិស័យ​កំណែទម្រង់​​ដីធ្លី​របស់​ប្រទេស​​​កម្ពុជា​​កាន់​តែ​ប្រសើរ​ឡើង ស្របទៅតាម​ទិស​ដៅ​​​ផែន​ការ​​យុទ្ធ​សាស្ត្រ​​​អភិវឌ្ឍន៍​​ជាតិ និងយុទ្ធ​សាស្ត្រ​​ចតុកោណ ដំណាក់កាលទី២របស់រាជរដ្ឋាភិបាលឆ្ពោះទៅ រកការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ​កម្ពុជា ៕