ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្លោះ​រវាង​អ្នកបើកបរ និង​ប៉ូលិស​ស្តុ​ប​ចេ​ន​ឡា ស្នងការដ្ឋាន​ចេញ​មុខ​បកស្រាយ (​វី​ដេ​អូ​)

3 ខែ មុន
  • ភ្នំពេញ

ក្រោយ​ពេល​វី​ដេ​អូ​ឃ្លី​ប​មួយ ត្រូវ​បាន​ផ្សព្វផ្សាយ​យ៉ាង​ផុសផុល​នៅ​លើ​បណ្តាញ​សង្គម ដោយ​ត្រូវ​ម្ចាស់​ឡាន​ជា​ស្ត្រី​មួយ​រូប បាន​ចោទប្រកាន់​ថា «​មន្ត្រី​ប៉ូលិស​ចរាចរណ៍​ស្តុ​ប​ចេ​ន​ឡា ឃាត់​រថយន្ត​ធ្វើ​ឱ្យ​ឆ្កូត​ថ្នាំ​រថយន្ត​របស់​គាត់​» នោះ​… ទីបំផុត

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពេល​វី​ដេ​អូ​ឃ្លី​ប​មួយ ត្រូវ​បាន​ផ្សព្វផ្សាយ​យ៉ាង​ផុសផុល​នៅ​លើ​បណ្តាញ​សង្គម ដោយ​ត្រូវ​ម្ចាស់​ឡាន​ជា​ស្ត្រី​មួយ​រូប បាន​ចោទប្រកាន់​ថា «​មន្ត្រី​ប៉ូលិស​ចរាចរណ៍​ស្តុ​ប​ចេ​ន​ឡា ឃាត់​រថយន្ត​ធ្វើ​ឱ្យ​ឆ្កូត​ថ្នាំ​រថយន្ត​របស់​គាត់​» នោះ​… ទីបំផុត ត្រូវ​បាន​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចេញ​មុខ​បកស្រាយ​ហើយ​។

នៅ​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២៤ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បំភ្លឺ​ថា ៖ «​បន្ទាប់​ពី​បានឃើញ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ផុស​នៅ​លើ​បណ្តាញ​សង្គម និង TikTok ជុំវិញ​ការ​បង្ហោះ​វី​ដេ​អូ​របស់​ស្ត្រី​ម្នាក់ ទាក់ទង​មន្ត្រី​នគរបាល​ចរាចរណ៍​ឈរជើង​នៅ​តាម​គោលដៅ​ស្តុ​ប​ចេ​ន​ឡា ឃាត់​រថយន្ត​ធ្វើ​ឱ្យ​ឆ្កូត​ថ្នាំ​រថយន្ត​នោះ លោក​ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឱ្យ​លោក​វរសេនីយ៍ឯក ដេ ម៉ៅ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ធ្វើការ​ស្រាវជ្រាវ​។ ហើយ​នៅ​រសៀល​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២៤ ក៏​បាន​កោះហៅ​មន្ត្រី​នគរបាល​ចរាចរណ៍​ចំនួន​៣​នាក់ និង​ម្ចាស់​រថយន្ត​ឱ្យ​ចូលខ្លួន​មក​បំភ្លឺ​ផង​ដែរ ជុំវិញ​បញ្ហា​ការ​បង្ហោះ​វី​ដេ​អូ​នោះ​»​។

ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​អះអាង​បែប​នេះ​ថា «​កាលពី​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២៤ មាន​ស្ត្រី​ម្នាក់​បើកបរ​រថយន្ត​(​អូ​ឌី​) ពណ៌​ស តាម​ផ្លូវ​មហាវិថី​ម៉ៅ​សេ​ទុង គោលបំណង​មក​ម្តុំ​បឹង​សាឡា​ង លុះដល់​ស្តុ​ប​ចេ​ន​ឡា ផ្សារ​ដើម​គរ ខណ្ឌទួលគោក ក៏​បើកបរ​ល្មើស​ភ្លើង​សញ្ញា​ចរាចរណ៍ (​លោ​.​ត​សញ្ញា​ពណ៌​លឿង​ហើយ រថយន្ត​នោះ​មិន​ទាន់​ជាន់​នៅ​លើ​គំនូស​សញ្ញា​សម្រាប់​ថ្មើរជើង​ឆ្លងកាត់​) ហើយ​គាត់​បន្តដំណើរ​ទៅ​មុខ​ទៀត​។ ទើប​សមត្ថកិច្ច​នៅ​គោល​ដៅ​នៅ​ទីនោះ ធ្វើការ​ឃាត់​រថយន្ត​របស់​គាត់ ក្នុង​គោលបំណង​ដើម្បី​សួរនាំ ប៉ុន្តែ​ម្ចាស់​រថយន្ត​មិន​ព្រម​ឈប់​ទៅ​តាម​មន្ត្រី​ចរាចរណ៍​បញ្ជា​ប្រាប់​នោះ​ទេ គឺ​ម្ចាស់​រថយន្ត​ព្យាយាម​បើក​គេច​ចេញពី​កន្លែង​សមត្ថ​កិច្ច​អនុវត្ត​ច្បាប់ ទើប​ធ្វើ​ឱ្យ​សមត្ថកិច្ច​ម្នាក់​គេច​ចេញពី​រថយន្ត ហើយ​ប៉ះ​ទៅ​នឹង​វិទ្យុទាក់ទង​(ID) កាន់​នៅ​ដៃ​របស់​មន្ត្រី​ម្នាក់​នោះ បណ្តាល​ឱ្យ​ឆ្កូត​ថ្នាំ​រថយន្ត​ដោយ​អ​ចេតនា​»​។

ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បកស្រាយ​បន្ថែម​​ថា «​ក្រោយ​ពី​សួរនាំ​រួច ម្ចាស់​រថយន្ត​ក៏​បាន​ប្រាប់​សមត្ថកិច្ច​ថា ដោយសារ​គាត់​ខឹង​ពេក មាន​អារម្មណ៍​ឆេវឆាវ ព្រោះតែ​ឃើញ​រថយន្ត​ឆ្កូត​ថ្នាំ ទើប​និយាយ​ជ្រុលជ្រួស​ប៉ះពាល់​ដល់​សមត្ថកិច្ច និង​ធ្វើការ​បកស្រាយ​កែសម្រួល​ពាក្យ​សម្ដី​គាត់​ឡើង​វិញ​»​។

ដោយឡែក មន្ត្រី​នគរបាល​ចរាចរណ៍​ទាំង​៣​នាក់ ដែល​ឃាត់​រថយន្ត បណ្តាល​ឱ្យ​ប៉ះពាល់​រថយន្ត​ប្រជាពលរដ្ឋ​នោះ បច្ចុប្បន្ន​កំពុង​តែ​សុំ​គោលការណ៍​របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ពិនិត្យ​សម្រេច​។

យ៉ាងណា​ក៏​ដោយ ក្រោយ​ពី​ការ​បំភ្លឺ​របស់​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ជុំវិញ​រឿងរ៉ាវ​ខាងលើ​នេះ មហាជន​ជា​ច្រើន​បញ្ចេញមតិ​ថា «​បកស្រាយ​លើក​ណា​មន្ត្រី​ត្រូវ​រហូត រាល់​ការ​បំភ្លឺ​មិន​ដែល​ចេះ​ខុស​»​។ ហើយ​ខ្លះ​លើក​ឡើង​ថា «​បកស្រាយ​បាន​ល្អ តែបើ​កាន់តែ​ល្អ សូម​បង្ហាញ​ភស្តុ​តាង​ពី​វី​ដេ​អូ​កាមេរ៉ា​សុវត្ថិភាព​កំឡុង​ពេល​កើតរឿង​ផង​»​។

ដោយ​សង្កេត​ឃើញ​ថា បញ្ហា​ដែល​កើត​ចេញពី​ភ្លើង​បៃតង ភ្លើង​លឿង ភ្លើង​ក្រហម កើតឡើង​ដដែល​ជា​ដដែល គ្មាន​ដំណោះស្រាយ​នោះ មហាជន​ទូទៅ​ស្នើ​យោបល់​ថា «​ស្នើ​សុំ​ឱ្យ​ខាង​ក្រសួង​ពិនិត្យ​មើល​ស្ដុ​ប​ឡើង​វិញ​ផង​។ កន្លែង​ខ្លះ លោ​.​ត​លឿង​មក​ភ្លាម​ៗ ចង់​ឈប់ ក៏​ឈប់​មិន​ទាន់​ដែរ ព្រោះ​អាច​មាន​គេ​បុ​.​ក​ពីក្រោយ​។ ឆ្នាំ​២០២៤​ហើយ បើ​អាច​សូម​ដាក់​ស្ដុ​ប​ដែល​មាន​លេខ​លោ​.​ត​ទាំងអស់ គឺ​ងាយស្រួល​មើល​»​។

ចំណែក​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​កមួយ ក៏​បាន​លើក​ឡើង​ដែរ​ថា «​បើ​ដាក់​ភ្លើង​ចរាចរណ៍​លោ​.​ត​ជា​វិនាទី​ដូច​មុន ខ្ញុំ​គិត​ថា ប្រហែល​កាត់​បន្ថយ​បទល្មើស​ភ្លើងស្តុប​បាន​ច្រើន ។ សម្រាប់​ខ្ញុំ​ជា​អ្នកបើកបរ​ម្នាក់​ដែរ ជា​បទ​ពិសោធ ខ្ញុំ​ខ្លាច​បំផុត​ពេល​ឆ្លង​ទីតាំង​ភ្លើងស្តុប បើ​ពេល​ទៅ​ជាប់​ក្រហម​តែ​ម្ដង មិនជា​អ្វី​នោះ​ទេ តែបើ​ជា​ភ្លើង​ខៀវ ពេល​ខ្លះ​លោ​.​ត​ភ្លើង​លឿង​លឿន​ពេក ពេល​ដែល​រថយន្ត​នៅ​ក្នុង​ជំហរ​ល្បឿន​ផង ហើយ​កៀក​នឹង​គំនូស​ថ្មើរជើង​ឆ្លងកាត់​ផង តើ​គួរ​បន្ថយល្បឿន ឬ​ឈប់​ដោយ​របៀប​ណា ដើម្បី​រក្សា​សុវត្ថិភាព​សម្រាប់​ខ្លួនឯង និង​អ្នកបើកបរ​ដទៃ​ដែល​បើក​ពីក្រោយ?​»​។

ហ្វេ​ស​ប៊ុ​ក​ខាងលើ ក៏​បាន​លើក​ឡើង​បន្ត​ថា «​ដូច្នេះ ខ្ញុំ​គិត​ថា អស់លោក​ជា​មន្ត្រី​ចរាចរណ៍​ដែល​ឈរ​ជើង​តាម​គោលដៅ​នីមួយ​ៗ​គួរ​យោគយល់ និង​អនុគ្រោះ​ខ្លះ​ផង តែ​អស់លោក​មួយ​ចំនួន​អត់​ទេ គឺ​ឆ្លៀត​ប្រឹង​ស្វែងរក​កំហុស ដើម្បី​ផាកពិន័យ​សឹងតែ​ក្លាយជា​មុខរបរ​ទៅ​ហើយ​។ បើ​ចង់ឱ្យ​ស្រួល​ទាំងអស់​គ្នា និង​ចង់ឱ្យ​ការ​គោរព​ច្បាប់ និង​អនុវត្តន៍​ច្បាប់​មាន​សមភាព គួរ​ដាក់​ជា​វិនាទី​វិញ​មក ស្រួល​អ្នកបើកបរ​គេ​ស្មាន​ល្បឿន ដើម្បី​ឈប់​ស្រួល និង​ត្រឹមត្រូវ និង​ចៀសវាង​ការ​ប្រកែក​គ្នា​បែប​នេះ​។ និយាយ​ឱ្យ​ត្រង់ បើ​ភ្លើងស្តុប​ដាច់​វិញ ខ្ញុំ​កម្រ​ឃើញ​មាន​មន្ត្រី​ចរាចរណ៍​ណា​មក​សម្រួលការ​កកស្ទះ​ណាស់ លើកលែងតែ​មាន​ក្បួន​ថ្នាក់ដឹកនាំ ឬ​គណៈប្រតិភូ​ឆ្លងកាត់ ។ មន្ត្រី​គួរ​ធ្វើ​ជា​គំរូ​ឱ្យ​ពលរដ្ឋ​គោរព ។ តែ​កន្លង​មក ខ្ញុំ​មើលឃើញ​ថា មន្ត្រី​ចរាចរណ៍​១០០​នាក់ ពលរដ្ឋ​រិះគន់​៩០​នាក់​ទៅ​ហើយ​»​។

អត្ថបទ​ដោយ ៖ អោម ចែត​ច័ន្ទ​ណា​រ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ